ព្រឹកនេះ ​សម្តេច ហេង សំរិន​ ជួបសំណេះសំណាល​ជាមួយពលរដ្ឋខ្មែរ​នៅទីក្រុងកង់បេរ៉ា

អូស្រ្តាលី ៖​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ​ ប្រធានរដ្ឋសភាជាតិបានជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋខ្មែរជាង១៥០នាក់ រស់នៅប្រទេសអូស្រ្តាលី ​ក្នុងទីក្រុងកង់បេរ៉ា ។

បើតាមគេហទំព័ររដ្ឋសភា​បានបញ្ជាក់ទៀតថា​ ក្នុងពិធីសំណេះសំណាល នៅព្រឹកថ្ងៃទី១៤ មីនាននេះ សម្តេច ហេង សំរិន ​បានលើកឡើងពីការរីកចម្រើន​ ​ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា​នាពេលបច្ចុប្បន្ននេះជម្រាបជូនដល់ប្រជាពលរដ្ឋខ្មែរ ​ដែលបានឃ្លាតឆ្ងាយពីមាតុប្រទេស ។ សម្តេចបានគូសបញ្ជាក់ថា ​នៅពេលបច្ចុប្បន្ននេះ ​កម្ពុជាទទួល ​បានសុខសន្តិភាព ស្ថិរភាព នៅពេញផ្ទៃប្រទេស ​ហើយអ្វីដែលកម្ពុជាទទួលបាននៅពេលនេះ​ កើតចេញពីការខិតខំរបស់ថ្នាក់ដឹកនាំ ​ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ​ចេញពីបាតដៃទទេ ​នៅក្រោយរបបខ្មែរក្រហម បានដួលរលំទៅនៅឆ្នាំ ​១៩៧៩ នោះ។

សូមជម្រាបថានៅក្នុង​ដំណើរទស្សនកិច្ចនៅប្រទេសអូស្រ្តាលីនេះ​ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ​ដឹកនាំដោយសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ​គ្រោងនឹងជួបពិភាក្សា​ការងារ ជាមួយ​ថ្នាក់ដឹកនាំព្រឹទ្ធសភា​ រដ្ឋសភាអូស្រ្តាលី​ ជាបន្តបន្ទាប់ទៀត ៕