ពិបាកចិត្ត​មុខរបរ​រត់​រទេះសេះ​រក​លុយ​លែង​បានចង.ក​សម្លាប់​ខ្លួន

​ខេត្ត​ព្រៃវែង ៖ បុរស​អ្នក​រត់​រទេះសេះ​ម្នាក់​​​​ធ្វើ​អត្តឃាត​ដោយ​​យក​ពោះវៀន​កង់រទេះ​សេះ​ចង.កភ្ជាប់ទៅ​នឹង​​​រនង​ផ្ទះ​​ដើម្បី​បញ្ចប់​ជីវិត​​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ថ្ងៃ​ទី​១១ ​មី​នា នៅ​ក្នុងផ្ទះ​​ជន​រង​គ្រោះ​ ​ស្ថិត​នៅ​ក្នុងភូមិ​ខ្សុំ​ជើង ​ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ។

​អ្នក​ភូមិដែល​រស់នៅ​ជិតខាង​ផ្ទះ​ជន​រង​គ្រោះ បាន​និយាយ​ថា​ បុរស​គិត​ខ្លី​​រូប​នេះ​ ឈ្មោះ ជុំ ចិត្ត ​អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​​ភូមិ​​ឃុំ​​ខាង​លើ​ មួយ​រយៈពេល​ចុង​ក្រោយនេះ​ មុន​ពេល​ដែល​ជន​រង​គ្រោះ​ចង.ក​សម្លាប់​ខ្លួន ​ជន​រង​គ្រោះ​តែង​តែ​ត្អូញត្អែ​រថា​ពិបាកចិត្ត​ខ្លាំ​ណាស់ មុខរបរ​រត់​រទេះសេះ​រក​លុយ​លែង​បាន ​​​ក្នុងផ្ទះ​គ្មាន​លុយ​​ទាល់តែ​សោះ បើ​​មាន​អ្នក​ណា​ម្នាក់​​ឈឺនោះ មិនដឹង​បាន​លុយ​ពី​ណា​​​ព្យាបាល​ទេ ។

​ស្ត្រី​ប្រពន្ធ​ជន​រង​គ្រោះ បាន​និយាយ​ថា កាលពី​យប់ ​ប្តី​របស់​គាត់ ​​ពុំ​មាន​អាកប្បកិរិយា​ណា​ខុស​ប្លែក​គួរឱ្យ​​កត់​សម្គាល់​​ទេ ​​និយាយ​ជាមួយ​ប្រពន្ធ​កូន​ធម្មតា​​ ​លុះដល់​ម៉ោង​ជិត​១១​យប់ ពេល​ដែល​រូប​គាត់​ចុះ​មក​ដាក់​ស្មៅ​ឱ្យ​​សេះ​ស៊ី​ ស្រាប់តែ​ឃើញ​ប្តី​របស់​គាត់​ចង​.​ក​នៅ​ក្រោមផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ទើប​មានការ​ផ្អើល​ឆោឡោ​ឡើង​តែ​ម្តង​ ។

​ក្រោយ​កើតហេតុ ​មន្ត្រី​សមត្ថកិច្ច​​​​ចុះ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព ​បាន​ឱ្យ​ដឹង​​​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​តែ​ចង.ក​ធ្វើ​អត្តឃាត​ខ្លួនឯង​​ប្រាកដ​មែន ​រួច​ក៏​​​ប្រគល់​​​ទៅ​ឱ្យ​​ក្រុម​គ្រួសាររៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​​ ៕