បើករថយន្ត​បុក​មនុស្ស​ស្លាប់​រត់​ចុះ​ទន្លេ​លង់​ស្លាប់​ដែរ

បើករថយន្ត​បុក​មនុស្ស​ស្លាប់​រត់​ចុះ​ទន្លេ​លង់​ស្លាប់​ដែរ



ខេត្តក្រចេះ ៖ មន្ត្រី​នគរបាល​បាន​សន្និដ្ឋាន​ថា បុរស​ជា​អ្នកបើកបរ​រថយន្ត​អាច​ស្លាប់​ដោយ​ការ​លង់ទឹក ក្រោយ​ពេល​រូបគេ​បើករថយន្ត​តាក់ស៊ី​ដឹកឈើ​ជ្រុល​ទៅ​បុក​ស្ត្រី​ជិះ​កង់​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់ ហើយ​រត់គេច​ចុះ​ទៅ​ក្នុង​ទន្លេ​ក៏​បាន​លិច​បាត់​ទៅ ។

មន្ត្រី​នគរបាល​ក្រុង​ក្រចេះ​និយាយ​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១២ ខែមីនា នៅ​លើ​ផ្លូវជាតិ​ក្នុង សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ ដោយ​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ខុសច្បាប់​មួយ​គ្រឿង បាន​បុក​ស្ត្រី​ម្នាក់​កំពុង​ជិះ​កង់​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ វ៉ា​ន់ ភួ​ន អាយុ​៦៣​ឆ្នាំ រស់នៅ​ក្នុង​សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ ។ នៅ​ពេល​មាន​គ្រោះថ្នាក់​នោះ គឺ​គាត់​កំពុង​ជិះ​កង់​ត្រឡប់​មក​ពី​មន្ទីរពេទ្យ​សំដៅ​ទៅ​ផ្ទះ ដើម្បី​យក​បាយ​ទៅ​ឲ្យ​កូនស្រី​ដែល​កំពុង​រៀបចំ​សម្រាលកូន ។

បុរស​ជា​អ្នកបើកបរ​រថយន្ត​ដែល​បុក​ស្ត្រី​ជិះ​កង់​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ ហើយ​ក្រោយ​កើតហេតុ​ក៏​បាន​ទុក​រថយន្ត​ចោល​រួច​រត់គេច​ខ្លួន​ចុះ​ទៅ​ក្នុង​ទន្លេ ហើយ​ក៏​បាន​លិចទៅ​ក្នុង​ទឹក​បាត់ ។ អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា គេ​បានឃើញ​បុរស​រូប​នេះ​រត់​ចុះ​ទៅ​ក្នុង​ទឹកទន្លេ​បម្រុង​ហែល​ឆ្លង ហើយ​ស្រាប់តែ​ស្រែកហៅ​ឲ្យ​គេ​ជួយ​ទៅ​វិញ តែ​គ្មាន​នរណា​អាច​ជួយ​ទាន់ ហើយ​ក៏​លិចទៅ​ក្នុង​ទឹក​បាត់​ទៅ​ព្រោះ​ចំណុច​នោះ​សម្បូរ​ល្បាក់​ខ្សាច់ ។

អធិការរង​នគរបាល​ក្រុង​ក្រចេះ លោក ចក់ ផ​ល្លី បាន​ឲ្យ​ដឹង​ថា នគរបាល​កំពុង​ចុះ​រាវរក​សព​របស់​បុរស​រូប​នេះ ក្រោយ​ពី​សង្ស័យ​ថា​អាច​លង់ទឹក​ស្លាប់ រីឯ​រថយន្ត​ត្រូវ​បាន​នគរបាល​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ដើម្បី​មាន​វិធានការ​បន្ត ។ លុះ​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល សព​អ្នកបើកបរ​រថយន្ត​រូប​នេះ​ត្រូវ​បាន​រក​ឃើញ ៕