ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​នឹង​ចុះ​MOU​ជាមួយ​យុវជន​កុ​ម្មុយ​នី​ស្ត​ចិន​

ភ្នំពេញ:
ក្រុមការងារ​យុវជន​ថ្នាក់កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​១១​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ ដើម្បី​ពង្រឹង​ទំនាក់ទំនង រឹតចំណង​សាមគ្គីភាព​មិត្តភាព​រវាង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា និង​យុ​វជនកុ​ម្មុយ​នី​ស្ត​ចិន នឹងមាន​ការចុះ​អនុស្សរណៈ​លើ​កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ​ថែម​ទៀតផង​។​

លោក​កែ ប៊ុន​ខៀង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុមការងារ​យុវជន​ថ្នាក់កណ្តាល និង​ជា​អនុប្រធាន​គណៈ​ឃោសនាអប់រំ​គណៈកម្មាធិការ​កណ្តាល បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​ថា គណៈប្រតិភូ​នេះ ជា​ប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ភាគច្រើន​ជា​យុវជន​ដឹកនាំ​ដោយ​រូបលោក និង​លោក​ហ៊ុន ម៉ា​ណែ​ត ហើយ​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា គឺ​ដើម្បី​រឹតចំណង​សាមគ្គីភាព​រវាង​គណបក្ស​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ក​ម្មុយ​នី​ស្ត​ចិន និង​ចំណងទាក់ទង​គ្នា​រវាង​យុវជន​កម្ពុជា​និង​យុវជន​ចិន​។ ដោយ​លោក​បញ្ជាក់ថា គោលបំណង​ទី​១ គឺ​ដើម្បី​ចុះ​អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​ម​ជ្ឈឹ​ម​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​ចិន​។ ទី​២.​សិក្សា​លើ​ប្រធានបទ​មួយចំនួន​ដូចជា បច្ចេកវិទ្យា​ព័ត៌មាន និង​សហគ្រិនភាព​ដោយ​ចង់​ឲ្យ​យុវជន​ស្វែងយល់​កាន់តែ​ជ្រៅ​ថែមទៀត​ពី​បច្ចេកវិទ្យា​ព័ត៌មាន និង​ធ្វើ​ឲ្យ​ការយល់ដឹង​នេះ​រួមចំណែក​ក្នុងការ​បង្កើត​សុខដុម​នីយកម្ម និង​ស្ថេរភាព​នៅក្នុង​ចំណោម​យុវជន​ព្រមទាំង​បង្កើត​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត សម្រាប់​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ជាដើម​។ ទី​៣.​ស្វែងយល់​ពី​ការអប់រំ​យុវជន​របស់​បក្ស​កុម្មុយនីស្ត​ចិន​តាំងពី​នៅ​ទីក្រុង​រហូត​ជនបទ និង​ទី​៤.​ស្វែងយល់​ពីបទ​ពិសោធ នៃ​ការដឹកនាំ​ព្រមទាំង​រចនាសម្ព័ន្ធ​រប​ស់​យុវជន​បក្ស​កុម្មុយនីស្ត​ចិន​តាំងពី​ថ្នាក់កណ្តាល​រហូត​ដល់ទី​ជនបទ​។

​លោក​កែ ប៊ុន​ខៀង បាន​បញ្ជាក់ថា ការចុះ​អនុស្សរណៈ​នេះ គឺជា​ការចុះ​អនុស្សរណៈ​លើកដំបូង ហើយ​កាលពី​ដំណើរ​ទស្សនកិច្ច​នា​ឆ្នាំមុន គណៈប្រតិភូ​ដដែល​នេះ បាន​សំណូមពរ​ជាមួយ​យុវជន​បក្ស​កុម្មុយនីស្ត​ចិន​ថា នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំងពីរ​ហើយ​មួយឆ្នាំ​កន្លងទៅនេះ ក្រោយពី​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​បាន​កំណត់ថា នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ​៕​