លោកយាយ​អនាថា មាន​ជំងឺ​បាយ​មិន​នឹក ទឹក​មិន​ស្រេក ខ្យល់គរ​ស្លាប់

រាជ​ធានី​​ភ្នំពេញ ៖ លោក​យាយ​​អនាថា​​ម្នាក់ ​មាន​អាយុ​ប្រហែល​៧០​ឆ្នាំ បាន​ខ្យល់គរ​ដួល​ស្លាប់​ភ្លាម​ៗ​នៅ​ជិត​ជញ្ជាំង​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ មីនា ២០១៦ ស្ថិត​នៅ​ផ្លូវ​បេតុង​លេខ​៩៣ ​ក្នុង​ក្រុម​៣៣ ភូមិ​៥ សង្កាត់​ផ្សារ​​ដើម​ថ្កូវ ខណ្ឌចំការមន ។ លោកយាយ​រង​គ្រោះ​មាន​ឈ្មោះ​ម៉ៅ ជា​ជនអនាថា ស្នាក់​នៅ​តាម​ផ្លូវ​កន្លែង​កើតហេតុ​ខាងលើ ។

បើ​តាម​ប្រភព​ឱ្យ​ដឹង​ថា លោកយាយ​ខាងលើ បាន​មក​រស់នៅ​ទី​នេះ​បាន​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ហើយ​លោកយាយ​គ្មាន​បងប្អូន និង​សាច់ញាតិ​ទេ ដោយ​គាត់​ត្រូវ​បាន​អ្នក​ជិតខាង​ឱ្យ​បាយ និង​ចំណី​ហូប​ជា​រៀងរាល់ថ្ងៃ ។

លុះ​មក​ដល់​ថ្ងៃ​កើតហេតុ ដោយសារ​តែ​លោក​យាយ​មាន​ជំងឺ​ប្រចាំ​កាយ​ផង គឺ​ដេក​នៅ​និង​កន្លែង​ងើប​មិន​រួច គឺ​គិតតែ​ដេក​មិន​ហូប​អ្វី​ទាំង ហើយ​ក៏​មាន​ក្មេង​ៗ​នៅ​ក្នុងភូមិ បាន​ទៅ​ជួយ​​ចង​មុង​ឱ្យ​គាត់​ដេក ស្រាប់តែ​ភ្ញាក់ផ្អើល​ឃើញ​លោកយាយ​រឹង​ដៃ​រឹង​ជើង លែង​ដក​ដង្ហើម​ទៅ​ហើយ បានរ​ត់ទៅ​ប្រាប់​អ្នក​ជិតខាង​ឱ្យមក​មើល ទើប​ដឹង​ថា លោកយាយ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។