ជន​ភៀស​ខ្លួន​ផ្ទេរ​ពី​កោះ​ណាវរូ​ពីរ​នាក់​ថា​ស្ដាយ​ក្រោយ​ដែល​សម្រេច​ចិត្ត​មក​នៅ​កម្ពុជា

មន្ត្រី​ជាន់​ខ្ពស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ មីនា ថា ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ (Nauru) មក​នៅ​កម្ពុជា នោះ ពុំ​មាន​បញ្ហា​លំបាក​អ្វី​ទេ ព្រោះ​ថា ជន​ភៀស​ខ្លួន​ទាំង​នេះ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ និង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល។

ការ​ថ្លែង​របស់​មន្ត្រី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ នេះ បន្ទាប់​ពី​ជន​ភៀស​ខ្លួន​ចំនួន ២​នាក់ កំពុង​បន្ត​រស់នៅ​កម្ពុជា ថ្លែង​ប្រាប់​សារព័ត៌មាន​បរទេស​មួយ​អំពី​ទុក្ខ​លំបាក​របស់​ខ្លួន ក្រោយ​ពី​ជន​ភៀស​ខ្លួន​ចំនួន ៣​នាក់​ផ្សេង​ទៀត បាន​ចាក​ចេញ​ពី​កម្ពុជា ទៅ​ប្រទេស​កំណើត​វិញ​ជា​បន្តបន្ទាប់​នា​ពេល​ថ្មីៗ​នេះ ក្រោយ​ពី​ត្រូវ​បាន​រដ្ឋាភិបាល​អូស្ត្រាលី បញ្ជូន​ឲ្យ​មក​រស់នៅ​កម្ពុជា អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក។

ជន​ភៀស​ខ្លួន​ផ្ទេរ​ពី​កោះ​ណាវរូ​ពីរ​នាក់​ថា​ស្ដាយ​ក្រោយ​ដែល​សម្រេច​ចិត្ត​មក​នៅ​កម្ពុជា

ភូមិគ្រឹះ​ដែល​ជនភៀសខ្លួន ៤​នាក់​ស្នាក់​នៅ​បណ្ដោះអាសន្ន បន្ទាប់​ពី​រដ្ឋាភិបាល​អូស្ត្រាលី បញ្ជូន​ពី​កោះ​ណាវរូ ស្ថិត​ក្នុង​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ រូបថត​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១៥

ជន​ភៀស​ខ្លួន​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ដែល​បន្ត​រស់នៅ​កម្ពុជា បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ក្នុង​បទសម្ភាសន៍​ផ្ដាច់​មុខ​មួយ​ជាមួយ​សារព័ត៌មាន ហ្វ៊ែរហ្វេក្ស មីឌា (Fairfax Media) ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​អូស្ត្រាលី ឌឺ ស៊ីដនី ម៉័រនីង ហេរ៉ាដ៍ (The Sydney Morning Herald) នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ថា ពួក​គេ​កំពុង​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​រស់នៅ។

ការ​រៀបរាប់​ពី​ទុក្ខ​លំបាក​នៃ​ការ​ចាប់​ផ្ដើម​ជីវិត​នៅ​កម្ពុជា របស់​ជន​ភៀស​ខ្លួន​រូប​នេះ គឺ​នៅ​បន្ទាប់​ពី​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ (Nauru) សរុប ៣​នាក់ បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ត្រឡប់​ទៅ​ប្រទេស​កំណើត​រៀងៗ​ខ្លួន​វិញ​ជា​បន្តបន្ទាប់​កាល​ពី​ពេល​ថ្មីៗ​នេះ។

ជន​ភៀស​ខ្លួន​ដែល​ផ្ដល់​បទសម្ភាសន៍​នោះ គឺ​លោក ម៉ូហាម៉ាត់ រ៉ូហ្ស៊ីដ (Mohammed Roshid) វ័យ ២៦​ឆ្នាំ ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា (Rohingya)កាន់​សាសនា​អ៊ីស្លាម។ លោក ម៉ូហាម៉ាត់ រ៉ូហ្ស៊ីដ (Mohammed Roshid) ត្រូវ​បាន​សារព័ត៌មាន ហ្វ៊ែរហ្វេក្ស មីឌា (Fairfax Media) ស្រង់​សម្ដី​ថា លោក​មាន​អារម្មណ៍​ឯកោ ហើយ​ខ្លាច​ស្លាប់​នៅ​កម្ពុជា។ លោក​ថ្លែង​ក្នុង​បទសម្ភាសន៍​នោះ​ថា រូប​លោក​មាន​ជំងឺ​សួត​ធ្ងន់ធ្ងរ មាន​បញ្ហា​តម្រង​នោម និង​មាន​ជំងឺ​ផ្លូវ​ដង្ហើម​តាំង​ពី​ពេល​លោក​ទៅ​ដល់​កោះ​ណាវរូ (Nauru) កាល​ពី​ឆ្នាំ​២០១៣ ហើយ​បាន​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​សប្ដាហ៍​មុន និង​បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​មន្ត្រី​ចំនួន ៥​នាក់ នៃ​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ ឬ​ហៅ​កាត់​ថា អាយ.អូ.អិម (IOM) ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ភ្លាមៗ​នោះ​ទេ។ លោក​រៀបរាប់​ថា ទីបំផុត លោក​ត្រូវ​បាន​មិត្តភ័ក្ដិ​ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា (Rohingya) ដូច​គ្នា​ម្នាក់​ដែល​រស់នៅ​កម្ពុជា អស់​រយៈពេល ៨​ឆ្នាំ នាំ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល។

