លោក ឆេង គឹម​សុន មិនគួរ​មើលរំលង​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់​នោះទេ

រហូតមកដល់​ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុងស្រុក​ភ្នំក្រវាញ និង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត​នេះ ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា ឃុបឃិត​ជាមួយ​ជនល្មើស​ដើម្បី​ផលប្រយោជន៍​។ ជាងនេះទៅទៀត​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ធ្វេសប្រហែស​តាំងពី​រឿង​ការពារ​ទីស្នាក់ការ​របស់ខ្លួនរ​ហូត​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ទៅ​ឆេះ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ ខូចខាត​រថយន្ត​ជាច្រើន​គ្រឿង និង​បំផ្លាញ​ឈើ​ដែលជា​វត្ថុតាង​ផងដែរ​។

​ប្រភពពី​សមត្ថកិច្ច​នគ​របាល​ក្នុងស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ មាន​ភ្លើង​ឆេះ​ព្រៃ​កើតឡើង​នៅ​ជិត​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ ហើយ​រាលដាល​ដល់​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ផងដែរ​។ ភ្លើង​ឆេះ​ព្រៃ​បាន​ឆេះ​ដល់​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ បំផ្លាញ​អស់​រថយន្ត​២២​គ្រឿង​ដែលជា​វត្ថុតាង​នៃ​បទល្មើស​ព្រៃឈើ និង​ខូចខាត​រោង​ស្នាក់ការ​អស់​មួយផ្នែកធំ​ទៀតផង​។ បញ្ហា​នេះ​ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​មានការ​ធ្វេសប្រហែស​ចំពោះ​តួនាទី​របស់ខ្លួន​ទើប​បង្ក​ឲ្យ​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ដល់​ស្នាក់ការ និង​បំផ្លាញ​រថយន្ត​ជា​វត្ថុតាង​ដែល​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នាពេល​កន្លងមក​។

ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តពោធិ៍សាត់ បាន​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តពោធិ៍សាត់ ប្រកបដោយ​ប្រសិទ្ធភាព​ជាបន្ទាន់​។ ដោយហេតុថា​រហូតមក​ដល់ពេលនេះ​ឈ្មួញ​នៅតែ​អាច​ប្រើប្រាស់​រថយន្ត​កែច្នៃ​និង​គោយន្ត​កន្ត្រៃ​ដឹកឈើ​ចេញពី​ក្នុងព្រៃ​នៃ​ស្រុក​ភ្នំក្រវាញ ស្រុក​វាលវែង និង​ស្រុក​ក្រគរ យ៉ាង​អនាធិបតេយ្យ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិន​យកចិត្តទុកដាក់​បង្ក្រាប​ឡើយ​។ ជាមួយគ្នានេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក៏​គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ ជាបន្ទាន់​ផងដែរ ព្រោះ​រហូតមក​ដល់ពេលនេះ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅ​ស្រុក​វាលវែង ជាប់​ភ្នំក្រវាញ និង​ស្រុក​ក្រគរ ពុំមាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​៕

10401338_464858650385909_7101650667342566856_n 83816cda28dc42e24446d9d65dd4dbca