ដំណើររឿង ពាក់ព័ន្ធទៅនឹង ការសម្លាប់ តៃកុងទូកនេសាទ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៦ លោក​ឧត្តមសេនីយ៍ត្រី ជរ ហេង ស្នងការ​រង​នគរបាល ខេត្ត​ព្រះ​សីហ​នុ បាន​រៀបចំ​បើក​ស​ន្និ​សិ​ទ​ព័ត៌មាន​មួយ ដើម្បី​បង្ហាញមុខ​អ្នកសមគំនិត និង​ជន​ជា​ឃាតក​ដៃដល់ ក្នុង​ការ​សម្លាប់​តៃកុង​ទូក​នេសាទ ដែល​បាន​ប្រព្រឹត្ត​ក្នុង​ពេល​កំពុង​នេសាទ​នៅ​លើ​ផ្ទៃសមុទ្រ កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៦ កន្លង​មក ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ រំលង​បាន​២​ថ្ងៃក្រោយ ។

លោក​ឧត្តមសេនីយ៍ត្រី ជរ ហេង បាន​ឲ្យ​ដឹង​ទៀត​ថា ជន​សមគំនិត និង​ជន​ដៃដល់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ១-​លឹ​ម លុ​ច (​ហៅ ណ​យ​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ជន​ដៃដល់ និង​ជា​កម្មករ​នេសាទ​មានស្រុក​កំណើត  ភូមិ​កន្ថោរ ឃុំ​អង្គ​សុ​ភី​ខាងលិច  ស្រុក​កំពង់ត្រាច ខេត្តកំពត ស្នាក់​នៅ​បណ្តោះអាសន្ន លើ​ទូក​នេសាទ​ត្រង់​ចំណុច​ទំនប់​រលក​ចាស់ ស្ថិត​នៅ​ភូមិ​០៣ សង្កាត់ ០១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ២-​លឹ​ម សុធា ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជា​កម្មករ​នេសាទ (​សមគំនិត​) ទាំង​ពីរ​នាក់​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា មានស្រុក​កំណើត​ជាមួយ​គ្នា ។ ដោយឡែក​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ឈ្មោះ រ៉ា ភេទ ប្រុស អាយុ​៤៤​ឆ្នាំ ជា​តៃកុង​ទូក​នេសាទ ស្នាក់​នៅ​បណ្តោះអាសន្ន​ជាមួយ​គ្នា​នៅ​លើ​ទូក ។

លោក​ឧត្តមសេនីយ៍ត្រី បាន​បន្ត​អោយ​ដឹង​ទៀត​ថា មុន​នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន​អ្នកសមគំនិត និង​ជន​ដៃដល់​ជា​ឃាតក​បាន គឺ​ត្រូវធ្វើ​ឡើង​ទៅ​តាម​ពាក្យបណ្តឹង​របស់​ម្ចាស់​ទូក​នេសាទ និង​បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើ​យ៉ាងណា​ត្រូវ​តែ​កំណត់​ស្វែងរក​មុខសញ្ញា​ឲ្យ​បាន​ច្បាស់លាស់ និង​តាម​ឃាត់ខ្លួន​ជនល្មើស​យក​មក​ផ្តន្ទាទោស​ឲ្យ​ខាន​តែ​បាន ។

