សិល្បៈ​និងវប្ប​​​ធម៌ &raquo ជ្រុង​មួយ​នៃ​សាសនា

ខេត្តសៀមរាប ៖ ក្រុម​មន្ត្រី​អាជ្ញា​បាន​អះអាង​ថា​ក្រុមហ៊ុន​វិនិយោគ​កំពុង​ផែ​តំបន់​រមណីយដ្ឋាន​មាត់បឹង​ទន្លេសាប​ចុង​ឃ្នៀស ស៊ូ​ជី​ង កំពុង​តែ​ផ្គើន​ទៅ​នឹង​សេចក្តីណែនាំ​របស់​ខ្លួន​ជុំវិញ​ការ​បង្គាប់បញ្ជា​ឲ្យ​មានការ​រៀបចំ​ឲ្យ​បាន​ប្រសើ​ឡើង​វិញ​នូវ​កន្លែង​តម្កល់​ព្រះ​ពុទ្ធរូប​ថ្ម​មួយ​អង្គ ដែល​ក្រុមហ៊ុន​នេះ​បាន​ដាក់​នៅ​លើ​ចិញ្ចើម​ផ្លូវ និង​បែរ​ព្រះ​ភ​ក្រ័​ទៅ​ទិស​ខាងលិច ហើយ​បង្ក​ឲ្យ​មាន​រលក​នៃ​ការ​រិះគន់​ខ្លាំង​ពី​មហាជន អំពី​ការ​រំលោភ​បំពាន​ទៅ​លើ​វិស័យ​ព្រះពុទ្ធ​សាសនា ។

ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា លោក វណ្ណ ប៊ុ​ន​ណា បាន​អះអាង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៣ ខែមីនា​នេះ​ថា ពេលវេលា​បាន​កន្លង​ផុត​ទៅ​ជិត​មួយ​ឆ្នាំ​ហើយ គិត​ចាប់ពី​តំណាង​ក្រុមហ៊ុន​ស៊ូ​ជី​ង បាន​សន្យា​ថា​នឹង​ធ្វើការ​កែសម្រួល ឬ​រុះរើ​ព្រះ​ពុទ្ធរូប​ថ្ម​មួយ​អង្គ​ដែល​ខ្លួន​បាន​ដាក់​នៅ​កន្លែង​មិន​សមរម្យ ក៏​ប៉ុន្តែ​រហូត​ដល់​ពេល​នេះ នៅ​តែ​មិន​មានការ​ប្រែប្រួល​អ្វី​សូ​ម្បី​តែ​បន្តិច​។ លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា ចំពោះ​ករណី​នេះ​ខាង​មន្ទីរ មិន​បញ្ចប់​ត្រឹមហ្នឹង​ទេ ហើយ​យើង​នឹង​ចាត់តាំង​ឲ្យ​មន្ត្រី​ក្រោម​ឳ​វាទ​មន្ទីរ​រួម​ទាំង​មន្ត្រី​សង្ឃ​និមន្ត​ទៅ​កាន់​ក្រុមហ៊ុន​តែ​ម្តងទៀត​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​ស្វះស្វែង​ឲ្យ​មានការ​អនុវត្ត​ន៏​តាម​អ្វី​ដែល​តំណាង​ក្រុមហ៊ុន​បាន​សន្យា​កាលពី​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៥​កន្លង​ទៅ ។

គួរ​ម្លឹ​កថា កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៥ កន្លង​ទៅ​តំណាង​ក្រុមហ៊ុន​ស៊ូ​ជី​ង លោក រឿង វុ​ទ្ធី ដែល​មានការ​អះអាង​ថា​ជា​ឪពុកក្មេក​របស់​លោក វ៉ា ឈូ​ដា អគ្គនាយក​ក្រុមហ៊ុន​ស៊ូ​ជី​ង និង​ជាទី​ប្រឹក្សា​សម្តេច​សង្ឃនាយក​មួយ​រូប​បាន​ថ្លែង​នូវ​ចំពោះ​មន្ត្រី​សង្ឃ រួម​ទាំង​មន្ត្រី​ពាក់​ព​ន្ធ័​នឹង​កិច្ចការ​សាសនា​ថា​លោក​មានការ​សោកស្តាយ​ចំពោះ​ការ​ដាក់​តាំង​ព្រះពុទ្ធ​ដែល​បង្កើត​ឲ្យ​មានការ​ខឹងសម្បា​ពី​មហាជន ហើយ​លោក​បាន​សន្យា​ថា​នឹង​ធ្វើការ​រៀបចំ​កន្លែង​តម្កល់​ព្រះ​ពុទ្ធរូប​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ​នៅ​ពេល​ឆាប់​បំផុត​។

