ចាំ​មើល​! នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ មាន​អ្វី​ប្លែក​ខ្លះ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​នេះ?

រាជ​ធានីភ្នំពេញ ៖ សម្រាប់ពិធី​​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​​នេះ នៅ​ឯរមណី​យដ្ឋា​ន​វត្ត​ភ្នំ ​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​​រៀបចំ​​​​កែលម្អ​​​​​យ៉ាង​​ស្រស់​បំព្រង តាម​បែប​ធម្មជាតិ​ មាន​លក្ខណៈ​​វប្បធម៌​ និង​​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ-​អន្តរជាតិ​ឱ្យ​​ចូល​មក​លេង​​​កម្សាន្ត​​ឱ្យបាន​ច្រើនកុះករ ​។

លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ​ថ្លែងបែបនេះ ​ក្នុង​​ពិធី​ប្រគំ​តន្ត្រី និង​ការ​សម្តែង​សិល្បៈ ដែល​រៀបចំ​ឡើង​ដោយ​មន្ទីរ​វប្ប​ធម៌ និង​វិចិត្រសិល្បៈ ​សហការ​ជាមួយ​មន្ទីរ​​អប់រំ​​យុវជន និង​កីឡា ​រាជធានី​ភ្នំពេញ ក្នុង​ន័យ​អប​អរសាទរ​ទិវា​វប្បធម៌​ជាតិ​ឆ្នាំ​២០១៦​ នៅ​រមណី​យ​ដ្ឋាន​​វត្ត​ភ្នំ កាលពី​ពេល​ថ្មី​ៗ​កន្លង​​មកនេះ  ​ហើយ​ក៏​បាន​​អំពាវនាវ​ដល់​​ប្រជាពលរដ្ឋ ជា​ពិសេស​ក្រុម​យុវវ័យ​សុំ​ឱ្យ​​ជ្រើស​ យក​រម​ណី​យ​​ដ្ឋា​ន​វត្ត​ភ្នំ​ ជា​កន្លែង​លេង​កំ​សាន្ត​សប្បាយ​ និង​លេងល្បែង​ប្រជា​ប្រិ​យ​ខ្មែរ​ ដែល​ជា​វប្បធម៌​ប្រពៃណី​ជាតិ​ឱ្យ​​បាន ច្រើន ​ក្នុង​ឱកាស​​​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ។

​លោក​ប៉ា សុ​ជាតិ​វង្ស បាន​ស្នើ​​ឱ្យ​មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សិ​ល្បៈ​​រៀបចំ​កម្មវិធី​អបអរ​សាទរ​ទិវា​វប្បធម៌​ជាតិ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​បំផុស​ស្មារតី​យុវជនឱ្យ​​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​វប្បធម៌​​ជាតិ ក្នុង​បំណង​ជំរុ​ញ​​ការ​ចូលរួម​កាន់តែ​សកម្ម​ប្រកបដោយ​មោ​ទ​ន​ភាព និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ​ក្នុង​ការ​ផ្សព្វផ្សាយ​អភិរក្ស និង​អភិវឌ្ឍ​ន៍​​វប្បធម៌​ជាតិ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ជំនឿ​សាសនា និង​ពណ៌​​សម្បុរ​ឡើយ ៕