ក្រុម​បះបោរ​នៅ​អាហ្វហ្គានីស្ថាន​និយាយ​ថា ខ្លួន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​សម្រាប់​កិច្ចពិភាក្សា​សន្តិភាព

ក្រុម​បះបោរ​នៅ​អាហ្វហ្គានីស្ថាន​និយាយ​ថា ខ្លួន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​សម្រាប់​កិច្ចពិភាក្សា​សន្តិភាព

លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​​ Ashraf Ghani (ខាងលើ) បានធ្វើ​សំណើ​ជាថ្មី​របស់​លោកអំពី​កិច្ចចរចា​គ្នា​ដល់​ក្រុមបះបោរ​ទាំងអស់​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ដើម្បី​បញ្ចប់សង្គ្រាម​នាំ​ឲ្យ​មាន​ការ​ហិនហោច​នេះ​ដែល​មាន​រយៈពេល​១៥​ឆ្នាំ​មកហើយ។

ពួក​បះបោរមួយ​ក្រុម​ ដែល​ប្រយុទ្ធ​ជាមួយ​ពួក​តាលីបង់​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​និយាយ​ថា ​ពួកគេ​ប្រុងប្រៀប​រួច​ហើយ​ដើម្បី​ចូលរួម​ក្នុង​កិច្ចចរចា​ផ្សះផ្សា​ខាង​នយោបាយ​ជាមួយ​រដ្ឋាភិបាល​ក្រុងកាប៊ុល​ទោះ​ណា​ជា​នៅ​តែ​មានការ​សង្ស័យខ្លាំង​អំពីបំណង​ចង់បាន​សន្តិភាព​នៃ​ភាគី​ម្ខាង​ទៀត​ក៏​ដោយ។​

កាលពី​សប្តាហ៍​មុន លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani បានធ្វើ​សំណើ​ជាថ្មី​របស់​លោកអំពី​កិច្ចចរចា​គ្នា​ដល់​ក្រុមបះបោរ​ទាំងអស់​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ដើម្បី​បញ្ចប់សង្គ្រាម​នាំ​ឲ្យ​មាន​ការ​ហិនហោច​នេះ​ដែល​មាន​រយៈពេល​១៥​ឆ្នាំ​មកហើយ។

ស.រ.អា ចិន​ និង​ប៉ាគីស្ថាន​ដែល​ស្ថិត​នៅ​ជិត​ខាង​អាហ្វហ្គានីស្ថាន បាន​ស្វាគមន៍​ហើយ​គាំទ្រ​វិធានការ​របស់​លោក Ghani ទោះ​បី​ជា​បណ្តាញ​ធំជាង​គេ​នៃ​ពួក​តាលីបង់​បាន​ច្រាន​ចោលសេចក្តី​ស្នើ​នេះ​ក៏​ដោយ។

ក៏​ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ផ្សព្វ​ផ្សាយដល់​បណ្តាញ​ផ្សាយ​ព័ត៌មាន​កាល​ពី​ថ្ងៃ​អាទិត្យ​ ពួក​ Hezb-e-Islami ហៅ​កាត់ថា​ HIG ដឹកនាំ​ដោយ​លោក Gulbuddin Hekmatyar ស្តេច​ត្រាញ់សង្គ្រាម​អាហ្វហ្គានីស្ថាន​ដែល​រត់​គេច​ខ្លួន​ បាន​និយាយ​ថា ​ពួកគេបាន​យល់ព្រមតាមសេចក្តី​ស្នើ​របស់រដ្ឋាភិបាលហើយ «ប្រុងប្រៀបចូល​រួមក្នុង​កិច្ចចរចានេះដើម្បី​បង្ហាញ​ដល់ប្រទេសជាតិ​អាហ្វហ្គានីស្ថាន​ថា ​ពួកគេ​ចង់បាន​សន្តិភាព»។

លោក Javed Faisal អ្នកនាំ​ពាក្យ​របស់​រដ្ឋាភិបាល​ឯកភាពជាតិ​អាហ្វហ្គានីស្ថាន បាន​ស្វាគមន៍​សេចក្តី​ប្រកាស​នេះ។

លោក​បាននិយាយ​ប្រាប់វីអូអេ​ថា​ «នេះ​ជា​ដំណឹង​សំខាន់​និង​ល្អ​មួយ​ពីព្រោះ​ពួក​Hezb-e-Islami បានប្រយុទ្ធ​ច្រើន​ឆ្នាំ​មក​ហើយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន» ដោយ​លោក​បាន​សុំ​ដល់​ក្រុម​ប្រឆាំង​ប្រដាប់អាវុធ​ឯ​ទៀតៗ​ឲ្យ​ចូលរួម​ក្នុង​កិច្ចចរចា​ដើម្បី​ជួយ​បញ្ចប់​សង្គ្រាម​នេះ។

មន្ត្រី​ជាន់ខ្ពស់ម្នាក់នៃ​ក្រុម​ HIG ក៏​បាន​និយាយ​ប្រាប់​វីអូអេ​ដែរ​ ដោយ​មានលក្ខខ័ណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​លោក​ថា ក្រុមមួយ​ដែលមានសមាជិកពីរ​នាក់បាន​ត្រូវ​បង្កើត​ហើយ​សម្រាប់ធ្វើកិច្ចច​រចានេះ។ ក្រុម​នេះ​មាន​រួម​បញ្ចូល​លោក Qazi Hakim Hakim ប្រធាន​ក្រុមប្រឹក្សា​កណ្តាល​ និង​លោកGhairat Baheer ប្រធានផ្នែក​កិច្ចការ​នយោបាយ​និង​ជា​កូនប្រសារ​ម្នាក់​របស់​លោក Hekmatyar។

ក្រុមបោះបោរ​នេះ​បានចោទ​ប្រកាន់ស.រ.អា​ថា​ បានខិតខំព្យាយាម​បំផ្លិចបំផ្លាញ​កិច្ចខិតខំប្រឹងប្រែង​ស្វែង​រក​សន្តិភាព​ឲ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​។ ក្រុមនេះ​បាននិយាយ​យោង​ដល់សេចក្តី​ប្រកាសកាលពី​សប្តាហ៍​មុនដោយ​ក្រសួង​ការបរទេស​ស.រ.អា​ដែល​បានចាត់ទុក​សមាជិកជាន់ខ្ពស់​ពីរ​នាក់នៃ​ក្រុម HIG ថា​ជា​ភេរវជន​សាកល​ ដោយសារ​មុខនាទី​របស់​ពួកគេ​ក្នុង​ការវាយ​ប្រហារ​ដ៏​ប្រល័យ​នៅ​ក្នុងក្រុងកាប៊ុល ដែលមានរួម​បញ្ចូល​ទាំង​ការ​បំផ្ទុះគ្រាប់បែក​មួយ​ដែល​បាន​បណ្តាល​ឲ្យ​ជនជាតិអាមេរិកាំង​០៦​នាក់​ស្លាប់៕