ក៏​ប៉ុន្តែ​ការ​សន្យា​របស់​តំណាង​ក្រុមហ៊ុន​ខាងលើ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​សន្យា​ខ្យល់ ខណៈ​ពេលវេលា​បាន​កន្លង​ផុត​ជិត​មួយ​ឆ្នាំ​ហើយ នៅ​តែ​មិន​មានការ​កែប្រែ​ប្រួល​ទាល់តែ​សោះ ។ ទោះជា​យ៉ាងនេះ​ក្តី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​គេ​មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​លោក​រឿង វុ​ទ្ធី តំណាង​ក្រុមហ៊ុន​ស៊ូ​ជី​ង បាន​ទេ​ដោយ​រាល់ពេល​ទូរ​សព្ទ័​ម្តង​ៗ​លោក​តែងតែ​ត្អូញត្អែ​ថា​ឈឺ ឬ​ជាប់រវល់​ប្រជុំ ដូច្នេះ​គេ​មិនដឹង​ថា​ការ​សន្យា​របស់​គាត់​ជុំវិញ​ការ​រៀបចំ​កន្លែង​តម្កល់​ព្រះ​ពុទ្ធរូប​ដែល​បង្កើត​បានជា​ភាព​ចម្រូងចម្រាស​ខាងលើ​នឹង​ត្រូវ​ពន្យារ​ហូត​ដល់​ពេល​ណា​នោះ​ទេ?

ចំ​ណែ​កលោក​អភិបាលខេត្ត​សៀមរាប​លោក ឃឹម ប៊ុ​ន​សុង បាន​មាន​ប្រសា​ស​ន៏​នៅ​វេលា​ថ្ងៃត្រង​ទី​១៣ ខែ​មិ​នា ដដែល​ថា ករណី​នេះ​លោក​បាន​ណែនាំ​ឲ្យ​ក្រុម​មន្ត្រី​ពាក់​ព​ន្ធ័​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ម្តងទៀត ដើម្បី​រក​ទីតាំង​សមរម្យ​មួយ សម្រាប់​រៀបចំ​តម្កល់​ព្រះ​ពុទ្ធរូប​ឡើង​វិញ មិន​អាច​បន្ត​ទុក​ស្ថាន​ការ​ណ៏​បែប​ហ្នឹង​ទៀត​ទេ​។ សូម​បញ្ចា​ក់ថា កាលពីដើម​ខែឧសភា ឆ្នាំ​២០១៥ កន្លង​ទៅ​មានការ​រិះគន់​ខ្លាំង​ៗ​ពី​ក្រុម​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក ក៏​ដូច​ជា​មហាជន​ទូទៅ ទៅ​លើ​ក្រុមហ៊ុន​ប្រមូល​ចំណូល​ពី​ភ្ញៀវ​ទេសចរ​ណ៏​ចូល​ទៅ​ទស្សនា​រមណីយដ្ឋាន​បឹង​ទន្លេសាប​ខាងលើ ជុំវិញ​ការ​នាំ​យក​ព្រះ​ពុទ្ធរូប​មួយ​អង្គ​មាន​ទំហំ​ធំ​បង្គួរ សាង​ឡើង​ពី​ថ្មភក់ ទៅ​ដាក់​នៅ​លើ​ចិញ្ចើមថ្នល់​បែរ​ព្រះ​ភ​ក្ត័​ទៅ​ទិស​ខាងលិច ហាលភ្លៀង ហាល​ក្តៅ ស្ថិត​នៅ​មាត់ច្រក​ចេញចូល​កំពុង​ផែ​របស់​ខ្លួន នា​សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប​។

ការ​ដាក់​តាំង​រូបសំណាក់​ព្រះ​ពុទ្ធរូប​នៅ​កន្លែង​ស្មោ​គ​រោគ​បែប​ហ្នឹង​ត្រូវ​បាន​គេ​គិត​ថា ជា​ការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​វិស័យ​ព្រះពុទ្ធ​សាសនា និង​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់​ព​ន្ធ័​មាន​ចំណាត់ការ​ទៅ​លើ​ក្រុមហ៊ុន​ហ្នឹង​ជា​បន្ទាន់​។​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ខាង​មន្ទីរ​ជំនាញ​បាន​ដឹកនាំ​មន្ត្រី​សង្ឃ​ចុះ​ទៅ​ពិនិត្យ​កន្លែង​ដែល​ក្រុមហ៊ុន​ស៊ូ​ជី​ង ដាក់​ព្រះ​ពុទ្ធរូប​នោះ និង​បាន​រក​ឃើញ​កំហុសឆ្គង​ដូច​អ្វី​ដែល​គេ​រិះគន់​យ៉ាង​ដូច្នេះ​មែន  ហើយ​បាន​ធ្វើការ​ណែនាំ​ឲ្យ​ក្រុមហ៊ុន​នោះ​រៀបចំ​កន្លែង​តម្កល់​ព្រះ​ពុទ្ធរូប​ឲ្យ​បាន​សមរម្យ​ឡើង​វិញ​៕