ផ្លែ​ចេក

ផ្លែ​ចេក​ មាន​សារប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​សុខភាព​ និង​សម្រស់​ ដែល​អ្នក​ណា​ៗ​ក៏​ដឹង​​ដែរ។ តែ​ក្រោយ​មក​ក៏​មាន​គេ​បន្តុះបង្អាប់​ផ្លែ​ចេក​ទៅ​ប្រដូច​ទៅ​​នឹង​អ្វី​ផ្សេង​​​ទៅ​វិញ​ទាក់​ទង​នឹង​មនុស្ស​​ រហូត​ដល់​មិត្តភ័ក្ដិ​ខ្ញុំ​សង្ស័យ​ថា​ការ​​​យក​ចេក​ទៅ​តំណាង​ដូច្នេះ ជា​ហេតុ​ដែល​ខ្ញុំ​មិន​ញ៉ាំ​ចេក​។

 

មែន​! ទោះ​ជា​ចេក​ល្អ​ចំពោះ​ពោះវៀន​យ៉ាង​ណា​ក៏​ខ្ញុំ​ចាត់​ទុក​ថា​ចេក​ជា​ផ្លែឈើ​ដែល​ខ្ញុំ​ស្អប់​បំផុត។ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​រាល់​ផលិតផល​ដែល​ទាក់ទង​នឹង​ចេក​ សុទ្ធ​តែ​ខ្ញុំ​មិន​ចូលចិត្ត​ទេ។​ ចេក​ដែល​កែច្នៃ​រួច​​ដូច​ជា​ចេក​ខ្ទិះ ចេក​ឆាប ចេក​ឆឹង ចេកចៀន​ ដំណាប់​ចេក​ ស្ករ​គ្រាប់​ចេក ការ៉េម​ចេក​ខ្ញុំ​ចូលចិត្ត​ញ៉ាំ​ណាស់​។ ទាស់​តែ​ផ្លែ​ចេក​ហ្នឹង​ហ្មង!

 

អ្វី​ៗ​សុទ្ធ​តែ​មាន​មូលហេតុ​របស់​វា​ តែ​មិន​មែន​ដោយ​សារ​ការ​យក​ចេក​ទៅ​តំណាង​អ្វី​ផ្សេង​នោះ​ទេ​ គឺ​រឿង​វា​បែប​នេះ​ឯង…

 

កាល​ខ្ញុំ​អាយុ​៦​ឆ្នាំ​ខ្ញុំ​ចូល​ចិត្ត​ញ៉ាំ​ចេក​ណាស់​ បើ​បណ្ដោយ​ឱ្យ​ខ្ញុំ​ញ៉ាំ​មួយ​ស្និត​ក៏​អស់​ដែរ​ ព្រោះ​ត្រូវ​ប៉ា​ម៉ាក់​បញ្ជោរ​ថា​​ខ្ញុំ​ឆ្លាត​ដោយ​សារ​ញ៉ាំ​ចេក។ ដូច្នេះ​​ញ៉ាំ​ផ្ដាច់​ព្រលឹង​តែ​ម្ដង បើ​មិន​ឃាត់​ទេ​អាច​ញ៉ាំ​ទាំង​សម្បក​ទៀត…

 

នៅ​ថ្ងៃ​មួយ​ក្រោយ​ចេញ​ពី​រៀន​ ប៉ា​បាន​មក​យក​ខ្ញុំ​នៅ​សាលា​ហើយ​គាត់​បែរ​ជា​ទុក​ខ្ញុំ​ចោល​​នៅ​ផ្ទះ​មិត្តភ័ក្ដិ​គាត់ ដោយ​ប្រាប់​ថា​គាត់​រវល់​ទៅ​ក្រៅ​ឱ្យ​ខ្ញុំ​ញ៉ាំ​បាយ​​ថ្ងៃ​ត្រង់​នៅ​ផ្ទះ​មិត្តភ័ក្ដិ​គាត់​សិន។

 

