លួច​ទំនិញ​ក្នុង​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​អ៊ុយញ៉ុង ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​២នាក់​

លួច​ទំនិញ​ក្នុង​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​អ៊ុយញ៉ុង ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​២នាក់​



ព្រះសីហនុ ​៖ ​នៅវេលារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ជន​សង្ស័យ​ចំនួន​២​នាក់​ក្នុងចំណោម​បក្ខ​ពួក​ប្រមាណ​៥​នាក់​ ដែល​ជាប់​ពាក់ព័ន្ធ លួច​សំភារៈ ​សំលៀកបំពាក់​ របស់​ក្រុម​អ៊ុយ​ញ៉ុ​ង​ ដឹក​តាម​រថយន្ត​កុងតឺន័រ ​ពី​ខេត្តកំពង់ស្ពឺ​ មក​​ខេត្ត​ព្រះ​សីហនុ ត្រូវ​បាន​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ ស្នាក់​ការ​សន្តិសុខ​៤០២​តាម បណ្តោយ​ផ្លូវជាតិ​លេ​ខ​៤​ ស្ទាក់​ចាប់បាន​នៅ​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤៤ ១៤៥​ ស្ថិត​ក្នុង​ភូមិ​/ឃុំ​ចំការ​ហ្លូង​ ស្រុ​ក​កំពង់​សិលា​ ខេត្ត​ព្រះសីហនុ ខណៈ​​ក្រុម​ជនសង្ស័យ​ខាងលើ​កំពុង​បើក​រថយន្ត​កុងតឺន័រ​មួយ គ្រឿង​ ដែល​ពួកគេ​លួច​យក​ទំនិញ​ចេញ​អស់​ (​នៅ​សល់​តែ​សំបក​កុងតឺន័រ​) ក្នុង​គោលដៅ​មក​ខេត្ត​ព្រះ​សី​ហ​នុ​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០២ បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​ខាង​លើ​នេះ​គឺ​ធ្វើ​ឡើង​តាម​បណ្ដឹង លោក សឹន សុធា មេការ​រថយន្ត​ក្រុមហ៊ុន​អ៊ុយ​ញ៉ុ​ង ដោយ​បញ្ជាក់​ថា​សូម​ឲ្យ​ជួយ​ស្ទាក់​ចាប់​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B4161​សណ្ដោង​រ៉ឺម៉ក​ដឹក​ទូ​កុងតឺន័រ ​ពណ៌​ឈាមជ្រូក លេខ​ទូ​TEMU6162274(5) ទំហំ​៤០​ហ្វី​ត ផ្ទុក​សំភារៈ​សំលៀកបំពាក់​នាំចេញ​របស់​ក្រុម​អ៊ុយ​ញ៉ុ​ង ដឹក​ចេញពីរ​ក្នុង​ភ្នំពេញ ក្នុង គោល ដៅ​មក​កំពង់ផែ​ខេត្ត​ព្រះសីហនុ។

កងកម្លាំង​អាវុធហត្ថ​ស្នាក់ការ​៤០២​ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី ​ស៊ឹម ​សុខ​រឹទ្ធ ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាមៗ​ក៏បាន​ប្រើប្រាស់​កម្លាំង​ចេញ​ល្បាត​ភ្លាមៗ​ផង​ដែរ រហូត​ឈាន​ដល់​ការ​ចាប់​ឃាត់​មនុស្ស​ចំនួន​២​នាក់​ និង​រថយន្ត​កុងតឺន័រ​ដូច​បាន​រៀបរាប់​ខាង​លើ​ផង​ដែរ​។​
​​
ជនជាប់សង្ស័យ​ដែល​ចាប់​ខ្លួន​បាន​​ខាងលើ​ ទី១ឈ្មោះ​​ ជួន បន ហៅ បេ ភេទ​ប្រុស អាយុ២៨​ឆ្នាំ ​មុខ​របរ​បើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​អ៊ុយ​ញ៉ុ​ង​ មាន​ទីលំនៅ​ភូមិ​អូរ​តាប៉ាង​ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ទី​២​ឈ្មោះ​ ធូ រិទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ។

នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ ជួន បន ហៅ បេ បាន​និយាយ​សារភាព​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ព្រឹក​មុន​ពេល​កើតហេតុ ទំនិញ​នៅក្នុង​រថយន្ត​កុងតឺន័រ​ទាំងអស់​របស់​ក្រុមហ៊ុន​អ៊ុយ​ញ៉ុ​ង​ខាងលើ ឈ្មោះ នី ជា​អ្នក​យក ដោយ​ឈ្មោះ នី នេះ​បាន​ឡើង​បើករថយន្ត​ជំនួស​ខ្លួន​ចេញ​ពី​ខេត្តកំពង់ស្ពឺ ចំណុច​ផ្លូវ​ចូល​ក្រុង​ច្បារមន ឆ្ពោះទៅ​ផ្លូវ​ឱរ៉ាល់​ ដើម្បី​ធ្វើ​សកម្មភាព​យក​សំភារៈ​ក្នុង​ទូ​កុងតឺន័រ ហើយ​សកម្មភាព​នេះ​ក៏​មាន​បក្ខពួក​ចំនួន​២​នាក់​ទៀត (​អត់​ស្គាល់ឈ្មោះ​) ជិះ​រថយន្ត​កាមរី​ឆ្លាម ​ពណ៌​ទឹក​ប្រា​ក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1993 ចូល​រួម​ធ្វើ​សកម្មភាព​ផង​ដែរ​។ លុះ​ក្រោយមក​បន្ទាប់​ពី​ពួកគេ​គាស់​យក​សំភារៈ​ពី​ក្នុង​កុងតឺន័រ​អស់ ឈ្មោះ នី នោះ​ក៏បាន​យក​រថយន្ត​មក​ប្រគល់​ឲ្យ​ខ្លួន​វិញ ព្រមទាំង​ឲ្យ​លុយ​មក​ខ្លួន​ចំនួន​៤០០០​ដុល្លារ សហ​រដ្ឋ​អាមេរិក​ផង​ដែរ​។​ ក្រោយពី​ទទួល​រថយន្ត​ និង​ប្រាក់​រួច​ឈ្មោះ ជួន បន ក៏​បើករថយន្ត​បន្ត​ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ​ ជាមួយ ឈ្មោះ​ ធូ រិទ្ធី ក្នុង​គោលបំណង​យក​រថយន្ត​កុងតឺន័រ​នេះ​ចូល​ទៅ​ក្នុង​កំពង់ផែ​ ដើម្បី​លើកដាក់​លើ​កប៉ាល់ នាំ​យក​ទៅ​ក្រៅប្រទេស ធ្វើ​ដូចជា​ធម្មតា ប៉ុន្តែ​សំណាងអាក្រក់​បើករថយន្ត​មិនទាន់​ដល់​គោល​ដៅ​ផង​ក៏​ត្រូវ​​សមត្ថកិច្ច​ដេញ​តាម​ស្ទាក់​ចាប់​ខ្លួន​បាន។​

ក្រោយពេល​ចាប់​ខ្លួន​សមត្ថកិច្ច​ បាន​ធ្វើ​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​ចំនួន​០២​កញ្ជប់​ និង​ឧបករណ៍​ស​ម្រាប់​ជក់​។​

បច្ចុប្បន្ន ​ជនសង្ស័យ ​និង​វត្ថុ​តាង​ ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សី​ហ​នុ​ កំពុងធ្វើការ​សាកសួរ​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ចំណែកឯ​បក្ខពួក​ប្រមាណ​៣​នាក់ទៀត ​រួម​នឹង​អ្នក​ទទួល​ផល​ចោរកម្ម​ ដែល​ពាក់ព័ន្ធ សមត្ថកិច្ច​កំពុង​តែ​បន្ត​ការ​ស៊ើបអង្កេត​ស្រាយ​ជ្រាវ​រក ចាប់​ខ្លួន​ផង​ដែរ​ ដើម្បី​ចាប់​ខ្លួន​ឲ្យ​អស់​យក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​មិន​ឲ្យ​រួច​ខ្លួន​នោះ​ឡើយ​៕​

លួច​ទំនិញ​ក្នុង​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​អ៊ុយញ៉ុង ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​២នាក់​

លួច​ទំនិញ​ក្នុង​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​អ៊ុយញ៉ុង ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​២នាក់​

លួច​ទំនិញ​ក្នុង​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​អ៊ុយញ៉ុង ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​២នាក់​