មិត្តភ័ក្ដិ​របស់ លោក ម៉ូហាម៉ាត់ រ៉ូហ្ស៊ីដ (Mohammed Roshid) បាន​ប្រាប់​សារព័ត៌មាន ហ្វ៊ែរហ្វេក្ស មីឌា (Fairfax Media) ថា គ្រូពេទ្យ​តម្រូវ​ឲ្យ លោក រ៉ូហ្ស៊ីដ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ពី ៧ ទៅ ១០​ថ្ងៃ ប៉ុន្តែ​គ្រូពេទ្យ​បាន​ប្រាប់​លោក​ថា ខាង​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ (IOM)ប្រាប់​គ្រូពេទ្យ​ថា ការ​សម្រាក​ព្យាបាល​បី​ថ្ងៃ​គ្រប់គ្រាន់​ហើយ​សម្រាប់ លោក រ៉ូហ្ស៊ីដ ហើយ​ថា លោក រ៉ូហ្ស៊ីដ ត្រូវ​ត្រឡប់​ទៅ​ស្នាក់នៅ​ការិយាល័យ​នៃ​អង្គការ អាយ.អូ.អិម វិញ។

ក្នុង​បទសម្ភាសន៍​ផ្ដាច់​មុខ​នោះ លោក ម៉ូហាម៉ាត់ រ៉ូហ្ស៊ីដ (Mohammed Roshid) លើក​ឡើង​ថា ទំនាក់ទំនង​រវាង​រូប​លោក និង​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ ចាប់​ផ្ដើម​រកាំរកូស​នៅ​ពេល​លោក​មក​ដល់​កម្ពុជា បាន ៣​ខែ​ប៉ុណ្ណោះ។ជន​ភៀស​ខ្លួន​ផ្ទេរ​ពី​កោះ​ណាវរូ​ពីរ​នាក់​ថា​ស្ដាយ​ក្រោយ​ដែល​សម្រេច​ចិត្ត​មក​នៅ​កម្ពុជា

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ប្រសិន​បើ​ជន​ភៀស​ខ្លួន​នោះ​ជួប​ប្រទះ​ការ​លំបាក​ដូច​ការ​រៀបរាប់​ប្រាប់​សារព័ត៌មាន​បរទេស​នោះ​មែន ស្ថានភាព​នេះ​កាន់​តែ​ឆ្លុះ​បញ្ចាំង​ថា កម្ពុជា មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​នៅ​ឡើយ៖ «អ៊ីចឹង​ហើយ​បាន​ជា​កន្លង​មក យើង​ជា​សង្គម​ស៊ីវិល យើង​គិត​ថា ប្រទេស​កម្ពុជា យើង​មិន​ទាន់​ដល់​ពេល​ដែល​ត្រូវ​ទទួល​យក​ជន​ភៀស​ខ្លួន​ទេ ពីព្រោះ​ប្រទេស​កម្ពុជា មិន​ទាន់​បាន​បំពេញ​នូវ​កាតព្វកិច្ច​សម្រាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ផង ទាក់ទង​នឹង​វិស័យ​សិទ្ធិ​មនុស្ស សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ជាដើម ហើយ​ទទួល​គេ​មក នឹង​អាច​ជួប​បញ្ហា​នេះ បើ​សិន​ជា​តាម​អ្វី​ដែល​សារព័ត៌មាន​បាន​លើក​មែន។ រដ្ឋាភិបាល​ត្រូវ​តែ​បន្ថែម​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​ពួក​គេ ពីព្រោះ​យើង​បាន​ទទួល​ហើយ ហើយ​មាន​ការ​ទទួល​ជំនួយ​ពី​ប្រទេស​អូស្ត្រាលី ថែម​ទៀត​ផង​នោះ»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ ឬ​ហៅ​កាត់​ថា អាយ.អូ.អិម ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១៣ មីនា។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​របស់​អង្គការ អាយ.អូ.អិម លោក ចូ ឡោវរី (Joe Lowry) ត្រូវ​បាន​សារព័ត៌មាន​អូស្ត្រាលី ឌឺ ស៊ីដនី ម៉័រនីង ហេរ៉ាដ៍(The Sydney Morning Herald) ស្រង់​សម្ដី​ថា អ្នក​ជំនាញ​របស់​អង្គការ អាយ.អូ.អិម តែង​តែ​ប្រាស្រ័យ​ទាក់ទង​ជន​ភៀស​ខ្លួន​ដែល​នៅ​សល់​នោះ​ជា​រៀង​រាល់​ថ្ងៃ រួម​ទាំង​ពេល​មាន​ករណី​បន្ទាន់​ផង​ដែរ។

