ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ទៅ​រាវ​លៀស​

ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ទៅ​រាវ​លៀស​



កណ្ដាល ៖ ដើម្បី​ក្រពះ ក្មេង​ស្រី​អាយុ​ជាង​១០​ម្នាក់​ទៅ​រាវ​លៀស​លង់ទឹក​ស្លាប់​គួរ​ឲ្យ​សង្វេគ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១៧​និង​៣០​នាទី ចំណុច​ផ្ទៃ​បឹង​កោះ​រន្ទះបាញ់ ស្ថិត​ក្នុង​ភូមិ​ខ្នោ​ការ ឃុំ​បា​រុង ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ។ កុមារី​រងគ្រោះ​ឈ្មោះ ​ធឿន ស្រី​ពី​ន​ ភេទ​ស្រី ​អាយុ​១១​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើត​ហេតុ​ខាងលើ។

សមត្ថកិច្ច​ស្រុក​ល្វាឯម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​ព្រឹក​ ក្មេង​ស្រី​រងគ្រោះ​បាន​ទៅ​រាវ​លៀស​ជាមួយ​ក្មេង​ស្រី​២​នាក់​ទៀត​ដែល​មាន​អាយុ​ប្រហែល​គ្នា​ ដែល​នៅផ្ទះ​ជិត​គ្នា​ លុះ​ដល់​វេលា​ម៉ោង​១១​និង​០០​នាទី​ថ្ងៃត្រង់ ​ក្មេង​ស្រី​២​នាក់ ​ដែល​ទៅ​រាវ​លៀស​ជាមួយ​នោះ​បាន​មក​ផ្ទះ​មុន​។​

ចំណែក​ជនរងគ្រោះ​នៅ​រាវ​លៀស​តែ​ម្នាក់ឯង ​រហូតដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ម្តាយ​មីង​ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ ​ស៊ី​ពៅ រក​ក្មួយ​ឲ្យ​ហូប​បាយ​រក​មិន​ឃើញ រហូតដល់​ម៉ោង​ជាង​៥​ល្ងាច ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង ហើយ​ពេលនោះ ​ក្មេងស្រី​២​នាក់​ដែល​ទៅ​រាវ​លៀស​ជាមួយ​បានមក​ប្រាប់ថា ជនរងគ្រោះ​ទៅ​រាវ​លៀស ​ទើប​មានការ​សង្ស័យ​ថា​កុមារី​រូប​នោះ​ប្រហែលជា​លង់ទឹក​ស្លាប់​អ្នក​ជិតខាង​នាំគ្នា​យក​អួន​ទៅ​អូស​នៅ​ចំណុច​ផ្ទៃ​បឹង​កន្លែង​ក្មេង​ស្រី​រងគ្រោះ​ទៅ​រាវ​លៀស ​ទើប​រក​ឃើញ​សព​ក្មេង​ស្រី​រងគ្រោះ។

ករណី​នេះ​ សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​អាជ្ញាធរ គ្រូពេទ្យ និង​ក្រុម​គ្រួសារ​ជនរង​គ្រោះ​បាន​ពិនិត្យ​សព​ឃើញ​ថា ​ក្មេង​ស្រី​រងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន​។ ក្រោយ​ពិនិត្យ​រួច​ សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ទៅ​ឈ្មោះ សិន សំ ត្រូវជា​ជីតា​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕
ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ទៅ​រាវ​លៀស​

ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ទៅ​រាវ​លៀស​