នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្រោយ​ពេល​ចាប់រំលោភ​នាង​ក្រមុំ

នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្រោយ​ពេល​ចាប់រំលោភ​នាង​ក្រមុំ



រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ សេពសន្ថវៈ​ស្ត្រី​វ័យ​១៩​ឆ្នាំ​ម្នាក់មិន​បានសម្រេច ដោយ​នាង​បាន​ស្រែក​ និង​រើ​បម្រាស់​ព្រមទាំង​ធាក់​ជន​នោះ​១​ជើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល បន្ទាប់​មក​ត្រូវ​បាន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដាក់​ពាក្យ​ប្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរា​គម​ភ្លាម​ៗ ។ ចំណែកឯ​ជនសង្ស័យ​ខាងលើ​បាន​ព្យាយាម​រត់គេច​ខ្លួន​អស់​រយៈពេល​ប្រមាណ​៥​ម៉ោង ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​បាន ហើយ​នាំ​យក​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​នៅ​អធិការដ្ឋាន​ខណ្ឌ រង់ចាំ​បញ្ជូន​ទៅ តុលាការ​ចាត់ការ​តាម​ច្បាប់ ។

មាន​របាយការណ៍​ថា កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី ជិត​ភ្លឺ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងផ្ទះ​របស់​នាងរង​គ្រោះ​ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ឈ្មោះ ខ្លូត វឹង អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​កើតហេតុ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ អឿ​ន ពន្លក អាយុ​១៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ភូមិ​ជាមួយ​គ្នា​នោះ​ដែរ គឺ​ផ្ទះ​នាង​និង​ផ្ទះ​ជនសង្ស័យ ស្ថិត​នៅ​ចម្ងាយ​ពី​គ្នា​ប្រមាណ​៥០​ម៉ែត្រ​តែ​ប៉ុណ្ណោះ ។ មន្ដ្រី​នគរបាល​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ឪពុក​ម្ដាយ​នាងរង​គ្រោះ បាន​ចាកចេញ​ទៅ​ផ្សារ​ដើម​គរ​ដើម្បី​ទិញ​ឥ​វ៉ា​ន់​យក​ទៅ​លក់ ចំណែក​នាង​បាន​ដេក​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់ឯង ។ ដោយ​មុន​ពេល​ចេញពីផ្ទះ ឪពុក​ម្តាយ​បាន​ប្រាប់​ឲ្យ​នាង​បិទទ្វារ​ផ្ទះ និង​ចាក់​គន្លឹះ​ផង​ដែរ ។ ប៉ុន្តែ​ខណៈនោះ ដោយសារ​នាង​ងងុយដេក​ខ្លាំង​ពេក មិន​បាន​ក្រោក​ទៅ​ដាក់​ក​ន្លឹះ​ទ្វារ​ទេ ក៏​បាន​ដេក​បន្ត​ទៀត និង​លង់លក់​មិនដឹង​ខ្លួន ។

ខណៈនោះ​ជនសង្ស័យ​ឈ្មោះ ខ្លូត វឹង ក៏​បាន​ដើរ​ឡើង​ទៅ​លើ​ផ្ទះ​នោះ ហើយ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ ប៉ុន្តែ​នាង​ដឹងខ្លួន​ទាន់ បាន​រើ​បម្រាស់ និង​បាន​ធាក់​ជន​នេះ​១​ជើង ព្រមទាំង​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ ទើប​ជនសង្ស័យ​ភ័យ​ស្លន់ស្លោរ ហើយ​បាន​ស្ទុះ​រត់​ចុះពីលើផ្ទះ​គេចខ្លួន ។ ប៉ុន្តែ​ស្ដ្រី​រង​គ្រោះ​បាន​ស្គាល់​ក៏​បាន​ប្រាប់​ឪពុក​ម្ដាយ ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច ហើយ​ចាប់ខ្លួន​ជន​នោះ​បាន កាលពី​វេលា​ព្រឹក​ថ្ងៃ​ដដែល​នោះ រួច​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