មន្ត្រី​នគរបាល​ម្នាក់​ បើក​រថយន្ត​ធ្លាក់​ពី​លើ​ផ្លូវ​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​១​គ្រួសារ

មន្ត្រី​នគរបាល​ម្នាក់​ បើក​រថយន្ត​ធ្លាក់​ពី​លើ​ផ្លូវ​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​១​គ្រួសារ

កំពង់ធំ​ ៖​ រថយន្ត​លុចស៊ីស​១​គ្រឿង​បាន​បើក​ធ្លាក់​ពី​លើ​ផ្លូវ​សម្រុក​ចូល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​១​គ្រួសារ ​បណ្ដាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​ និង​ក្មេង​ស្រី​ម្នាក់​ រង​របួស​ធ្ងន់​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ភូមិ​កំពង់​រទេះ​ សង្កាត់​កំពង់​រទេះ​ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។

ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឈ្មោះ​ហោ គឹមហុង​ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ និង​ចៅស្រី​ម្នាក់​ឈ្មោះ ស្រី កា អាយុ​៦​ឆ្នាំ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្នំពេញ​ទាំង​យប់ ​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​នោះ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​និយាយ​ឲ្យ​​​ដឹង​ថា នៅ​មុន​ពេល កើតហេតុ ​ជនរងគ្រោះ​ និង​ក្រុម​គ្រួសារ​បាន​នាំ​គ្នា​ចូល​ដំណេក​​ជា​ធម្មតា។ ពេល​នោះ​ស្រាប់តែ​​​រថយន្ត​១​គ្រឿង ​បាន​បើក​សម្រុក​ចូល​បុក ទម្លុះ​របង និង​ជញ្ជាំង​ផ្ទះ​ពេញ​១​ទំហឹង​ឮ​សូរ​ដូច​រន្ទះ​ ប៉ះចំ​ដំណេក របស់​ជន​រងគ្រោះ​ទាំង​២​នាក់ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​តែម្ដង ដោយ​បុរស​វ័យ​ចំណាស់ បាក់ឆ្អឹង​ជំនីរ​១​ចំហៀង​ខាង​ស្ដាំ និង​ក្បាល។ ចំណែក​ចៅស្រី​រង​របួស​ក្បាល ​និង​ភ្នែក ក្រៅ​ពី​នេះ នៅ​មាន​ខូចខាត​ទ្រព្យសម្បត្តិ មួយ​ចំនួន​ទៀត។ ក្នុង​ពេល​ភ្លាមៗ​នោះ ​រថយន្ត​ក៏​ថយក្រោយ ហើយ​បើក​គេច​ខ្លួន​បាត់ ​ហើយ​សមត្ថកិច្ច​នគរបាល ក្រុង​ស្ទឹងសែន ​ក៏​ស្វែងរក​ប្រផាប់​ប្រភីង​ពីក្រោយ។ ក្រោយមក​ក៏​ប្រទះឃើញ រថយន្ត​នោះ ចូល​ទៅ​ចត​លាក់​ទុក​ក្នុង​បរិវេណ​ផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់ធំ​ ដោយ​គេ​ស្គាល់​ថា អ្នកបើកបរ​រថយន្ត​នេះ ជា​មន្ត្រី​នគរបាល​នៅ​ស្នងការដ្ឋាន​​ខត្ត​កំពង់ធំ​​​ ហើយ​មាន​អាការៈ​ស្រវឹង​ស្រា​ផង​ដែរ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​ស្ទឹងសែន ដែល​ចេញ​ប្រតិបត្តិការ ក្នុង​ហេតុការណ៍​នេះ បាន ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ហេតុនេះ ម៉ាក​លុច​ស៊ី ស៊េរី​៣០០​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2N77 23 ពណ៌​ ទឹកប្រាក់​ត្រូវ​បាន​នាំ​មក​រក្សាទុក​នៅ​ ទី​អធិការដ្ឋាន​នគរបាល ក្រុង​ស្ទឹងសែន រង់ចាំ​ចំណាត់​បន្ត​តាម​ផ្លូវច្បាប់៕