គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៣មីនា​ កើតឡើង​១៣​លើក ​សម្លាប់​មនុស្ស​២​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៣មីនា​ កើតឡើង​១៣​លើក ​សម្លាប់​មនុស្ស​២​នាក់​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រា​ប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១៣​លើក ក្នុង​នោះ​យប់ ៧​លើក បណ្ដាលឲ្យ​មនុស្ស​ស្លាប់ ២​នាក់ ( ប្រុស ) រង​របួស​ធ្ងន់ ១៥​នាក់ ( ស្រី ២​នាក់ ) និង​របួសស្រាល ៩​នាក់ ( ស្រី ៣​នាក់ )។​

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១៣​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ២៥​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១៣​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៧​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ២​គ្រឿង និង​យាន​ផ្សេងៗ ៣​គ្រឿង។​

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាច​រ​ណ៍ រួមមាន ល្មើស​ល្បឿន ២​លើក, ស្រវឹង ២​លើក​, ប្រជែង​គ្រោះថ្នាក់ ៣​លើក,​ មិន​គោរព​សិទ្ធិ ៣​លើក, និង​មិន​ប្រកាន់​ស្តាំ ៣​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១២​នាក់ (​យប់ ៧​នាក់​)។​

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦​លើក ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ៦​លើក និង​ផ្លូវលំ ចំនួន ១​លើក។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៧​លើក រថយន្ត​ធុន​តូច ៤​លើក រថយន្ត​ធុន​ធំ ១​លើក និង​យាន​កែច្នៃ ១​លើក។​

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀ​ត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន​រាជធានី​ភ្នំពេញ ២​លើ​ក ស្លាប់ ១​នាក់ របួស ១​នាក់ ខេត្តកណ្តាល ២​លើក ស្លាប់ ១​នាក់ របួស ៥​នាក់ និង​ខេត្ត​ព្រះសីហនុ ៣​លើក របួស ៧​នាក់ ( ស្រី ២​នាក់ )។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យា​ន​យន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៤៥៦៩​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ១៩​៤​៣​គ្រឿង ពិន័យ​សរុប ២៦២៦​គ្រឿង និង​អប់រំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ១១២៦​នាក់៕