ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ និរន្តរភាព​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​អាស៊ាន គឺ​ពឹងផ្អែក​ទៅ​លើ​ការ​ពង្រឹង​ភាព​ជា​ដៃគូ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​ទេសាភិបាល​ធនាគារកណ្តាល លោកស្រី Tan Sri Zeti Akhtar Aziz ។

លោកស្រី Tan Sri Zeti Akhtar Aziz ថ្លែង​ថា ៖ « ការ​ពង្រឹង​ភាព​ជា​ដៃគូ​ប្រកបដោយ​និរន្តរភាព​សម្រាប់​អនាគត​អាស៊ាន អាជ្ញាធរ​និង​និយតករ​នៅ​តំបន់​អាស៊ាន ដែល​បាន​ឈាន​ជើង​ចូល​ក្នុង​ការ​សហការ​ភាព​ជា​ដៃគូ​ពហុភាគី​នេះ ក្នុង​គោលបំណង​សម្រេច​តាម​គោលដៅ​នា​ពេល​អនាគត » ។

« ការ​ពង្រឹង​ភាព​ជា​ដៃគូ ក៏​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​វិស័យ​ឯកជន​ផង​ដែរ ដែល​ជា​ការ​ផ្តល់ កាលានុវត្តភាព​ដ៏​ធំធេង​ក្នុង​ការ​ធ្វើ​ស​ភាវូបនីយកម្ម​សហគមន៍ » ។ នេះ​បើ​តាម​លោកស្រី Tan Sri Zeti Akhtar Aziz បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភពលោក​នៅ​សកល​វិទ្យាល័យ Wharton រដ្ឋ Pennsylvania ស្តី​ពី​វេទិកា​សកល​គូ​ឡា​ឡាំ​ពួ ឆ្នាំ​២០១៦ ។
លោកស្រី​បញ្ជាក់​ថា ៖ « គ្មាន​ប្រទេស​ណាមួយ​ដែល​មានចំណេះ​ដឹង និង​សមត្ថភាព​អាច​ទាញ​យក​កាលានុវត្តភាព​អត្ថប្រយោជន៍​បាន​ទាំងស្រុង​នោះ​ឡើយ ។ ដូច្នេះ​ការ​បង្កើត​ភាព​ជា​ដៃគូ គឺ​អាច​ជួយ​សម្រួល​ដល់​បញ្ហា​ទាំងនេះ​បាន ។ ម្យ៉ាងទៀត ការ​បង្កើត​ភាព​ជា​ដៃគូ គឺជា​យុទ្ធសាស្ត្រ​សំខាន់​មួយ​ក្នុង​ការ​ចាប់​យក​នូវ​សក្តានុពល​ប្រចាំ​តំបន់​អាស៊ាន ។ ជាង​នេះ​ទៀត ការ​បង្កើត​ភាព​ជា​ដៃគូ​ដ៏​មាន​ប្រសិទ្ធភាព​លើ វិស័យ​ហិរញ្ញវត្ថុ ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការ​បង្កើត​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ជាតិ​ផង​ដែរ » ។
លោកស្រី​សង្កត់ធ្ងន់​ថា ៖ « មាន​មូលដ្ឋាន​សំខាន់​ៗ​ចំនួន​៤ ដែល​លើកទឹកចិត្ត​ដល់​សហគ្រិន និង​អ្នក​បង្កើត​ច្បាប់ ហើយ​ចាំបាច់​ត្រូវ​តែ​គោរព ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​ប្រកបដោយ​ចីរភាព » ។

លោកស្រី​បន្ថែម​ថា ៖ « ជាដំបូង ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​នេះ គឺ​ចាំបាច់​ត្រូវ​កែតម្រូវ និង​ឆ្លើយ​តប​ដល់​ការ​ផ្លាស់​ប្តូរ​យ៉ាង​រហ័ស​របស់​ពិភពលោក​បច្ចុប្បន្ន​នេះ​។ បន្ទាប់​មក​យើង​ត្រូវ​បំពេញបន្ថែម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ទទួល​បាន​ជោគជ័យ ។ ការ​ពង្រីក​វិសាលភាព​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ខុស​គ្នា គឺ​អាច​ធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ​បាន​ស្វែង​យល់​ពី​វប្បធម៌ និង​ភាសា​ខុស​គ្នា​ជា​ច្រើន​ផង​ដែរ ។ អ្វី​ដែល​សំខាន់​បំផុត គឺ​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​ពហុភាគី​ក្នុង​ចំណោម​ប្រទេស​អាស៊ាន អាច​ទាញ​យក​ផលប្រយោជន៍​លើ​ការ​ស្វែងរក​កាលានុវត្តភាព​ថ្មី និង​គោលដៅ​តែ​មួយ​របស់​អាស៊ាន​ឲ្យ​កាន់តែ​មាន​សក្តានុពល​ទៀត​ផង » ៕