ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​វៀតណាម​​គាំទ្រ​គណបក្ស​សាធារណរដ្ឋ៖ «យើង​នឹង​មិន​បោះឆ្នោត​ទេ ប្រសិន​បើ​លោក​ Trumpទទួល​បាន​ការតែងតាំង»

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​វៀតណាម​​គាំទ្រ​គណបក្ស​សាធារណរដ្ឋ៖ «យើង​នឹង​មិន​បោះឆ្នោត​ទេ ប្រសិន​បើ​លោក​ Trumpទទួល​បាន​ការតែងតាំង»

ពលរដ្ឋ​វៀតណាម​អាមេរិកាំង​​​និយាយ​ថា ជ័យជម្នះ របស់​មហាសេដ្ឋី​អចលនទ្រព្យ លោក Donald Trump (ខាងលើ) មិន​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​រូបភាព​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​នោះ​ទេ។

រដ្ឋ​ California គឺ​ជា​ជម្រក​សហគមន៍​វៀតណាម​ដ៏​ធំ​បំផុត​នៅ​ក្រៅ​ប្រទេស​វៀតណាម ហើយ​ពលរដ្ឋ​វៀតណាម​ជាច្រើន ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ក្នុង​រដ្ឋ​នេះ មាន​លក្ខណៈ​សកម្ម​ខាង​បញ្ហា​នយោបាយ។

នាង Elizabeth Lee អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ​VOA បាន​រាយការណ៍​ពី​សង្កាត់ Orange នៃ​រដ្ឋ​ California ​មក​ថា ពលរដ្ឋ​វៀតណាម​អាមេរិកាំង​ទាំងនេះ​និយាយ​ថា ជ័យជម្នះ របស់​មហាសេដ្ឋី​អចលនទ្រព្យ លោក Donald Trump មិន​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​រូបភាព​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​នោះ​ទេ។

លោក Le Khac Ly គឺ​ជា​អតីត​វរសេនីយ៍ឯក​ម្នាក់​នៅ​ក្នុង​ជួរ​កងទ័ព​វៀតណាម​ខាងត្បូង ដែល​បាន​ភៀសខ្លួន​មក​សហរដ្ឋ​អាមេរិក​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក។ ជា​អ្នក​ដែល​តែងតែ​គាំទ្រ​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​តាំង​ពី​ដើម​មក​ចំពោះ​ការ​បោះឆ្នោត​ម្តងៗ​ លោក Le បាន​ថ្លែង​ថា លោក​ធ្លាប់​តែ​មើល​ឃើញ​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ​ថា​ ជា​គណបក្ស​ប្រឆាំង​កុម្មុយនិស្ត ដោយសារ​តែ​គោល​នយោបាយ​ការបរទេស​របស់​គណបក្ស​នេះ។

លោក Le បន្តថា ពលរដ្ឋ​វៀតណាម​អាមេរិកាំង​ជំនាន់​មុន តែង​តែ​បោះឆ្នោត​ឲ្យ​គណបក្ស​សាធារណរដ្ឋ ប៉ុន្តែ​លោក​ថា ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​នេះ​ខុសពី​មុន។

លោក Le ថ្លែង​ថា ប្រសិន​បើ​ លោក Donald Trump ក្លាយ​ជា​ប្រធានាធិបតី​មែន អ្វី​ដំបូងបំផុត ដែល​លោក​មើល​ឃើញ​គឺ​ថា សហរដ្ឋ​អាមេរិក​មិន​ត្រឹម​តែ​បាត់បង់​មិត្តភក្ដិ​ជាច្រើន​ក្នុង​ពិភពលោក​ទេ តែ​ថែម​ទាំងនឹង​មាន​សត្រូវ​កាន់​តែ​ច្រើន​ថែម​ទៀត​ផង។

​Hugh Tra គឺ​ជា​អ្នកជំនាន់​ក្រោយ​ដែល​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ។ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​វៀតណាម​រូប​នេះ ថ្លែង​ថា ទោះបីជា​សហគមន៍​វៀតណាមមាន​និន្នាការ​ទៅ​រក​គណបក្ស​ណា​ក៏​ដោយ ក៏​ពួកគេ​មិន​អាច​ទទួល​យក​បាន​នូវ​វោហាសាស្ត្រ​របស់​លោក​ Trump អំពី​បញ្ហា​អន្តោប្រវេសន៍​នោះ​ទេ។

លោក Trump ធ្លាប់​ថ្លែង​ថា លោក​នឹង​កសាង​កំផែង​ព្រំដែន​ដ៏​ខ្ពស់​នៅ​តាម​ព្រំដែន​ប៉ែក​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​ជាប់​ព្រំដែន​ប្រទេស​ម៉ិកស៊ិក ហើយ​នឹង​ឲ្យ​ប្រទេស​ម៉ិកស៊ិក ចេញ​ថ្លៃ​សាងសង់​កំផែង​នោះ​ផង​ដែរ៕