បញ្ជូន​ជនសង្ស័យ​៣នាក់​ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

បញ្ជូន​ជនសង្ស័យ​៣នាក់​ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​



សៀមរាប ​៖ ជនសង្ស័យ​៣​នាក់​ និង​គ្រឿងញៀន​៤​កញ្ចប់ ​ត្រូវ​​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​ជីក្រែង​ កម្លាំង​ការពារ​ និង​អន្តរាគមន៍ ឃាត់ខ្លួន​បាន​ពេល​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សាទុក​ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​២​កន្លែង​ផ្សេងគ្នា ដោយ​ទី១-បាន​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១២​ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​០២​និង​០០​នាទី ​ស្ថិត​ក្នុង​ភូមិ​មណ្ឌល​០១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ​និង​០១​កន្លែង​ទៀត​និង​មួយ​កន្លែង​ទៀត​នៅ​ក្នុង​ចំណុច​អូរ​ឃុំ​ស​ង្វើ​យ​ ស្រុក​ជីក្រែង​ និង​ដកហូត​បាន​គ្រឿងញៀន​៤​កញ្ចប់​តូច​ដែល​មាន​ទម្ងន់​ស្មើ​នឹង​១.៨​ក្រាម ​ទូរស័ព្ទ​ចំនួន​០៣​គ្រឿង ​ម៉ូតូ​ចំនួន​០២​គ្រឿង​ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ធំ។ ហើយ​បាន​បញ្ជូន​មកកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដើម្បី​សួរនាំ​ផង​ដែរ។​

លោក​វរសេនីយ៍​ទោ​ អ៊ុំ​ សា​អាត បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​របស់​កម្លាំង​សមត្ថកិច្ច​ខាងលើ​គឺ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ ១​-ឈ្មោះ ជិន​ សូ​ដា​ ភេទ​ប្រុស​ កើត​នៅ​ឆ្នាំ​១៩៩៦ ​មុខ​របរ​បើក​រ៉ឺម៉ក​ដឹក​ភ្ញៀវ​ រស់នៅ​ភូមិ​ក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​ ឃាត់​ខ្លួន​ម៉ោង​០៩​និង​១០​នាទី​ ថ្ងៃ​ទី​១២​ ខែ​មីនា ​(ពី​បទ​ចាត់ចែង​)។ ២​-ឈ្មោះ ​យ៉ុង ​រតនា ភេទ​ប្រុស ​កើត​នៅ​ឆ្នាំ​១៩៩៨ មុខរបរ​បើក​រ៉ឺម៉ក​ដឹក​ភ្ញៀវ​ រស់នៅ​ភូមិ​ក​ក្រាញ់ សង្កាត់​សៀមរាប​ ក្រុង​សៀមរាប ឃាត់​ខ្លួន​ម៉ោង​០៩​និង​១០​នាទី ​ថ្ងៃ​ទី​១២​ ខែ​មីនា​ (ពីបទ​ចាត់ចែង)។ ៣-​ឈ្មោះ ​នុត ​កែវ ភេទ​ប្រុស កើត​នៅ​ឆ្នាំ​១៩៧៧ ​មុខរបរ​រត់​ម៉ូតូឌុប​ រស់នៅ​ភូមិ​តាំងក្រសាំង​ ឃុំ​ជើងព្រៃ​ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ឃាត់​ខ្លួន​ម៉ោង​១​និង​៥០​នាទី​ ថ្ងៃ​ទី​១២​ ខែ​មីនា​ (ពីបទ​ជួញដូរ)។ បច្ចុប្បន្ន​អ្នក​ទាំង​៣ ​រួម​នឹង​គ្រឿង​ញៀន​៤​កញ្ចប់​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​តុលាការ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​មីនា ​ឆ្នាំ​២០១៦ ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់៕​