ប៉េអិម​ខណ្ឌដូនពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ញី​ឈ្មោល​២​នាក់​

ប៉េអិម​ខណ្ឌដូនពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ញី​ឈ្មោល​២​នាក់​



ភ្នំពេញ​ ៖ ​ជនសង្ស័យ​ញី​ឈ្មោល​០២​នាក់​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់​ខ្លួន​ពី​បទ​ជួញ​ដូរ​គ្រឿងញៀន​កាលពី​វេលា​​ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៤ ​ខែមីនា​ឆ្នាំ​២០១៦ ចំណុច​ផ្លូវ​១៥៤​កែង​៥១ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។​

​មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​ ការ​បង្ក្រាប ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ញី​ឈ្មោល​០២​នាក់ ករណី​គ្រឿងញៀន​នេះ​ទី១.​ឈ្មោះ ម៉ុ​ច សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​២៤​អឺ​០ ផ្លូវ​១៥ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ។​ ទី​២.​ឈ្មោះ ពៅ សា​វី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​បារាំង ស្នាក់​ផ្ទះ​ជួល​ផ្លូវ​១៧២​កែង​៥១ សង្កាត់​ផ្សារ​ថ្មី​៣​ខណ្ឌ ដូនពេញ​។ ​ចំណែ​ក​វត្ថុ​តាង​ចាប់​យក​រួមមាន​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​០១​កញ្ចប់​តូច ម៉ូតូ​០១​គ្រឿង ​ម៉ាកវី​វា ពណ៌​ខ្មៅ លេខ​1FP:8193​ កូនកាំបិត​០១ ​ទូរស័ព្ទ​០១​គ្រឿង ​និង​សំភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ទៀត​ថា ​មុន​ពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​នោះ​គឺ​កម្លាំង​អាវុធហត្ថ​ បាន​ចេញ​ល្បាត​ទប់ស្កាត់​រាល់​បទល្មើស​នា​នា​នៅក្នុង​មូលដ្ឋាន​ លុះ​មកដល់​ចំណុច​កើត​ហេតុ​ក៏​បានឃើញ​ក្រុម​ជនសង្ស័យ​ប្រុស-​ស្រី​២​នាក់​នោះ​ មានការ​សង្ស័យ​ក៏​ឃាត់​សួរនាំ​និង​ឆែកឆេរ​ឃើញ​លាក់​ទុក​ថ្នាំញៀន​នៅ​ជាប់​ខ្លួន​នោះ ​ទើប​នាំ​ខ្លួន​ពួកគេ​មកកាន់​ទីបញ្ជាការ​អាវុធ​ហ​ត្ថ​ខណ្ឌ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​