បន្ទាប់​ពី​សមត្ថកិច្ច​ការិយាល័យ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះ​សីហ​នុ បាន​បើក​ការ​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់​លើ​សាវតា​ជាតិ របស់​ជន​សមគំនិត និង​ឃាតក​រួច​មក​ដោយ​មាន​កិច្ចសហការ​ពី​ស្នងការដ្ឋាន​នគរបាល ខេត្តកំពត នៅ​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្នងការដ្ឋាន ខេត្ត​ព្រះ​សីហ​នុ បាន​ឃាត់ខ្លួន​ជន​ដៃដល់​ឈ្មោះ លឹ​ម លុ​ច នៅ​ចំណុច​មុខ​រោង​ច​ក្រញូវ​ស្តារ ស្ថិត​នៅ​សង្កាត់ ០១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ បន្ទាប់​ពី​ការ​សាកសួរ​ជន​ដៃដល់ យ៉ាង​ល្អិតល្អន់​រួច​មក និង​តាម​ចម្លើយ​សារភាព​ពី​អត្តសញ្ញាណ​នៅ​វេលា​ម៉ោង ៣​រសៀល ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៦ កម្លាំង​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះ​សីហ​នុ សហ​ការណ៍​ជាមួយ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពត បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ លឹ​ម សុធា ជា​បក្ខពួក​ក្នុង​ការ​សមគំនិត សម្លាប់​ជន​រង​គ្រោះ ហើយ​បាន​រត់គេច​ទៅ​សម្ងំ​លាក់ខ្លួន នៅ​ឯ​ស្រុក​កំណើត ឯ​ភូមិ​កន្ថោរ ឃុំ​អង្គ​សុ​ភី​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​សមគំនិត និង​ជន​ដៃដល់​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​ពូថៅ វាយ​ចំនួន ២​ខ្នងពូថៅ ទៅ​លើ​ក្បាល​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ទឹកសមុទ្រ ដោយសារ​តែ​គេ​មាន​កំហឹង​ជាមួយនឹង​ជន​រង​គ្រោះ ដែល​ប្រើ​គេ​ឲ្យ​ចុះ​ដោះ​មង ដែល​រុំ​ជាប់​នឹង​ស្លាបចក្រ​ទូក ហើយ​គេ​ប្រកែក​មិន​ព្រម​ចុះ ព្រោះ​រូបគេ​មិន​ធ្លាប់​ចុះ​ទៅ​ក្នុង​ទឹកសមុទ្រ​នៅ​ពេល​យប់ ។ បន្ទាប់​ពី​ជន​រង​គ្រោះជា​តៃកុង បើកបរ​ទូក​នេសាទ​ខាងលើ​នេះ ប្រើ​ជន​ដៃដល់​មិន​បាន ក៏​មាន​កំហឹង​ដើរ​ចេញ​មក​ពី​ក្នុង​ទូក ហើយ​រុញច្រាន​ខ្លួនប្រាណ​ជន​ដៃដល់​ខ្ទប់​ទៅ​នឹង​ជញ្ជាំង​ទូក និង ទាញ​យក​អង្រែ​បុក​គ្រឿង មក​ជ្រ​ល​បម្រុង​វាយ​ទៅ​លើ​ជន​ដៃដល់ ។

ដោយសារ​តែ​ទប់​នឹង​កំហឹង​មិន​បាន ជន​ដៃដល់​ក៏​បាន​ពូថៅ​កាប់​ទឹកកក ដែល​ទុក​ក្បែរ​នោះ មក​វាយ​ទៅ​លើ​ក្បាល​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ទឹកសមុទ្រ ។ ពេល​នោះ​ជន​រង​គ្រោះ​បាន​ហែល​ទៅ​តោង នឹង​ខ្សែ​ង៉ាង​មង​អូស ចង់​តោង​ឡើង​មក​លើ​ទូក​វិញ ប៉ុន្តែ​ត្រូវ​បាន​ជន​ដៃដល់​យក​កាំបិត​កាប់​ខ្សែ​ផ្តាច់​ចោល រួច​ក៏​នាំ​គ្នា​បើកទូក​រត់គេច​ខ្លួន ទៅ​ខេត្តកោះកុង ទុក​ឲ្យ​ជន​រង​គ្រោះ​អណ្តែត​នៅ​ក្នុង​សមុទ្រ ហើយ​ក៏​បាត់​ខ្លួន​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ ដោយ​រក​សាកសព​មិនឃើញ​ឡើយ ។

ដោយឡែក​ជន​ដៃដល់ និង​អ្នកសមគំនិត បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ពួក​គេ​ទាំង​ពីរ​បាន​បើកទូក​ចូល​ទៅ​កំពង់​ផែ​ កោះ​ស្តេច ក្នុង​ខេត្តកោះកុង ហើយ​ក៏​ឡើង​ទៅ​សម្ងំ​លាក់ខ្លួន​ក្នុងផ្ទះ​សំណាក់ បាន​១​យប់ ក៏​បែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន លុះដល់​ពេលវេលា​ខាងលើ ខណៈ​ដែល​គេ​វិល​ត្រលប់​មក​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ប្រមូល​យក​ខោអាវ​នៅ​ហាង​បោកគក់ ក៏​ត្រូវ​សមត្ថកិច្ច​នគរបាល ឃាត់ខ្លួន​តែ​ម្តង និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​បក្ខពួក​ម្នាក់​ទៀត ដែល​ជា​ជន​ដៃដល់​តាម​ពេលវេលា​ខាងលើ ។ បច្ចុប្បន្ន​ជន​ដៃដល់ និង​អ្នកសមគំនិត​ត្រូវ​បាន​នគរបាល​ការិយាល័យ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះ​សីហ​នុ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល ខេត្តកោះកុង ដែល​ជាទី​តាំង​កើតហេតុ ដើម្បី​កសាង​សំណុំរឿង​បន្ត និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង ខេត្តកោះកុង ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

ដំណើររឿង ពាក់ព័ន្ធទៅនឹង ការសម្លាប់ តៃកុងទូកនេសាទ
ដំណើររឿង ពាក់ព័ន្ធទៅនឹង ការសម្លាប់ តៃកុងទូកនេសាទ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត