ក្រុម​យុវជន​នឹង​ដាក់​បញ្ញត្តិ​ជូន​ប្រធាន​សភា​សុំ​ឲ្យ​លោក កឹម សុខា បំភ្លឺ​សំឡេង​ស្នេហា​នៅ​ម៉ោង​២​រសៀល​នេះ​

ក្រុម​យុវជន​នឹង​ដាក់​បញ្ញត្តិ​ជូន​ប្រធាន​សភា​សុំ​ឲ្យ​លោក កឹម សុខា បំភ្លឺ​សំឡេង​ស្នេហា​នៅ​ម៉ោង​២​រសៀល​នេះ​



ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​១៤ ខែមីនា នេះ ក្រុមយុវជន និង​និស្សិត​នៅ​តាម​បណ្ដា​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​៥០ នាក់ នឹង​នាំគ្នា​ទៅ​ដាក់​ញត្តិ​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ស្នើសុំ​រដ្ឋសភា កោះហៅ​លោក កឹម សុខា ប្រធាន​ស្តីពី​គណបក្ស​សង្គ្រោះ​ជាតិ បកស្រាយ​ការពិត​រឿង​ខ្សែអាត់​សំឡេង​សន្ទនា​សាសង​ស្នេហា​ជាមួយ​នារី​វ័យក្មេង និង​ការ​បែក​ធ្លាយ​រឿង​លួចលាក់​មាន​ស្រី ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់​។

សូម​បញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ ក្រុមនិស្សិត​បាន​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី “​លទ្ធផល​នៃ​ខ្សែអាត់​សំឡេង​សង្ស័យ​ជា កឹម សុខា និង​បង្ហាញ​ភស្តុតាង​បញ្ជាក់​ខ្សែអាត់​​សំឡេង​ដូច​សំឡេង​ស្រីមុំ​១០០​ភាគរយ ” នៅ​វិទ្យាស្ថាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច ហើយ​នៅ​ក្នុង​សន្និសីទ​នោះ លោក ស្រី ចំរើន តំណាង​ក្រុម​យុវជន​ស្វែងរក​ការពិត​បាន​អះអាង​ថា ​សំឡេង​សន្ទនា​រវាង​លោក កឹម​សុខា និង​ស្រីមុំ និង​ការផ្តល់​បទសម្ភាសន៍​វាង​លោក ជុន ចាន់​បុត្រ និង​កញ្ញា​ស្រីមុំ ជា​ជា​សម្លេង​ពិត​១០០ ភាគរយ ហើយ​ការអះអាង​បែបនេះ ដោយសារតែ​អ្នកជំនាញ​បានធ្វើ​តេស​ទៅលើ​រលក​សម្លេង និង​រលក​ប្រេកង់ ហើយ​ជា​លទ្ធផល​បាន​បញ្ជាក់​ថា ​សំឡេង​នោះ​ដូចគ្នា​ពិតមែន​។ លោក​បញ្ជាក់​ថា ដោយ​ឯកឧត្ដម​កឹម សុខា គឺជា​មនុស្ស​សាធារណៈ និង​ជា​អ្នកនយោបាយ ដែល​មាន​ស្នេហា​លួចលាក់​បែបនេះ លោក កឹម សុខា ត្រូវ​ចេញមក​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ និង​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​សមភាព​យេនឌ័រ ដោយសា​តែ​គ្មាន​ការទទួលខុសត្រូវ​។​

ចំណែក​លោក មី ម៉េង​សៀ បាន​ថ្លែង​បញ្ជាក់ថា “​លោក កឹម សុខា ជា​បុគ្គល​សាធារណ​មួយរូប ហើយ​ជា​បុគ្គល​ម្នាក់ ដែល​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា ជា​តំណាងរាស្ត្រ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅ​ក្នុង​នោះ​បែរជា​លោក​មាន​ស្នេហា​លួចលាក់​ផ្លូវភេទ​ជាដើម និង​បែកធ្លាយ​នូវ​ខ្សែអាត់​​សំឡេង ដោយសារ​តែ​បញ្ហា​បែបនេះ​ទើប​ខ្ញុំ​បាន​ផ្តួចផ្តើម​ក្រុមនិស្សិត​មក​ជជែក​គ្នា ពីព្រោះ​វា​បាន​ប៉ះពាល់​ដល់​សង្គម​យើង​ខ្លាំង​មែនទែន វា​ជា​រឿង​ធំ​មិនមែន​តូច​ដូច​បងប្អូន​គិត​ទេ ហើយ​ខ្ញុំ​បញ្ជាក់ថា ទី​១ កាលណា​គាត់​មាន​ស្រី​ក្បត់​ប្រពន្ធ វា​បានធ្វើ​ប៉ះពាល់​ច្បាប់​ឯក​ព័ន្ធ​ភាព ហើយ​មួយទៀត​វា​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​បំផុត​ដល់​យុវជន ហើយ​មិនមែន​ថា យើង​ទៅរក​រឿង​តែ​លោក កឹម សុខា ទេ ប្រសិនបើ​មាន​ករណី​ណាមួយ​មាន​ថ្នាក់ដឹកនាំ​ណា​ម្នាក់​មានរឿង​ដូចគ្នា គឺ​ក្រុមនិស្សិត នឹង​ធ្វើ​ដូចគ្នា។

ជាមួយគ្នា​នោះ​ក្រុម​និស្សិត​បាន​ដាក់​បណ្ដឹង​ទៅ​ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ពី​បទ​ឆបោក កុហក​សាធារណជន និង​គ្មាន​ហេតុផល​សមរម្យ ហើយ​លោក​បាន​ទាមទារ​ឲ្យ កញ្ញា​ស្រីមុំ និង​លោក កឹម សុខា ត្រូវ​មាន​ភាព​ក្លាហាន​បង្ហាញ​លិខិតឆ្លងដែន និង​សំបុត្រ​យន្តហោះ ដែល​អ្នក​ទាំង​ពីរ​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​ក្នុង​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៦ ដល់​សាធារណៈ ហើយ​នៅ​ពេល​បង្ហាញ​លិខិត​នោះ អាច​បញ្ជាក់​បាន​ថា កញ្ញា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក កឹម ឬ​អត់​៕