ម៉ូតូ​​​បុកម៉ូតូ​ បណ្តាល​ឱ្យ​​មន្ត្រី​​នគរបាល​ម្នាក់​​​​របួសបាក់​ជើង​​

​រាជ​ធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​នៃ​ក្រសួងមហាផ្ទៃ​​ម្នាក់​រង​របួស​​ធ្ងន់​​បាក់ជើង​ទាំង​​ពីរ​ ខណៈ​​ដែល​​​បើក​ម៉ូតូ​ឆ្លងផ្លូវ​ចូល​ទៅ​ក្នុង​ក្រសួងមហាផ្ទៃ​​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​​​​បុក​​ពេញ​​ទំហឹង​​ ​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ​មីនា ​នៅ​​​ចំណុច​​មុខក្រសួង​មហាផ្ទៃ មហាវិថី​ព្រះ​នរោត្តម ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ​។

បុរស​រង​គ្រោះ​​ឈ្មោះ លី សំអាត អាយុ៥១​ឆ្នាំ ជា​មន្ត្រី​នគរបាល​​​ មាន​ទីលំនៅ​​​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ​​​​។ ​មុន​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ​ពណ៌​ខ្មៅលាយ​ក្រហម ​មួយ​គ្រឿង ​តែ​ម្នាក់ឯង ​​​​ឆ្លងផ្លូវ​ចូល​ទៅ​​​ក្នុង​ក្រសួងមហាផ្ទៃ ​​ត្រូវ​​ម៉ូតូ​ម៉ាក​ហុងដា ធុន​​សេ​១២៥​ ព​ណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ​មួយ​គ្រឿង​ បើកបរ​ដោយ​បុរស​ម្នាក់​​​ក្នុង​ល្បឿន​​លឿន​​​បញ្ច្រាសទិស​គ្នា​បុក​​​ពេញទំហឹង​បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​​តែ​ម្តង ​ចំណែក​ម៉ូតូ​ខូចខាត​យ៉ាងដំណំ​ទាំង២​គ្រឿង​ផង​ដែរ​ ។

ក្រោយ​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​មណ្ឌល​សុខភាព​ចាក់​អង្រែ​​​ដឹក​យក​ទៅ​​​សង្គ្រោះ ។ ចំណែក​ម៉ូតូ​ទាំង​២គ្រឿង​ ក្រោយ​ពី​​​សមត្ថកិច្ច​វាស់​វែង​រួច​ ​​នាំ​យក​​​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​​នគរ​បាល​​ខណ្ឌ​ចំការ​មន​ ដើម្បី​រង់ចាំ​​ដោះស្រាយ​​ជា​ក្រោយ ៕