ទោះ​មិន​ចង់​ក៏​ត្រូវ​បង្ខំ​ខ្លួន​អង្គុយ​ក្នុង​ផ្ទះ​មិត្តភ័ក្ដិ​ប៉ា​ខ្ញុំ​ដែរ។ ដល់​ម៉ោង​បាយ​ថ្ងៃ​ មីង​ដែល​ជា​មិត្តភ័ក្ដិ​ប៉ា​បាន​ស្រូប​ឆា​សណ្ដែក​គួរ​សាច់​មាន់ ដែល​ឃើញ​មាន​សាច់​មាន់​តែ​មួយ​ដុំ​គត់​ជាមួយ​នឹង​បាយ​មួយ​ចាន​ឱ្យ​ខ្ញុំ​ ហើយ​ដាក់​លើ​រនាប​រានហាល​ផ្ទះ​គាត់​ដែល​ខ្ញុំ​កំពុង​អង្គុយ​។ ខ្ញុំ​មិន​ចេះ​ញ៉ាំ​បន្លែ​ទេ ចេះ​តែ​ញ៉ាំ​សាច់​ ហើយ​គាត់​ដួស​សាច់​តែមួយ​ដុំ​ឱ្យ​ ធ្វើ​ម៉េច​ខ្ញុំ​ញ៉ាំ​កើត? ​ខ្ញុំ​ក៏​មិន​ហ៊ាន​ប្រាប់​គាត់​ដែរ ដូច្នេះ​ខ្ញុំ​សុខ​ចិត្ត​អង្គុយ​លេប​ទឹក​មាត់​​ បន់​ឱ្យ​ប៉ា​ឆាប់​ម៉ោ​វិញ​។

 

តាំង​ពី​ម៉ោង ១១ ​ដល់​ម៉ោង ២ រសៀល​ខ្ញុំ​មិន​ព្រម​ញ៉ាំ​បាយ​ដូច្នេះ​​បង​ម៉ាប់​ ដែល​ជា​ឈ្នួល​ស្រី​នៅ​ផ្ទះ​មីង​នោះ​ក៏​​កាន់​ចេក​ពងមាន់​មួយ​ស្និត​ដាក់​ចាន​មក​យក​មក​ឱ្យ​ខ្ញុំ​ញ៉ាំ​។ ពេល​ដែល​គាត់​លើក​មក​ខ្ញុំ​បាន​​គិត​ថា​រស់​ហើយ​ពេល​នោះ… ប៉ុន្តែ​ទម្លាប់​ជា​ក្មេង​ខ្លាច​គេ​ខ្ញុំ​មិន​ហ៊ាន​ញ៉ាំ​ភ្លាម​ទេ​ គឺ​ខ្ញុំ​ចាំ​បង​ម៉ាប់​ចូល​ទៅ​ក្នុង​វិញ​សិន​ចាំ​ញ៉ាំ​។ បង​ម៉ាប់​មិន​ព្រម​ទៅ​វិញ​សោះ! ​គាត់​ថែម​ទាំង​អង្គុយ​យាម​ចេក​មួយ​ស្និត​នោះ ហើយ​ប្រាប់​ឱ្យ​ខ្ញុំ​ញ៉ាំ ឯ​ក្នុង​ចិត្ត​ខ្ញុំ​​វិញ​បន់​ឱ្យ​តែ​គាត់​ដើរ​ចេញ​ន្អាលនឹង​​​ញ៉ាំ​ចេក។

 

 

ផ្លែ​ចេក

(រូបតំណាង)

ការចងចាំប្លែកៗ

 

បង​ម៉ាប់​កំពូល​សាំ​មិន​ព្រម​ទៅ​ណា​ទេ «ញ៉ាំ​ទៅ​មី​អូន​! មិន​ញ៉ាំ​បង​ញ៉ាំ​ហើយ»។ គាត់​នៅ​តែ​តឿន​ឱ្យ​ខ្ញុំ​ញ៉ាំ​ម្ដង​ជា​ពីរ​ដង តែ​ទ្រាំ​មិន​បាន​គាត់​ញ៉ាំ​ខ្លួន​ឯង។ ខ្ញុំ​មើល​ទៅ​គាត់​ទាំង​ហួស​ចិត្ត​ ភ្ញៀវ​មិន​ទាន់​ញ៉ាំ​ម្ចាស់​ផ្ទះ​ញ៉ាំ​អស់!

