ព្រៃឈើ​ក្នុងស្រុក​សេ​សាន នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​ក្រោមលេស​ស្ដារ​អាង​ទំនប់​វា​រី​អគ្គិសនី​

​រហូតមកដល់​ពេលនេះ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​ដោយសារតែ​លោក ឈាង តុលា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត និង​លោក មុំ សារឿន ជា​អភិបាលខេត្ត មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ជាក់ស្តែង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​អះអាងថា ក្រុមហ៊ុន​សម្អាត​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា នោះ​កំពុង​ឈូសឆាយ​ព្រៃ​សហគមន៍​យ៉ាង​គឃ្លើន​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា តំបន់​ព្រៃ​សមូហភាព​សហគមន៍​ឬ​ព្រៃ​អ្នកតា​រកា​កាន់ ត្រូវបាន​ក្រុមហ៊ុន​ឈូសឆាយ​អស់​រយៈពេល​៤​ថ្ងៃ​មកហើយ ចាប់ពី​ថ្ងៃទី​១២ ខែមីនា​។

​ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ ប្រជា​សហគមន៍​ឃុំ​ស្រែគរ ស្រុក​សេសា​ន បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង ក៏ដូចជា​តំណាង​ក្រុមហ៊ុន​បំភ្លឺ​ឲ្យ​បានច្បាស់លាស់​អំពី​ការកំណត់​ព្រំប្រទល់​ផ្ទៃ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី និង​ដីព្រៃ​សហគមន៍​។ ជាមួយគ្នានេះ​ពលរដ្ឋ​ក្នុង​ឃុំ​ស្រែគរ រាប់រយ​គ្រួ​សារបាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​ដោះស្រាយ​ផលប៉ះពាល់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ អន្តរាគមន៍​បញ្ឈប់​ការ​ឈូសឆាយ​ព្រៃ​សមូហភាព​សហគមន៍ ឬ​ព្រៃ​អ្នកតា​រកា​កាន់​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​សេ​សាន ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ព្រៃ​អ្នកតា​រកា​កាន់ មាន​ដើមឈើ​ធំៗ​មួយចំនួន​នៅ​សេសសល់​ចុងក្រោយ​ជាច្រើន​ហិកតា ឥឡូវនេះ​ត្រូវ​ប្រឈម​នឹង​ការវិនាសហិនហោច​ដោយ​សារ​ក្រុមហ៊ុន​សម្អាត​បាត​អាង​យក​គ្រឿងចក្រ​ឈូសឆាយ​យ៉ាង​គឃ្លើន​បំផុត​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា ក្រុមហ៊ុន​សម្អាត​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​តែងតែ​ធ្វើ​សកម្មភាព​កាប់​ឈើ​នៅ​ខាងក្រៅ​បរិវេណ​បាត​អាង​ដែល​បំពាន​លើ​ព្រៃ​សហគមន៍​តាម​អំពើ​ចិត្ត ហើយ​មិន​ដែលមាន​មន្ត្រី​ជំនាញ​ឬ​មន្ត្រី​អាជ្ញាធរ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ក្រុមហ៊ុន​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​សម្អាត​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ កន្លងមក​បាន​បំពាន​កាប់​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​នៅ​តំបន់​ក្រៅ​បរិវេណ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ព្រៃ​សមូហភាព​សហគមន៍​ឃុំ​ស្រែគរ​ឬ​ព្រៃ​អ្នកតា​រកា​កាន់ ទំហំ​ជាង​២៦០០​ហិកតា​កំពុង​ប្រឈម​នឹង​ការកាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ពី​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​បាត​អាង​។ ដូច្នេះ​លោក មុំ សារឿន ដែលជា​អភិបាលខេត្ត​ស្ទឹងត្រែង ក៏ដូចជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ស្រុក​សេសា​ន​ជាបន្ទាន់ ព្រោះ​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង​កំពុងតែ​បំពាន​លើ​ព្រៃ​សហគមន៍​យ៉ាង​កំរោល​៕

99c52c3a-80dc-439e-a248-575cef1766e6លោក មុំ សារឿន អភិបាលខេត្តស្ទឹងត្រែង
8bd31380-c18d-49c4-a5cc-5b324a557cfc