ហេតុ​អ្វី​មនុស្ស​ត្រូវធ្វើ​ទំនើប​កម្ម​ចំណេះ​ជាប់​រហូត?

នៅ​ពេល​ដែល​ពេលវេលា​រំកិល​ទៅ​មុខ ការងារ​មួយ​ចំនួន​បាន​លេចឡើង ហើយ​ការងារ​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​ហួស​សម័យ និង​បាត់បង់​។ ក្នុង​យុគសម័យ​ឌី​ជី​ថ​ល មនុស្ស​ត្រូវធ្វើ​ទំនើប​កម្ម​ចំណេះដឹង​របស់​ពួក​គេ​ជាប់​រហូត បើ​ពុំនោះ​ទេ គេ​អាច​នឹង​បាត់បង់​ការងារ ឬ​មុខ របរ​។

ពី​មុនគេ​គិត​ថា មនុស្ស​ត្រូវ​ចេះ​អាន និង​ចេះ​សរសេរ​។ ប៉ុន្តែ​ក្នុង​សម័យកាល​ឌី​ជី​ថ​ល​នេះ ការ​ចេះ​អាន និង​ចេះ​សរសេរ​មិន​ត្រូវ​បាន​ចាត់​​ទុក​ថា ជា​មូលដ្ឋាន​នៃ​ចំណេះដឹង​ទេ។ ការ​ចេះ​ប្រើ​កុំព្យូទ័រ និង​អ៊ី​ន​ធើ​រ​ណេ​ត គឺជា​កត្តា​មូលដ្ឋាន​ចំនួន​ពីរ​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​ចេះ​ដឹង​នៅ​ក្នុង​សម័យកាល​នេះ​។

ក្រឡេក​ត្រឡប់​ក្រោយ​បន្តិច​នៅ​ក្នុង​ទស្សវត្សរ៍​១៩៩០ អ្នក​ដែល​គ្រាន់តែ​ចេះ​ប្រើ​កុំព្យូទ័រ ក៏​អាច​រក​លុយ​ចាយ​បាន​ដែរ​នៅ​ពេល​នោះ​។ ការ​វាយ​អត្ថបទ​កុំព្យូទ័រ​មួយ​ទំព័រ​អាច​រកបាន​ចំនួន​មួយ​ដុល្លារ​។ ការ​វាយ​អត្ថបទ​តាម​កុំព្យូទ័រ​បាន​ក្លាយជា​មុខរបរ​មួយ​ដែល​អាច​រក​ប្រាក់​ចំណូល​គ្រាន់បើ ហើយ​សាលាបង្រៀន​វាយ​អក្សរ​តាម​កុំព្យូទ័រ​ក៏​កើត​យ៉ាងច្រើន​។ ប៉ុន្តែ​ក្រោយមក​មុខរបរ​នេះ ក៏​បាត់បង់ ហើយ​របរ​អ៊ី​ន​ធើ​រ​ណេ​ត​បាន​ចូល​មក​ជំនួស​វិញ​។ នៅ​តាម​ដងផ្លូវ​សំខាន់​ៗ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មាន​កន្លែង​បម្រើ​សេវា​កម្ម​អ៊ី​ន​ធើ​រ​ណិ​ត​ជា​ច្រើន​។ ប៉ុន្តែ​មិនយូរ​ប៉ុន្មាន​មក​ដល់​ពេល​នេះ របរ​សេវា​អ៊ី​ន​ធើ​រ​ណេ​ត​តាម​ដងផ្លូវ ក៏​សឹងតែ​លុប​បាត់​ទាំងស្រុង​ចេញពី​ដងផ្លូវ​នៅ​ទីក្រុង​ភ្នំ​ព​ពេញ ដោយ​សារ​​តែ​មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​នៅ​ភ្នំពេញ​បាន​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត​នៅផ្ទះ ឬ​ក៏​តាម​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ​។

ការ​កើតឡើង និង​ការ​បាត់​ទៅ​វិញ នៃ​មុខរបរ​ទាំង​ពីរ​នេះ បាន​ប្រាប់​ដល់​ប្រជាជន​កម្ពុជា​ថា បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​មានការ​កកើត​មុខរបរ​ថ្មី​ៗ និង​ធ្វើ​ឱ្យ​មុខរបរ​មួយ​ចំនួន​ហួស​សម័យកាល​។ ដូច្នេះ​វា​ចាំបាច់​ណាស់​ដែល​មនុស្ស​ត្រូវ​តែ​ធ្វើ​ទំនើប​កម្ម​ចំណេះដឹង​របស់​ពួក​គេ​ឱ្យ​បាន​ទាន់​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​។ បើ​ពុំនោះ​ទេ ពួក​គេ​មិន​អាច​ចាប់​យក​ឪ​កាស​ថ្មី​នៃ​មុខរបរ និង​ការងារ​ឡើយ​។

បច្ចេកវិទ្យា​បាន​ផ្តល់​ឪ​កាស​កាន់តែ​ច្រើន​សម្រាប់​មនុស្ស​ដែល​មានចំណេះ​ដឹង​ដែល​ទំនើប​ទាន់​សម័យកាល​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ជន​ក្រីក្រ​កម្ពុជា​ជា​ច្រើន​ប្រហែលជា​មិន​អាច​ទាញ​យក​ប្រយោជន៍​ពី​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​នេះ​ឡើយ​។ នេះ​ក៏​ព្រោះតែ​ពួក​គេ​មិន​មាន​លទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនោះ​។ ដូច្នេះ​ការ​ពង្រីក​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត​ឱ្យ​ដល់​ជនបទ គឺជា​រឿង​ល្អ​មួយ ដើម្បី​ជួយ​ដល់​ជន​ក្រីក្រ​កម្ពុជា​នៅ​តាម​ជនបទ​។

នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល និង​អ្នកនយោបាយ​គួរ​គិតគូរ ដើម្បី​ធានា​ថា ទាំង​អ្នកមាន និង​អ្នកក្រ​មាន​លទ្ធភាព​ដូច​គ្នា​ទទួលយក​ផលប្រយោជន៍​ពី​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​៕

                                                                                                                       ដោយ រ័ត្ន ធីយ៉ា​