សម្តេច​តេ​ជោ បញ្ជា​ឲ្យ​ចាប់ខ្លួន​អ្នកនយោបាយ​សន្យា​បោកប្រាស់​ប្រជាពលរដ្ឋ​

ភ្នំពេញ:
សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន អ្នកនយោបាយ​ណា ឬ​តំណាងរាស្ត្រ​ណា សន្យា​បោកប្រាស់​ប្រជាពលរដ្ឋ ថា​នឹង​លុប​បំណុល​ប្រជាពលរដ្ឋ​ចោល ពេលដែល​គេ​ឈ្នះឆ្នោត​។​

​នៅ​ព្រឹក ថ្ងៃទី​១៤ មីនា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​សន្និសីទ​ជាតិ​ស្តីពី ការអភិវឌ្ឍន៍​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ។​

​សន្និសីទ​នេះ ធ្វើឡើង​ក្នុងឱកាស​រំលឹក​ខួប ១០​ឆ្នាំ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានប្រកាសថា "​ឆ្នាំ​២០០៦ ជា​ឆ្នាំ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​" និង​ដើម្បី​ផ្សព្វផ្សាយ​សមិទ្ធផល​ដែល​សម្រេចបាន​រយៈពេល​កន្លងមក ពិសេស​ចង់បង្ហាញ​ពី​អត្ថប្រយោជន៍ និង​តួនាទី​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ ដែល​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ ដែលជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​កោតសរសើរ​ធនា​គា​ជាតិ​នៃ​កម្ពុជា ក្នុង​រយៈពេល​កន្លងមក​នេះ​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ក្នុងការ​កាត់បន្ថយ​ភាព​ក្រ​ក្រ​របស់​ប្រជាជន​។ ហើយ​កន្លងមក​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​មួយចំនួន ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យនេះ ហើយ​ភាព​រីកចម្រើន​នៃ​មីក្រូហិរញ្ញវត្ថុ​នេះ គឺ​ដោយសារតែ​ប្រទេសជាតិ​មាន​សុខសន្តិភាព ទើប​អាច​មានឱកាស​ក្នុងការ​អភិវឌ្ឍន៍​វិស័យនេះ ។​

​ទាក់ទង​នឹង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា កន្លងទៅ​មាន​អង្គការ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​បាន​ឲ្យ​លុយ​ប្រជាពលរដ្ឋ​ខ្ចី ដោយ​មិនមាន​លក្ខខណ្ឌ​គ្រប់គ្រាន់ តែ​ដល់ពេល​ប្រជាពលរដ្ឋ​មិនមាន​លុយ​សង​នោះ គឺ​បាន​រឹបអូស​យក​ទ្រព្យសម្បតិ្ត ដីធ្លី ឬ​ផ្ទះ​ជាដើម ហាក់ដូច​ជាមាន​គម្រោង​ផែនការ​កេងចំណេញ​ពី​ពលរដ្ឋ​។ សម្តេច​តេ​ជោ អំពាវនាវ​ដល់​ភ្នាក់ងារ​អង្គការ និង​ស្ថាប័ន​ទាំងនេះ បញ្ឈប់​សកម្មភាព​ខាងលើ ហើយ​ទន្ទឹម​និង​នេះ គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនត្រូវ​ពាក់ព័ន្ធ ឬ​ការពារ​ភ្នាក់ងារ​អង្គការ​ទាំងអស់​នោះឡើយ​។​

​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​នៅនឹងកន្លែង ប្រសិនបើ​អ្នកនយោបាយ​ណា ឬ​តំណាងរាស្ត្រ​ណា​ដែល​សន្យា​បោកប្រាស់​ប្រជាពលរដ្ឋ ដោយ​សន្យាថា​នឹង​លុប​បំណុល​ប្រជាពលរដ្ឋ​ចោល​ពេលដែល​គេ​ឈ្នះឆ្នោត ពីព្រោះ​នេះ ជា​រឿង​បោកប្រាស់​និង​ល្មើសច្បាប់​ខុសពី​បទ​បញ្ញា​តិ​ផ្នែក​ហរិញ្ញវត្ថុ​។ ចំណុច​សំខាន់​មួយទៀត គឺ​សម្តេច​តេ​ជោ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន​នៅពេល​ដែលមាន​ក្រុមហ៊ុន​ភ្នាក់ងារ​ហិរញ្ញវត្ថុ​ទាំងឡាយណា ដែល​សន្យា​ឲ្យ​ការប្រាក់​ខ្ពស់​រហូតដល់ ១២% ។ នេះ​គឺ​គ្រោះថ្នាក់​ខ្លាំងណាស់ ព្រោះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ហើយ​បាន​ចាញ់បោក និង​កំពុង​ចាញ់បោក​ក្រុម​ភ្នាក់ងារ​ទាំងនោះ​។ សម្តេច​តេ​ជោ បាន​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ និង​មន្ត្រី​មាន​សមត្ថកិច្ច​ពិនិត្យ​តាមដាន​ក្រុមហ៊ុន និង​ភ្នាក់ងារ​ទាំងអស់នោះ​។​

​ក្នុង​សន្និសីទ​នេះ ក៏​នឹង​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន ៥ រួមមាន​៖
១. លទ្ធភាព​ក្នុងការ​ប្រើប្រាស់ និង ទទួលបាន​សេវា​ហិរញ្ញវត្ថុ​
២. ការ​ឲ្យ​ខ្ចី​ក្នុង និង​ក្រៅ​ប្រព័ន្ធ​
៣. ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង កិច្ចការពារ​អតិថិជន​
៤. សេវា​ធនាគារ​ចល័ត​៖ ឱកាស និង ការ​ប្រឈម និង​ទី​
៥. តួនាទី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​សកម្មភាព​សង្គម និង​បរិស្ថាន​។​

​ដូ​ច្នេះ​តាមរយៈ សន្និសីទ​ជាតិ​ថ្ងៃនេះ នឹង​ជួយ​ពង្រឹង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នេះ អោយ​កាន់តែ​រឹងមាំ ជាមួយនិង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ និង​កសាង​ប្រទេសជាតិ​យើង​អោយ​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​៕

សម្តេច​តេ​ជោ បញ្ជា​ឲ្យ​ចាប់ខ្លួន​អ្នកនយោបាយ​សន្យា​បោកប្រាស់​ប្រជាពលរដ្ឋ​

សម្តេច​តេ​ជោ បញ្ជា​ឲ្យ​ចាប់ខ្លួន​អ្នកនយោបាយ​សន្យា​បោកប្រាស់​ប្រជាពលរដ្ឋ​

សម្តេច​តេ​ជោ បញ្ជា​ឲ្យ​ចាប់ខ្លួន​អ្នកនយោបាយ​សន្យា​បោកប្រាស់​ប្រជាពលរដ្ឋ​