 

ពេល​ដែល​គាត់​កំពុង​ទំពា​ចេក​ឡើង​ពេញ​ក្នុង​មាត់ ​គាត់​ហារ​មាត់​និយាយ​ជាមួយ​ខ្ញុំ​ ធ្វើ​ឱ្យ​ខ្ញុំ​ឃើញ​បំណែក​ចេក​ប៉ិ​ៗ វ៉ល់​ៗ លឿង​ៗ​ ដូច​… (មិន​បាច់​​ប្រាប់​ក៏​គួរ​តែ​ដឹង​ហើយ​ថា​ខ្ញុំ​សំដៅ​លើ​អី!) ហើយ​ធ្វើ​ឱ្យ​ខ្ញុំ​ខ្ពើម​ជា​ខ្លាំង។ រហូត​ខ្ញុំ​សម្រេច​ចិត្ត​មិន​ញ៉ាំ​ចេក​ សុខ​ចិត្ត​ញ៉ាំ​បាយ​ដែល​ទុក​ចោល​នឹង​ចាន​នោះ​វិញ។

 

ម៉ោង​ប្រហែល​៤ កន្លះ​ទើប​ប៉ា​មក​យក​ដោយ​បាន​ ចេក​អំបូង​មួយ​ស្ទង​ផង​ព្យួរ​ដៃ​ម៉ូតូ​​គុប​អា​ស្ទាំង។ ពេល​ទៅ​ដល់​ផ្ទះ​ បាយ​ល្ងាច​ហើយ​ប៉ា​កាត់​ចេក​មួយ​ស្និត​មក​ ដៃ​រៀប​នឹង​លូក​ទាញ​ចេក​ញ៉ាំ​ ស្រាប់​តែ​ស្រមៃ​ដល់​ទិដ្ឋភាព​ថ្ងៃ​មិញ​ ធ្វើ​ឱ្យ​ខ្ញុំ​ដក​ដៃ​ចេញ​វិញ​ ហាក់​ដូច​ជា​ខ្ពើម​ចេក​​ណាស់។

 

ហើយ​ម៉ាក់​ប៉ា​ក៏​ឆ្ងល់​ថា​ហេតុ​អី​ ខ្ញុំ​ទៅ​ជា​មិន​ញ៉ាំ​ចេក តែ​ខ្ញុំ​មិន​បាន​ប្រាប់​គាត់​ឡើយ។ រហូត​មក​ដល់​ឥឡូវ​នេះ​ ខ្ញុំ​នៅ​តែ​មិន​ញ៉ាំ​ផ្លែ​ចេក​ បើ​ទោះ​​​វា​ល្អ​ក្ដី។ នេះ​ហើយ​រឿង​ពិត​រវាង​ខ្ញុំ​និង​ផ្លែ​ចេក គឺ​ដោយ​សារ​បង​ម៉ាប់​កូន​ឈ្នួល​មិត្តភ័ក្ដិ​ប៉ា​ខ្ញុំ​​តែ​ម្នាក់​គត់៕

 

ចុចអាន៖ ដោយ​សារ​ភាព​ស្មោះ​ត្រង់​… ចោល​អាំង​ប៉ាវ ១០០ដុល្លារ​ យក ១០​ដុល្លារ
អត្ថបទ៖ ស្រីណា​

 

តើអ្នកចង់ចែករំលែករឿងរ៉ាវដែលអ្នកចងចាំទេ? បើចង់សូមផ្ញើទៅកាន់  e-mail: [email protected]

ឬ ទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