ទាក់ទង​រឿង​នេះ អ្នក​នាំ​ពាក្យ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក គឹម សារិន មិន​ជឿ​ថា ស្ថានភាព​របស់​ជន​ភៀស​ខ្លួន​ទាំង​ពីរ​ដែល​នៅ​សល់ មាន​ស្ថានភាព​លំបាក​ដូច​ការ​រៀបរាប់​ប្រាប់​សារព័ត៌មាន​នោះ​ទេ៖ «វា​មាន​អង្គការ​ដល់​ទៅ​ពីរ​ឯណោះ អ្នក​ផ្ដល់​សេវា។ ទី​១ អាយ.អូ.អិម។ ទី​២ គឺ​អង្គការ ជេ..អេស (J.R.S) គាត់​អ្នក​ផ្ដល់​សេវា។ អ៊ីចឹង​ខ្ញុំ​មិន​ជឿ​ថា វា​មាន​លក្ខណៈ​លំបាក​ដូច​គាត់​និយាយ​ទេ ព្រោះ​ថា គាត់​អាច​ដើរ​ហើរ​ទៅ​ណា​បាន តាម​ចិត្ត​គាត់ អត់​មាន​ពី​ណា​ឃាំង​ចិត្ត​គាត់​បាន​ទេ។ ជា​រួម​ទៅ រាល់​ថ្ងៃ​ហ្នឹង។ អ៊ីចឹង​ពេល​គាត់​ចង់​ធ្វើ​អី​ដូចជា​មិន​មែន​យ៉ាប់យ៉ឺន​ដល់​ថ្នាក់​ដូច​អ្វី​ដែល​គាត់​និយាយ​ទេ»

លោក​បញ្ជាក់​ថា ជន​ភៀស​ខ្លួន​អាច​សុំ​ជំនួយ​ពី​នាយកដ្ឋាន​ជន​ភៀស​ខ្លួន ក្នុង​ករណី​ជួប​ប្រទះ​នឹង​ការ​លំបាក​អ្វី​មួយ​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់ និង​ការ​ធ្វើ​សមាហរណកម្ម​ខ្លួន​ចូល​សង្គម​កម្ពុជា ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ជា​បន្ទុក​របស់​អង្គការ អាយ.អូ.អិម។

អង្គការ​នេះ​ទទួល​បាន​ថវិកា​ប្រមាណ ១៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ពី​រដ្ឋាភិបាល​អូស្ត្រាលី សម្រាប់​ចាយ​វាយ​លើ​ការ​ថែទាំ​ជន​ភៀស​ខ្លួន​ដែល​យល់ព្រម​មក​កម្ពុជា ដោយ​ផ្ដល់​ថវិកា​ជា​សាច់​ប្រាក់​ចំនួន ៨.០០០​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ ផ្ដល់​ទីជម្រក​ស្នាក់នៅ និង​ជួយ​បង្កើត​អាជីវកម្ម​ខ្នាត​តូច ដើម្បី​ចាប់​ផ្ដើម​ជីវិត​ថ្មី​នៅ​លើ​ដី​កម្ពុជា។

ទឹក​ប្រាក់ ១៥​លាន​ដុល្លារ​នេះ ជា​ថវិកា​បន្ថែម​លើ​កញ្ចប់​ជំនួយ​មាន​ទឹក​ប្រាក់ ៤០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​រដ្ឋាភិបាល​អូស្ត្រាលី ផ្ដល់​ជូន​រដ្ឋាភិបាល​កម្ពុជា ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​ទទួល​យក​ជន​ភៀស​ខ្លួន​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​២០១៤។

យ៉ាង​ណា​ក៏ដោយ ជន​ភៀស​ខ្លួន​ឈ្មោះ ម៉ូហាម៉ាត់ រ៉ូហ្ស៊ីដ (Mohammed Roshid) បាន​ប្រាប់​សារព័ត៌មាន ហ្វ៊ែរហ្វេក្ស មីឌា (Fairfax Media) ថា រហូត​មក​ដល់​ពេល​នេះ លោក​ទទួល​បាន​ថវិកា​ចំនួន ៤.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ទឹក​ប្រាក់​ដែល​បាន​សន្យា ប៉ុន្តែ​បាន​ខាតបង់​អស់​ជិត ២.០០០​ដុល្លារ ដោយសារ​ការ​ឆបោក​របស់​ឈ្មួញ​លក់​ម៉ូតូ​ម្នាក់ ហើយ​ពេល​លោក​ទៅ​ប្ដឹង​អាជ្ញាធរ ពួក​គេ​ប្រាប់​ថា មិន​អាច​ជួយ​បាន​ទេ៕

ប្រភពៈ RFA