ទាល់តែ​មាន​មនុស្ស​ស្លាប់ ទើប​ធ្លាយ​រឿង​អត់​​ច្បាប់

ខេត្តស្វាយរៀង ៖ ស្ត្រី​ស៊ីឈ្នួល​លើក​ទឹក​សុទ្ធ​ម្នាក់ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​ថ្ងៃ​ទី​១៣ មីនា ២០១៦ ស្ថិត​នៅ​ក្នុង​រោង​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​​គ្មានយីហោ​មួយកន្លែង​ ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។

ស្ត្រី​ដែល​ស្លាប់​ឈ្មោះ​ចាន់ សា​រ៉េ​ន អាយុ​៤៤​ឆ្នាំ ជា​កម្មករ​លើក​ទឹក​សុទ្ធ មាន​ទី​លំ​ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ។ ចំណែក​ខាង​ម្ចាស់​សិប្បកម្ម​ទឹក​សុទ្ធ​មានឈ្មោះ​ថោ​ង ជីវី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ព្រំ សា​រិ​ន អាយុ​៤៣​ឆ្នាំ បាន​បើក​លួចលាក់ ពុំ​បាន​សុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ស្របច្បាប់ ក៏​ប៉ុន្តែ​ម្ចាស់​សិប្បកម្ម​មួយ​នេះ បាន​ដំណើ​ការ​ផលិត​ទឹក​សុទ្ធ​លក់​ជិត​១​ឆ្នាំ​មក​ហើយ ។

ប្រភព​ដដែល​បន្ត​ថា ចំពោះ​មូលហេតុ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ស្លាប់ គឺ​មក​ពី​ដៃ​សើម ហើយ​ទៅ​បិត​បា​រ៉ែត​ភ្លើង​នៅ​សសរ​រោង​សិប្បកម្ម​បណ្តាល​​ឱ្យ​ខ្សែភ្លើង​ឆក់​ ដួល​សន្លប់​ទៅ​លើ​ដី និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ រត់​មក​ឆោឡោ និង​បាច​ដីខ្សាច់​ចាក់ទឹក ជួយ​ធ្វើ​ចលនា​បេះដូង ។

បន្ទាប់​មក ក៏​បាន​ហៅ​រថយន្ត​ដឹក​ប​ញ្ជួ​ន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ស្រុក​ស្វាយ​ទាប ដើម្បី​សង្គ្រោះ ក៏​ប៉ុន្តែ​លោកគ្រូ​ពេទ្យ​បាន​ប្រាប់​ថា ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។