យុវតី​ម្នាក់ ​ទៅ​ជួយ​រត់​តុ​ការ​អ្នកភូមិ ត្រូវ​ក្មេង​ពាល​ចាប់​រំលោភ​បាន​សម្រេច​ពីរ​ដង

យុវតី​ម្នាក់ ​ទៅ​ជួយ​រត់​តុ​ការ​អ្នកភូមិ ត្រូវ​ក្មេង​ពាល​ចាប់​រំលោភ​បាន​សម្រេច​ពីរ​ដង



បាត់ដំបង ​៖​ ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់​ ត្រូវ​បាន​ក្មេង​ពាល ​ដែល​ល្មោភកាម​​ ​ចាប់​រំលោភ​​បាន​សម្រេច​រហូត​ដល់​ពីរ​ដង​ ​​ក្នុង​រយៈពេល​តែ​មួយ​សន្ទុះ​ប៉ុណ្ណោះ​ ខណៈ​ដែល​នាង​វិល​ត្រឡប់​មកពី​ជួយ​ចាប់​ទឹកកក​ក្នុង​រោងការ​អ្នកភូមិ​ជាមួយគ្នា។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​១១​ ខែ​មីនា ឆ្នាំ​២០១៦​ វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ ត្រង់​ចំណុច​ក្នុង​ចម្ការ​ដំឡូង​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ប្រឡាយ​១៨ ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង​ ដោយ​នារី​រងគ្រោះ​មានឈ្មោះ ភា រ៉ានី អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុង​ភូមិ ឃុំ​កើតហេតុ​ខាងលើ។

តាម​ការរៀបរាប់​នៅក្នុង​ពាក្យបណ្តឹង​របស់​នារី​រងគ្រោះ​បាន​បញ្ជាក់​ថា នៅ​ល្ងាច​មុន​ពេល​កើតហេតុ​គឺ​រូប​នាង​ត្រូវ​បាន​ម្ចាស់​ដើមការ​ ដែល​នៅ​ក្នុង​ភូមិ​ជាមួយគ្នា​ មក​ពឹង​ពាក់​នាង​ឲ្យ​ជួយ​ចាប់​ទឹកកក​នៅ​ក្នុង​ពិធី។ នៅ​ពេល​នោះ​ដែរ​ នាង​ក៏បាន​ទៅ​ជួយ​តាម​សំណូមពរ​ ដោយ​កម្មវិធី​នេះ​បាន​អូស​បន្លាយ​ពេល​រហូត​ដល់​ម៉ោង​៩​ជាង​ទើប​រូប​នាង​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ ដោយ​ក្នុង​នោះ​ក៏​មាន​ស្រីៗ​វិល​ទៅ​ជាមួយគ្នា​ដែរ។

នារី​រងគ្រោះ​បាន​បន្តថា នៅ​តាម​ផ្លូវ​ មិត្តភក្តិ​នាង​បាន​ចូល​ផ្ទះ​អស់​គឺ​នៅ​សល់​តែ​នាង​ម្នាក់​ លុះ​ពេល​ដែល​នាង​ដើរ​ដល់​ចម្ការ​ដំឡូង​ គឺ​ប្រហែលជា​២០០​ម៉ែត្រ​ពី​រោងការ​ ក៏​ស្រាប់តែ​មាន​យុវជន​ម្នាក់​ឈ្មោះ​វឿន ដា​នី អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុង​ភូមិ ឃុំ​ជាមួយគ្នា​ ដោយ​គេ​បាន​ទៅ​ញុំា​ការ​នោះ​ដែរ បាន​ដើរ​មក​ទាន់​ ហើយ​បាន​ចាប់​ក្រៀក​បំពង់ក នាង​អូស​ចូល​ទៅ​ក្នុង​ចម្ការ​ដំឡូង​ ហើយ​បាន​ចាប់​ស្រាត​រ៉ូប និង​ខោ​លី​អូ នាង​ចេញ​អស់ពី​ខ្លួន​ ដោយ​បម្រុង​ធ្វើ​សកម្មភាព​ចាប់​រំលោភ​នាង។ ប៉ុន្តែ​នាង​ក៏បាន​រើ​បម្រះ​ទើបត្រូវ​យុវជន​រូប​នោះ​វ៉ៃ​ក្បាលពោះ​នាង​រហូតដល់​សន្លប់​លែង​ដឹងខ្លួន។

