លី អីុ​វ៉ា​ធី​ណា ចង់​រួម​ស្នេហ៍​មិនបាច់​រៀប​ការ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លី អីុ​វ៉ា​ធី​ណា ហាក់​មិន​ចាត់​ទុក​ការ​ក្រាប​សំពះ​ផ្ទឹម​ចង ដៃ​ក្រោម​សំឡេង​ភ្លេង​ការ​ជា​រឿង​សំខាន់​ប៉ុន្មាន​ទេ ។ តារាចម្រៀង​រូប​នោះ​មាន​ជំហរ​ថាបើ​មាន​គូ​អនាគត នាង​ប្រហែលជា​មិន​រៀប​ការ​ទេ ចង់​រស់នៅ​រួម​គ្នា​ដូច​នៅ​អឺរ៉ុប ។

ក្នុង​សម្តី​រួសរាយ​ជាមួយ​អ្នក​សារព័ត៌មាន ខណៈ​កញ្ញា​លី អីុ​វ៉ា​ធី​ណា ប្រារព្ធ​ពិធី​ខួបកំណើត​គម្រប់​វ័យ​៣១​ឆ្នាំ របស់​ខ្លួន​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​នាង​ទើបតែ​ទទួលយក​បុរស​ម្នាក់​សម្រាប់​ការ​ពិចារណា​ឲ្យ​ល្អិតល្អន់​អំពី​អនាគត ។ ធី​ណា​បាន​ទាក់ទង​ជាមួយ​បុរស​វ័យ​៣០​ក្រាស់​ម្នាក់​រស់នៅ​សហរដ្ឋអាមេរិក​មួយរ​យៈមក​ហើយ ។ ទោះជា​យ៉ាងណា​ក្តី ជាមួយ​បុរស​នោះ ធី​ណា​នៅ​មិន​ទាន់​ដឹង​ទៅ​មុខ​បែប​ណា​ទៀត​ទេ​គ្រា​ដែល អ្វី​ៗ​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា ។

លី អីុ​វ៉ា​ធី​ណា ចង់​រួម​ស្នេហ៍​មិនបាច់​រៀប​ការ

តារាចម្រៀង​តូច​ច្រឡឹង​រូប​នេះ​លើក​ឡើង​ថា «​តាម​ចំណូលចិត្ត​របស់​នាង​ខ្ញុំ បើ​និយាយ​ពី​បញ្ហា​រៀប​ការ​នោះ គឺ​ដូច​ជា​មិនសូវ​សំខាន់​ពេក​ទេ ។ បើ​គិតពិចារណា​ទៅ​មាន​គូស្នេហ៍ ឬ​ប្តី​ប្រ​ព​ន្ឋ​មួយ​ចំនួន​រៀប​ការ​នៅ​ជាមួយ​គ្នា​ហើយ បែរជា​បែក​គ្នា  ផុយ​ៗ មើលទៅ​ដូច​ជា លេង​ៗ​ទេ ។ ម៉្លោះហើយ​នាង​ខ្ញុំ​ចង់បាន​ជីវិត​ស្នេហា​ដូច​អឺរ៉ុប យល់​ថា​ល្អ​ម្យ៉ាង ។ លើស​ពី​នេះ​ប្រសិនបើ​ថ្ងៃក្រោយ​នៅ​ជាមួយ​គ្នា​មាន​កូនចៅ​អាច​គិត​រៀប​ការ​នោះ​ក៏​មិន​ទាស់​អ្វី​ដែរ ។ ទោះបីជា​យ៉ាងណា​ក្តី ដ្បិតតែ​អាយុ​នាង​ខ្ញុំ​ឈាន​ដល់​វ័យ​៣១​ឆ្នាំ ប៉ុន្តែ​បើ​និយាយ​ពី ប្រុស​ៗ​សុំ​ស្រឡាញ់​ក៏​មាន​ច្រើន​ដែរ ប៉ុន្តែ​មក​ពី​គិត​ថា ខុសចិត្ត​ខុស​គំនិត​គ្នា ។

មុន​ពេល​ស្គាល់​បុរស​ម្នាក់​នៅ​អា​មេ​រិ​ក​នាង​ខ្ញុំ​ធ្លាប់​ជួប​រឿង​បែកបាក់​គូស្នេហ៍​ម្តង​ដែរ មក​ពី​មានគំនិត​ខ្វែងគ្នា​ច្រើន​» ។

