ត្រចៀកកាំ​មិន​គិត​ថា​ Fan BingBing ស្រស់​ស្អាតទេ

នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​នា​ពេល​ថ្មី​នេះ​តារា​សម្ដែង​ល្បី​ឈ្មោះ Zhao Wei បាន​វាយ​តម្លៃ​ត្រង់​ៗ​ទៅ​លើ​រូប​សម្រស់​របស់​មិត្ត​រួម​ការងារ​របស់​ខ្លួន។

 

តាមWest Capital News ថ្មី​ៗ​នេះ តារា​សម្ដែង​ចិន Zhao Wei បាន​មាន​វត្តមាន​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​មួយ​ជាមួយ​ពិធី​ករ​ល្បី​ឈ្មោះ Kevin Tsai។ ​ពេល​ជជែក​គ្នា តារា​សម្ដែង​ស្រី​នេះ​បាន​បក​ស្រាយ​ពី​រឿង​​ចចាមអារ៉ាម​មិន​ល្អ​ពី​ខ្លួន​នៅ​លើ​អ៊ីនធឺណិត។ តារា​អាយុ ៤០​ឆ្នាំ​បដិសេធ​​នឹង​ព័ត៌មាន​នាង​ញៀន​លេង​ល្បែង​​​និង​វាយ​តម្លៃ​ពី​សម្រស់​របស់ Fan BingBing។​

 

ត្រចៀកកាំ​មិន​គិត​ថា​ Fan BingBing ស្រស់​ស្អាតទេ

 

ស្រី​ស្អាត​ត្រកូល Fan និង Zhao Wei ធ្លាប់​សម្ដែង​រួម​គ្នា​ក្នុង​កំពូល​រឿង​ភាគ “ព្រះនាង​យេយេ” ក្នុង​ឆ្នាំ ១៩៩៧។ ក្រោយ​រយៈពេល​ជិត ២០​ឆ្នាំ ដោយ​សារ​តែ​អ្នក​ទាំង​២​សុទ្ធ​តែ​មាន​ភាព​ជោគជ័យ​ដូច​គ្នា ដូច​នេះ​គេ​តែងតែ​យក​អ្នក​ទាំង​២​មក​ប្រៀបធៀប​ជា​និច្ច។ នៅ​ជ្រុង​ក្នុង​កម្មវិធី ពិធី​ករKevin Tsai បាន​ដាក់​សំនួរ​ទៅ​កាន់ Zhao Wei ថា៖ “តើ​នាង​មាន​គិត​ថា Fan BingBing ស្រស់​ស្អាត​ឬ​អត់?”។ នៅ​ពេល​ឮ​សំនួរ​នេះ Zhao Wei គ្រាន់​តែ​សើច៖ “នេះ​គឺ​ជា​វេទិកា​​របស់​ខ្ញុំ ដូច​នេះ​ខ្ញុំ​សុំ​​និយាយ​ថា Fan BingBing មិន​ស្អាត​ទេ”។ ចម្លើយ​លេង​សើច​លាយឡំ​នឹង​ពិត​ប្រាកដ​របស់​ម្ដាយ​កូន​១​រូប​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​អស់​សំណើច។

 

West Capital News បាន​ឲ្យ​ដឹង​ថា Zhao Wei និង Fan BingBing ធ្លាប់​ជួប​រឿង​អាស្រូវ​​មិន​ត្រូវ​​គ្នា​មិន​​តិច​ដង​នោះ​ទេ​ក្រោយ​ជោគជ័យ​របស់ “ព្រះនាង​យេយេ”។ ជា​ថ្មី​ម្ដង​ទៀត Zhao Wei បាន​អះអាង​ថា​​នេះ​គ្រាន់​តែ​ជា​រឿង​ប្រឌិត​តែ​ប៉ុណ្ណោះ។ “ចាប់​ពី​ពេល ‘ព្រះនាង​យេយេ’ ចប់​ទៅ ពួក​ខ្ញុំ​គ្មាន​ឱកាស​បាន​សហការ​គ្នា​សារ​ជា​ថ្មី​ឡើយ​។ យ៉ាងណាក៏ដោយ យើង​នៅ​តែ​រក្សា​ទំនាក់​ទំនង។ ខ្ញុំ​និង Bing Bing បាន​ធំ​ឡើង​ជាមួយ​គ្នា ខ្ញុំ​តែង​តែ​សង្ឃឹម​ថា​នាង​ជួប​ប្រទះ​តែ​រឿង​ល្អ​បំផុត”។ តារា​កើត​ឆ្នាំ ១៩៧៦​បក​ស្រាយ​ក្នុង​កម្មវិធី។

 

ត្រចៀកកាំ​មិន​គិត​ថា​ Fan BingBing ស្រស់​ស្អាតទេ

 

​តាម​បណ្ដាញ​ព័ត៌មាន​ចិន ព័ត៌មាន​រកាំរកូស​របស់​របស់​អ្នក​ទាំង​២​គឺ​ជា​រឿង​ប្រឌិត​ពិត​មែន​ដោយ​កាល​ពី​ថ្ងៃ​ទី ១២ ខែ​​មីនា​មុន​នេះ​ ដែល​​ជា​​ថ្ងៃ​ខួប​កំណើត​លើក​ទី​៤០ របស់ Zhao Wei នោះ Fan BingBing បាន​បង្ហាញ​ពី​ទឹក​ចិត្ត​របស់​ខ្លួន​ទៅ​កាន់​រៀម​ច្បង។ នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន តួ​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” បាន​បង្ហោះ​រូប​ខ្លួន​និង Zhao Wei នៅ​ទី​ក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ​មុន​​ព្រម​ទាំង​ភ្ជាប់​ជាមួយ​ពាក្យ​ជូន​ពរ​ថា៖ “សង្ឃឹម​ថា​ពន្លឺ​ព្រះ​អាទិត្យ​ក៏​ដូច​ជា​ស្នាម​ញញឹម​នឹង​នៅ​ក្បែរ​បង​ជា​រៀង​រហូត”៕

 

ត្រចៀកកាំ​មិន​គិត​ថា​ Fan BingBing ស្រស់​ស្អាតទេ

 

ចុចអាន៖Fan BingBingនិងSelena Gomez បង្អួត​សម្រស់​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​តែ​មួយ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
zing