ក្រោយមក នៅ​ពេល​ដែល​នាង​ដឹងខ្លួន​ឡើង​គឺ​ឃើញ​រូប​នាង​ត្រូវ​បាន​បងប្រុស​ជីដូនមួយ​របស់​នាង ​កំពុង​បី​នាង​យក​ទៅ​ផ្ទះ​ ដោយសារតែ​នាង​ងើប​ដើរ​មិន​រួច ​ ព្រោះ​នាង​មាន​អារម្មណ៍​ថា មានការ​ឈឺចាប់​នៅត្រង់​ក្បាលពោះ និង​ប្រដាប់​ភេទ​យ៉ាង​ខ្លាំង។ ចំណែក​យុវជន​រូបនោះ​បាន​ធ្វើ​អ្វី​មក​លើ​រូប​នាង​គឺ​នាង​មិនបាន​ដឹង​ទេ​ ដោយសារតែ​នាង​បាន​សន្លប់​បាត់​ទៅ​ហើយ។

ដោយឡែក​យុវជន​ដែល​ត្រូវជា​បង​ជីដូនមួយ​បាន​ធ្វើ​ការ​បំភ្លឺ​ថា នៅ​ក្នុង​យប់​នោះ​ខ្លួន​ក៏បាន​ទៅ​រាំ​ធុងបាស​លេង​នៅ​ក្នុង​ពិធី​មង្គលការ​នោះ​ដែរ រួច​ក៏​ត្រឡប់​មកផ្ទះ​វិញ ដោយ​មកដល់​ត្រង់​ចម្ការ​ដំឡូង ​ក៏​ស្រាប់តែ​បាន​ឮ​សំឡេង​មនុស្ស​ស្រី​ហៅ​ល្វើយ​ៗ ទើប​ខ្លួន​បាន​បញ្ចាំង​ពិល​មើល​ទៅ​ក្នុង​ចម្ការ​ដំឡូង​ ក៏បាន​ប្រទះឃើញ​ប្អូនស្រី​របស់​ខ្លួន​កំពុង​ដេក​នៅ​លើ​ដី​ក្នុង​ស្ថានភាព​អាក្រាត​កាយ​ទាំងអស់​ ទើប​ខ្លួន​បាន​ដើរ​ទៅ​រើស​យក​រ៉ូ​ប​មក​ស្លៀក​ឲ្យ ហើយក៏​បាន​លើក​បី​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​ប្រាប់​ដល់​ចាស់ៗ។

ក្រោយពី​បាន​ទទួល​ពាក្យ​បណ្តឹង​រួចមក សមត្ថកិច្ច​បាន​ចេញ​ប្រតិបត្តិការ ព្រមទាំង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៦ដើម្បី​យកមក​សាកសួរ។ នៅ​ទីបំផុត​ជន​នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រួម​ភេទ​ជាមួយ​នាង​មែន​ ដោយ​បាន​សម្រេច​រហូតដល់​ពីរ​ដង​ ប៉ុន្តែ​បញ្ហា​នេះ​គឺ​ដោយសារតែ​នាង​ចេះតែ​ឲ្យ​ដៃ​ពេក​ ព្រោះ​ពេល​ដើរ​ទៅ​ផ្ទះ​គឺ​នាង​បាន​កាន់​ដៃ​ខ្លួន​ ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ទ្រាំ​មិនបាន​ ក៏​បបួល​នាង​ចូល​ទៅ​ក្នុង​ចម្ការ​ដំឡូង​ដើម្បី​រួមភេទ​តែម្តង ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​អ្វី​នោះ​ឡើយ។

ទោះបីជា​ជនសង្ស័យ​ខំប្រឹង​បំភ្លៃ​ចម្លើយ​យ៉ាងណាក៏ដោយ ក៏​ផ្លូវច្បាប់​ត្រូវតែ​ឃាត់ខ្លួន​ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់៕