មិន​ចង់​រៀប​ការ ហើយ​មិន​ខ្លាច​មជ្ឈដ្ឋាន​នានា​រិះគន់​ក្នុង​នាម​ស្ត្រី​ខ្មែរ លី អីុ​វ៉ា​ធី​ណា និយាយ​ថា «​នាង​ខ្ញុំ​មិន​ផ្តោត​លើស​ម្តី​រិះគន់​របស់​អ្នក​ណា​នោះ​ទេ ពីព្រោះ​នោះ​ជា​ជីវិត​នាង​ខ្ញុំ ហើយ​ជា​ការ​រស់នៅ​ជាមួយ​មនុស្ស​តែ​ពីរ​នាក់ គ្មាន​អ្នក​ណា​មក​ជួយ​យើង​នៅ​ពេល​យើង​ជួប​ទុក្ខ​លំបាក​ទេ ដូច្នេះ​ហើយ​ទើប​នាង​ខ្ញុំ​មិន​ផ្តោត​ការ​យកចិត្តទុកដាក់​រឿង​គេ​ថា​ប៉ុន្មាន​ឡើយ​» ។

ទាក់ទិន​នឹង​ការ​ប្រារព្ធ​ខួបកំណើត​អាយុ​៣១​ឆ្នាំ កាលពី​រាត្រី​ថ្ងៃ​ទី​១០ មីនា ឆ្នាំ​២០១៦​នោះ​លី អីុ​វ៉ា​ធី​ណា ឲ្យ​ដឹង​ថា ពិធី​នេះ​នាង​មិន អញ្ជើញ​ភ្ញៀវ​ច្រើន​ទេ ។ ប៉ុន្មាន​ឆ្នាំ​មក​ហើយ​ធី​ណា​មិន​ដែល​នឹកនា​ធ្វើ​ខួបកំណើត​ទេ ព្រោះ​ហត់​ពេក ។ ទើបតែ​ឆ្នាំ​នេះ​មិត្តភក្តិ​មួយ​ចំនួន​ជំរុញ​ថា គួរតែ​ធ្វើ​កុំឱ្យ​ស្ងាត់​ពេក​ព្រោះ​អាយុ​ច្រើន​ហើយ​។ ពិធី​ខួបកំណើត​របស់​ធី​ណា​នោះ​មិន​អញ្ជើញ​ភ្ញៀវ​ច្រើន​នាំ​ឲ្យ​ស្ទះ​រថយន្ត​ទេ គឺ​តែ​ប្រមាណ​១០០​នាក់​ប៉ុណ្ណោះ​ទាំង​មិត្ត​សិល្បៈ​ជិតដិត និង​មិត្តភក្តិ​ក្រៅ​សិល្បៈ ព្រមទាំង​ក្រុមការងារ​ប្រចាំ​ផលិតកម្ម​ថោ​ន​ផង​ដែរ ។

គូស្នេហ៍​នៅ​ក្រៅប្រទេស​មិន​បាន​ចាត់ចែង​កម្មវិធី​ខួបកំណើត​ជូន តែ​អីុ វ៉ា​ធី​ណា​មិន​អន់ចិត្ត​ទេ ព្រោះយល់​ពី​ការងារ​របស់​គេ ។ ធី​ណា​ចំណាយ​ប្រាក់​ខ្លួនឯង ក្នុង​ន័យ​ចង់​ឲ្យ​បាន​សុខ​សប្បាយ ក្រុម​គ្រួសារ​មាន​សេចក្តីសុខ ។ កញ្ញា​លី អីុ​វ៉ា​ធី​ណា នៅ​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នាង​គ្រោង​ចេញ​បទ​ចម្រៀង​ប្រជាប្រិយ​មួយ​ចំនួន​នៅ​ផលិតកម្ម​ថោ​ន​។ ក្រៅពី​បទ​ចម្រៀង​ចូល​ឆ្នាំ ធី​ណា​ត្រៀម​ចេញ​បទចម្រៀង មនោសញ្ចេតនា​ផង​ដែរ​៕