កម្ពុជា​ឡាវ​ នឹង​ប្រារព្ធ​ពិធីបុណ្យ​អុំ​ទូកង​លក្ខណៈ​មិត្តភាព​៣​ថ្ងៃ​ នៅ​តាម​ព្រំដែន​ដង​ទន្លេ​ល្ពៅ​

កម្ពុជា​ឡាវ​ នឹង​ប្រារព្ធ​ពិធីបុណ្យ​អុំ​ទូកង​លក្ខណៈ​មិត្តភាព​៣​ថ្ងៃ​ នៅ​តាម​ព្រំដែន​ដង​ទន្លេ​ល្ពៅ​



ព្រះវិហារ ៖ អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ និង​ខេត្ត​ចំប៉ា​សាក់ ​ប្រទេស​ឡាវ​ នឹង​ប្រារព្ធ​ពិធីបុណ្យ​អុំ​ទូកង​រយៈពេល​៣​ថ្ងៃ​ ទៅតាម​កាលបរិច្ឆេទ​ដែល​បាន​កំណត់​ធ្វើជា​រៀងរាល់​ឆ្នាំ​ ដើម្បី​រឹតចំណង​មិត្តភាព​កម្ពុជា​-ឡាវ​ឲ្យ​កាន់តែ​រឹងមាំ ​ក្នុងនាម​ប្រទេសជិតខាង​នឹង​គ្នា​។​

ពិធីបុណ្យ​អុំ​ទូកង​ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ភូមិ​កំពង់​ស្រ​ទ្បៅ ​ឃុំ​កំពង់​ស្រ​ទ្បៅ​១​ ស្រុក​ឆែប​ ខេត្ត​ព្រះវិហារ ​ត្រង់​ចំណុច​ទន្លេ​ល្ពៅ​ ជាប់ឃុំ​កោះ​ស្មៅ​ ស្រុក​មឿង​មន្ត​ ហៅ​មឿង​ខូង​ ខេត្ត​ចំប៉ា​សាក់​។​

តាម​ទម្លាប់​ពិធីបុណ្យ​អុំ​ទូកង​កម្ពុជា​​ឡាវ​ប្រព្រឹត្តទៅ​មាន​រយៈពេល​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២៤ ​ដល់​២៦​មីនា​ជា​រៀងរាល់ឆ្នាំ​ ក្នុង​នោះ​មានការ​តាំង​ពិព័រណ៍​ទំនិញ​,​កី​ឡា​ប្រដាល់​កម្ពុជា​ឡា​វ​ និង​ការប្រគំ​តន្ត្រី​យ៉ាង​សប្បាយរីករាយ​ដែល​ជនជាតិ​ឡាវ​អាច​ឆ្លង​ចូល​មក​កម្ពុជា ​ដើម្បី​ទស្សនា​ និង​ដើរលេង​កម្សាន្ត​ មិន​ចាំ​បាច់​ប្រើ​ប៉ាសស្ព័រ​នោះ​ទេ។

ជា​រៀងរាល់​ឆ្នាំ​ ពិធីបុណ្យ​អុំទូក​ង​នៅ​ព្រំដែន​ឡា​វ​មានការ​ចូលរួម​ពី​គ្រប់​អង្គភាព​មន្ទីរ​ជុំវិញ​ខេត្ត​ព្រះវិហារ​ ដឹកនាំ​ដោយ​លោក ​អ៊ុំ​ ម៉ា​រ៉ា​ អភិបាលខេត្ត​ព្រះវិហារ ​និង​លោក​អភិបាលខេត្ត​ចំប៉ា​សាក់​ហើយ​ក្រុម​កី​ឡា​អុំ​ទូកង​បាន​ត្រៀម​ទូកង​ និង​យកចិត្តទុកដាក់​ហាត់​សមជា​បណ្តើរៗ​ចាប់ពី​ថ្ងៃ​ទី​១០​មីនា​តទៅ​។ ​លទ្ធផល​ប្រឡង​ប្រណាំង​អុំ​ទូកង​ច្រើន​គូ​ជា​រៀងរាល់ឆ្នាំ​ ដើម្បី​រឹតចំណង​មិត្តភាព ​គឺ​ប្រទេស​ឡា​វ​មិនដែល​ឈ្នះ​កម្ពុជា​បាន​ម្តង​ណា​ឡើយ។​

សូម​បញ្ជាក់​ថា​ ទឹកដី​កំពង់​ស្រ​ទ្បៅ​ខាងលើ​សព្វថ្ងៃនេះ​ មានការ​រីកចម្រើន​ជា​លំដាប់ ​ចាប់​តាំងពី​មានការ​ត​បណ្ដាញ​ចរន្ត​អគ្គិសនី​ពី​ឡា​វ​រួចមក ​គឺ​មាន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ ​អញ្ជើញ​ទៅ​ដើរលេង​កម្សាន្ត​នៅ​ទីនោះ​ជា​រៀងរាល់ថ្ងៃ​។​

ការ​ទាក់ទាញ​ដោយសារ​មាន​ផ្ទះ​សំណាក់​ប្រណីត​ៗ​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​រយៈពេល​២៤​ម៉ោង​ មានតម្លៃ​សមរម្យ​ ជាពិសេស​ភ្ញៀវ​ទេសចរ​បាន​គយគន់​មើល​ទិដ្ឋភាព​ផ្ទះ​បុរាណ​ជនជាតិ​ឡា​វ​ប្លែកៗ​នៅ​ត្រើយម្ខាង​ទន្លេ​ល្ពៅ​ថែម​ទៀត។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​ ក៏​ដូចជា​ពលរដ្ឋ​ឡា​វ​ទាំងអស់​ដែល​មាន​ប្រពៃណី និង​វប្បធម៌​ស្រដៀង​គ្នា​នឹង​មាន​អារម្មណ៍​សប្បាយរីករាយ​ចំពោះ​ពិធីបុណ្យ​អុំ​ទូកង​លក្ខណៈ​មិត្តភាព​រវាង​កម្ពុជា​ឡា​វ​ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​២៤​ ដល់​២៦​ ខែ​មីនា​ ឆ្នាំ​២០១៦​ខាងមុខនេះ​ នឹង​បាន​ត្រៀមខ្លួន​រួច​រាល់​ហើយ​ដើម្បី​នាំ​ក្រុម​គ្រួសារ​ធ្វើដំណើរ​ទៅ​ទស្សនា​កម្សាន្ត​នៅ​ទីនោះ៕

កម្ពុជា​ឡាវ​ នឹង​ប្រារព្ធ​ពិធីបុណ្យ​អុំ​ទូកង​លក្ខណៈ​មិត្តភាព​៣​ថ្ងៃ​ នៅ​តាម​ព្រំដែន​ដង​ទន្លេ​ល្ពៅ​