លោក​ Kerry៖ កិច្ចចរចា​ស៊ីរី​នឹង​បន្ត​ដូច​ការ​គ្រោង​ទុក

លោក​ Kerry៖ កិច្ចចរចា​ស៊ីរី​នឹង​បន្ត​ដូច​ការ​គ្រោង​ទុក

លោក Walid al-Moualem រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​ស៊ីរី​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ដាម៉ាស ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦។

អ្នក​ការ​ទូត​កំពូល​ស.រ.អា.​បាន​និយាយ​ថា កិច្ចចរចា​សន្តិភាព​សម្រាប់​ប្រទេស​ស៊ីរី​ដែល​ផ្តួចផ្តើម​ដោយ​អ.ស.ប.​គួរ​ប្រព្រឹត្ត​ទៅ​តាម​ការ​កំណត់ទុក​នៅ​ថ្ងៃ​ច័ន្ទ ទោះ​ណា​ជាមាន​អ្វី​ដែល​លោក​ហៅ​ថា «ការ​ដឹង​ថា​មាន​ការ​រំលោភ​លើ​កិច្ច​ឈប់​បាញ់​គ្នា» ដោយ​រដ្ឋាភិបាល​ស៊ីរី​ក៏​ដោយ។​

លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា. John Kerry បាន​មាន​ប្រសាសន៍​ថា​ អ្នក​ឃ្លាំ​មើល​រុស្ស៊ី ​និង​អាមេរិកាំង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ក្រុង​ហ្សឺណែវ និង​ក្រុង​អាម៉ាន់ (Amman) កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​ពិគ្រោះ​គ្នា​ថា​តើ​ត្រូវ​ធ្វើ​បែបណា​ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ស៊ីរី។

លោក Kerry បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ថា​ «តាម​ការ​រៀបរាប់​ទាំង​អស់​ កម្រិត​នៃ​អំពើ​ហិង្សា​បាន​ត្រូវ​កាត់​បន្ថយ​ពី​៨០​ទៅ​៩០​ភាគរយ​ដែល​ជា​ការ​កាត់បន្ថយ​ច្រើន​ក្រាស់ក្រែល»។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោក Walid Muallem រដ្ឋ​មន្ត្រី​ការបរទេស​ស៊ីរី​បាននិយាយ​ថា រដ្ឋាភិបាល​ស៊ីរី​នៅ​តែ​ប្តេជ្ញា​គោរព​តាម​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា ​ក៏​ប៉ុន្តែ​គណៈប្រតិភូ​របស់​ខ្លួន​សម្រាប់​កិច្ចចរចា​សន្តិភាព​នឹង​ត្រូវ​រង់ចាំ​២៤​ម៉ោង​សម្រាប់​ឱ្យ​គណៈប្រតិភូ​ក្រុម​ប្រឆាំង​ធ្វើ​ដំណើរ​ទៅ​កាន់​កិច្ចចរចា​នោះ។ លោក Muallem បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង​ដាម៉ាស​ថា ក្រុម​អ្នក​ការ​ទូត​នឹង​ចាកចេញ​ដំណើរ​ទៅ​កាន់​ក្រុង​ហ្សឺណែវ​នៅ​ថ្ងៃ​អាទិត្យ​នេះ។

មន្ត្រី​មា្នក់​នៃ​ក្រុម​ប្រឆាំង​ស៊ីរី​បាន​និយាយ​ថា​ រដ្ឋ​មន្ត្រី​ការ​បរទេស​រូប​នេះ​បាន «បញ្ឈប់​កិច្ចចរចា​នៅ​ក្នុង​ក្រុង​ហ្សឺណែវ​នៅ​មុន​កិច្ច​ចរចា​នេះ​ចាប់ផ្តើម​ធ្វើ»៕