ចេញពី​ហូប​ការ​គេ​បើក​ម៉ូតូ​Duke បោះពួយ​បុក​ខឿន​ផ្លូវ ​ដួល​បោក​ក្បាល​ស្លាប់​

ចេញពី​ហូប​ការ​គេ​បើក​ម៉ូតូ​Duke បោះពួយ​បុក​ខឿន​ផ្លូវ ​ដួល​បោក​ក្បាល​ស្លាប់​



​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ​ដោយសារតែ​រូបគេ​ចេញពី​ហូប​ការ​​ហើយ​បើក​ម៉ូតូ DUKE យ៉ាង​លឿន​បុក​ខឿន​ផ្លូវ បណ្ដាលឲ្យ​ដួល​បោក​បែកក្បាល បាក់.ក ចំណែក ម៉ូតូ បាន​ផ្លោង​ហោះ​ប្រមាណ​៥០​ម៉ែត្រ ពី​កន្លែង ដែល​គ្រោះថ្នាក់។ ហេតុការណ៍​នេះ​បាន​កើត​ឡើង កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ារី តាម​បណ្តោយ ផ្លូវ​ព្រះស៊ីសុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​រូប​នោះ​ឈ្មោះ ​ចាន់ វ៉ាន់ដា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ​មុខរបរ​ជាង​ជួសជុល​ម៉ូតូ​ ស្នាក់នៅ​សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​។

ប្រភព​ព័ត៌មាន​ជុំវិញ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅមុន​​ពេល​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់​ដែល​ទើប​ចេញពី​ហូប​ការ​គេ​នៅ​កោះ​ពេជ្រ​បាន​ជិះ ម៉ូតូ ម៉ាក DUKE ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ CU-0066 ជិះ​តាម​បណ្តោយ ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុង​ល្បឿន​យ៉ាង​លឿន ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ពេល​មក​ដល់​ចំណុច​កើត​ហេតុ បាន​បុក​ខឿន ផ្លូវ​មុខ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី បណ្ដាលឲ្យ​ដួល​បោក ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម ទាំង​ពាក់មួក​សុវត្ថិភាព​។​ ចំណែក ម៉ូតូ​បាន​ផ្លោង​ហោះ​ប្រមាណ​៥០​ម៉ែត្រ​ពី​កន្លែង ​ដែល​អ្នក​បើក​ម៉ូតូ​រូប​នោះ​ដេក​ស្លាប់​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បា​ល ខណ្ឌដូនពេញ​។ បន្ទាប់មក​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​ឲ្យ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​ស៊ីធរ​កណ្ដាល​ ខេត្តព្រៃវែង​៕​