សម្ដេច​តេ​ជោ សម្ដែង​ក្តី​សោកស្ដាយ និង​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ការ​ស្លាប់ របស់​មន្ត្រីនគរបាល​ចរាចរណ៍​ខណ្ឌ​៧​មករា​

សម្ដេច​តេ​ជោ សម្ដែង​ក្តី​សោកស្ដាយ និង​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ការ​ស្លាប់ របស់​មន្ត្រីនគរបាល​ចរាចរណ៍​ខណ្ឌ​៧​មករា​



ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ដែង​នូវ​ក្តី​សោកស្ដាយ​យ៉ាង​ក្រៃលែង និង​ចូលរួម​រំលែក​ទុក្ខ​ដល់​មន្ត្រី នគរបាល​ចរាចរណ៍ ខណ្ឌ​៧​មករា​ម្នាក់ គឺ​លោក យ៉ា បូរ៉ា ដែល​បាន​បាត់​បង់ជីវិត​ក្នុងពេល បំពេញបេសកកម្ម ការពារ​សុវត្ថិភាព​ថ្នាក់ដឹកនាំ​ត្រឡប់​មកពី ចូលរួម​ប្រជុំ​នៅ​ប្រទេស​ឡាវ នៅ​ម៉ោង ៤​រសៀល​ថ្ងៃទី ១៣ ខែមីនា​នេះ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​កាល​ពីយ​ប់​ថ្ងៃអាទិត្យ​ថា «​ខ្ញុំ​សូម​ចូលរួម​សោកស្ដាយ និង​រំលែក​ទុក្ខ​ចំពោះ​ការ ស្លាប់​បាត់បង់​មន្ត្រីនគរបាល​ចរាចរ​ណ៌ លោក យ៉ា បូរ៉ា ដែល​បាន ស្លាប់​ក្នុង​ពេល​បំពេញ​តួនាទី​បម្រើ​សណ្តាប់ធ្នាប់​ចរាចរ​ណ៌​នៅថ្ងៃនេះ​។ ជាការ​ពិត​នេះ គឺជា​ការ លះបង់​ដ៏​ខ្ពង់ខ្ពស់​របស់​នគរបាល​ចរាចរ​ណ៌​យើង ក្នុងការ​ថែរក្សា​សុវត្ថិភាព​សណ្តាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ ដោយ​មិន​គិតពី​ក្តៅ​ឬ​ត្រជាក់​ឡើយ​។ ដើម្បី​សុវត្ថិភាព ទាំង​អស់​គ្នា សូម​បងប្អូន​គោរព​ច្បាប់​ចរាចរ​ណ៌​គោរព និង​អោយ​តម្លៃ​ទៅលើ​បងប្អូន​នគរ បាល​ចរាចរណ៍​ផង​ដែរ​»​។​

យោង​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​កើតហេតុ ខណៈដែល​លោក យ៉ា បូរ៉ា កំពុង​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​នៅ​គោលដៅ ចំណុច​ក្តាន់​ពីរ តាម​បណ្ដោយ វិថី​សហព័ន្ធរ​ស្ស៊ី សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ស្រាប់តែ​ដួល​ទាំង​ជំហរ​ទាំង មិនដឹង​មូលហេតុ​។ ក្រោយ​ឃើញ​ដួល​ភ្លាម​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​ជួយ​ដឹកបញ្ជូន ទៅកាន់​មន្ទីរពេទ្យ​តាម​រឺ​ម៉ក​ម៉ូតូ​កង់​បី តែ​គួរ​ឲ្យ​សោកស្តាយ លោក យ៉ា បូរ៉ា បាន​ស្លាប់បាត់​បង់ជីវិត​តាមផ្លូវ​។​

លើសពីនេះទៅទៀត​នោះ ក្រៅពី​សារ​សម្តែង​ការ​សោកស្តាយ និង​ចូលរួម​រំលែក ទុក្ខ​ដល់ មន្ត្រីនគរបាល​ចរាច​រណ៍ លោក យ៉ា បូរ៉ា ហើយ​នោះ សម្តេច​តេ​ជោ ក៏បាន​ជ្រើសរើស​នូវ​បទ​ចម្រៀង ដែល​កំពុង​ពេញនិយម គឺ បទ «​ឪពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍​» របស់​ផលិតកម្ម Town ដើម្បី​ចែករំលែក​ជូន​ជនរួមជាតិ​ទស្សនា​ផងដែរ​៕