​ចុះ​ MOU ដើម្បី​កាត់​បន្ថយ​ការ​គំរាមកំហែង​ពី​គ្រាប់​មីន​នៅ​​កម្ពុជា

រាជ​ធានី​ភ្នំពេញ ​៖ ដើម្បី​រួម​ចំណែក​​ជួយ​ក្នុង​​​សកម្ម​ភាព​​​សង្គម និង​មនុស្សធម៌​របស់​​ខ្លួន កាលពី​​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោកស្រី     Ines Cassin អគ្គ​​នាយិកា​​អង្គការ Altadis Foundation បាន​ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ ​(MOU) ជាមួយ​អង្គការ MAG នៅ​ខេត្ត​បាត់ដំបង ដើម្បី​អនុវត្ត​គម្រោង​លើកកម្ពស់​​ជីវិត និង​ជីវភាព​រស់នៅ​​របស់​ប្រជាពលរដ្ឋ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​គំរាមកំហែង​ពី​គ្រាប់​មីន និង​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទុះ​ដ​​ទៃ​ទៀត​​នៅ​កម្ពុជា ។

នេះ​គឺជា​គម្រោង​ទី​២ហើយ ដែល​អង្គការ Altadis Foundation និង​អង្គការ MAG បាន​សាង​ភាព​ជា​ដៃគូ​ជាមួយ​គ្នា​នៅ​ប្រទេស​កម្ពុជា ខណៈ​គម្រោង​ទី​១ ត្រូវ​បាន​​អនុវត្ត​កាលពី​​ឆ្នាំ​​២០១៤ ដោយ​​គាំទ្រ​លើ​ការ​បោសសម្អាត​មីន ​ដោយ​ប្រើប្រាស់​គ្រឿងចក្រ ដែល​ទទួល​បាន​​លទ្ធផល​យ៉ាង​​ជោគជ័យ ព្រោះ​តែ​គម្រោង​នេះ ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ប្រមាណ៤០,៨៤០​នាក់ និង​បោសសម្អាត​ផ្ទៃ​ដី​​បាន​ចំនួន​២៥១.០០០ម៉ែត្រ​ការ​រ៉េ ។