ជិះ​ម៉ូតូ​លឿន​ពេក​បុក​ខឿន​ផ្លោង​ទៅ​បុក​ដែក​ចាក់​ធ្លាយ​ពោះវៀន​ស្លាប់

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ធ្លាយ​ពោះវៀន​ចេញ​ក្រៅ​ស្លាប់​គួរ​ឲ្យ​រន្ធត់ ​និង​ម្នាក់​ទៀត​របួសធ្ងន់ ខណៈ​​​ជិះ​ម៉ូតូ​លឿន​ពេក​​ជ្រុល​ទៅ​បុកខឿន​សួនច្បារ​ពុះ​ចែកផ្លូវ​ផ្លោង​ទៅ​ជុង​នឹង​ដែក​នៅ​លើ​សួនច្បារ ​​កាលពី​​​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀប​ភ្លឺ​​​ថ្ងៃ​ទី​១៤ ខែ​​មីនា ឆ្នាំ២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្បែរ​រង្វង់​មូល​ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ ​ខណ្ឌ​ជ្រោយចង្វារ​ ។

សព​ជន​រង​គ្រោះ​​ឈ្មោះ ហេង ហុង ​អាយុ​២៦​ឆ្នាំ ​​ជា​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​កាលណា​ឌី​យ៉ា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​មានស្រុក​កំណើត​នៅ​ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្តាល ​។

សាក្សី​​​ឃើញ​ហេតុការណ៍​បាន​និយាយ​​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ​និង​មួយ​គ្រឿង​ទៀត​ម៉ាក​MSX ពណ៌​ស​​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ទើប​តែ​​ចេញ​មក​ពី​​ហូប​ការ​នៅ​រកា​កោង ​ហើយ​ពួក​គេ​​​​ត្រឡប់​ភ្នំពេញ​វិញ ​​ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន​​លុះ​​មក​ដល់​ចំណុច​កើតហេតុ​ជិត​រង្វង់​មូល​ជ្រោយចង្វារ ​ត្រង់​ចំណុច​ផ្លូវ​កោង​ជន​រង​គ្រោះ​មិន​បាន​បន្ថយល្បឿន​កោង​តាម​ផ្លូវ​ទេ ធ្វើ​ឲ្យ​ម៉ូតូ​​​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ខឿន​សួរ​ច្បារ​ពុះ​ចែកផ្លូវ​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​​ផ្លោង​ប្រមាណ​២០​ម៉ែត្រ​ទៅ​លើ​សួនច្បារ​ចិញ្ចើម​ផ្លូវ​​ជុង​​​នឹង​​ដែកថ្នាំងអំពៅ​បណ្តាល​ឲ្យ​ធ្លាយ​ពោះវៀន​ស្លាប់​ម្នាក់ និង​ម្នាក់​ទៀត​រង​បួស​ធ្ងន់ ។ រីឯ​មិត្ត​ភ​ក្កិ​ដែល​ជិះ​ម៉ូតូ MSX មិន​បាន​ដួល​ទេ ​​ឈប់​ម៉ូតូជួយ​មើល​ជន​រង​គ្រោះ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​របួសធ្ងន់​ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន រីឯ​ម៉ូតូ​ជន​រង​គ្រោះ​​ត្រូវ​សមត្ថកិច្ច​វាសវែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក ។ ​ចំណែក​​​សព​ត្រូវ​សាច់ញាតិ​ដឹក​យក​ទៅ​​ធ្វើបុណ្យ​​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