ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ពិចារណា​ឲ្យ​បានច្បាស់លាស់​ជុំវិញ​គម្រោង​វិនិយោគ​ដាំ​ស្រូវ​របស់​យួន​នៅក្នុង​ប្រទេស​កម្ពុជា​

​បញ្ហា​ក្រុមហ៊ុន​យួន​មាន​គម្រោង​វិនិយោគ​ដាំ​ស្រូវ​ក្នុងប្រទេស​កម្ពុជា​សម្រាប់​ផលិត​ជា​អង្ករ​នាំ​ចេញទៅ​ក្រៅប្រទេស​នោះ កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ធ្វើការ​រិះគន់​យ៉ាងខ្លាំង ហើយ​ជំរុញ​ឲ្យ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ពិចារណា​ឡើងវិញ​ចំពោះ​គម្រោង​នេះ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ផ្នែក​កសិកម្ម​នៅ​កម្ពុជា​បានលើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា គួរ​គិតគូរ​ពង្រឹង​ការដាំ​ស្រូវ​ផលិត​អង្ករ​នាំចេញ​ដោយ​ខ្លួនឯង ព្រោះ​មកដល់ពេលនេះ​គម្រោង​នាំ​អង្ករ​ចេញ​១​លាន​តោន​ក្នុង​មួយឆ្នាំ​មិនទាន់​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក​នៅឡើយ​ទេ​។ ជាងនេះទៅទៀត​បច្ចុប្បន្ន​កសិផល​ពី​ប្រទេស​យួន​ហូរ​ចូល​កម្ពុជា​យ៉ាងគំហុក ហើយ​បើ​ឲ្យ​យួន​ចូលមក​ផលិត​ស្រូវ​នៅ​កម្ពុជា​ទៀត​នោះ មានន័យថា​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ស្ថិតក្រោម​កណ្ដាប់ដៃ​យួន​ទាំងស្រុង​តែម្តង​។

ប្រតិកម្ម​ទៅនឹង​គម្រោង​យួន​មក​ដាំ​ស្រូវ​នៅ​កម្ពុជា​នោះ ក្រុមហ៊ុន​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក៏ដូចជា​ប្រជាកសិករ​ខ្មែរ​និង​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា គម្រោង​នេះ​នឹងធ្វើ​ឲ្យ​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​ត្រូវ​ដួលរលំ ស្រប​ពេលដែល​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​គ្មាន​ទីផ្សារ​សម្រាប់​នាំចេញ​។ សេចក្ដី​ព្រួយបារម្ភ​នេះ​បាន​កើតឡើង​ក្រោយពេល​លេចឮ​ព័ត៌មាន​ថា ក្រុមហ៊ុន​យួន​មួយចំនួន​កំពុង​ពិចារណា​ដាក់ទុន​វិនិយោគ​ដើម្បី​ផលិត​អង្ករ​នៅ​កម្ពុជា​រួច​នាំចេញ​ទៅកាន់​ទីផ្សារ​តំបន់​អឺរ៉ុប​។ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​អំពាវនាវ​ឲ្យ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម គិតគូរ​ឲ្យ​បានច្បាស់លាស់​ពី​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​កសិករ​ខ្មែរ​។

តាម​ម្ចាស់​ក្រុមហ៊ុន​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មួយចំនួន​បានបង្ហាញ​នូវ​ការយល់ឃើញថា ប្រសិនបើ​ក្រុមហ៊ុន​យួន​មក​ដាក់ទុន​ផលិត​ស្រូវ​អង្ករ​នៅ​កម្ពុជា គឺ​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​កម្ពុជា​នឹងត្រូវ​បិទទ្វារ ហើយ​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ក៏ត្រូវ​បិទទ្វារ​ដូចគ្នា​។ បញ្ហា​នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ពិចារណា​ឡើយ​វិញ​ចំពោះ​គម្រោង​របស់​ក្រុមហ៊ុន​យួន​ដែល​ចង់​មក​វិនិយោគទុន​លើ​ការដាំ​ស្រូវ​នៅ​កម្ពុជា ដើម្បី​ផលិត​អង្ករ​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​ដោយ​រួច​ពន្ធគយ​។ ទន្ទឹមនឹងនេះ​រដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម គួរ​ជួយ​ជ្រោមជ្រែង​ដល់​ក្រុមហ៊ុន​ផលិត​ស្រូវ​អង្ករ​នៅក្នុង​ស្រុក​ដូចជា ផ្ដល់ទុន​និង​បច្ចេកទេស​ជាដើម​សម្រាប់​ប្រកួតប្រជែង​ក្នុងការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​។ ម្យ៉ាងទៀត​ប្រសិនបើ​មានការ​បើកដៃ​ឲ្យ​ក្រុមហ៊ុន​យួន​មក​ផលិត​ស្រូវ​អង្ករ​នៅ​កម្ពុជា​នោះ គឺ​ប្រជាកសិករ​ខ្មែរ​នឹងត្រូវ​ប្រឈម​បញ្ហាលំបាក​កាន់តែខ្លាំង​ជាមុន​ទៅទៀត​៕

អ៊ុក-រ៉ាប៊ុន-Ouk-Rabun-sa1លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ
s1លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម