ក្រុមនិស្សិតស្នើ​នាយករដ្ឋមន្រ្តី​​ជួយ​យុវជន​ដែលរងការចោទប្រកាន់​ឲ្យ​មាន​បដិវត្តន៍ពណ៌

និស្សិត​មួយ​ក្រុម​នៅ​សាកលវិទ្យាល័យ​ខេមរៈ​បាន​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ស្ថាប័ន​យុត្តិធម៌​ អន្តរាគមន៍​ដោះលែង​យុវជន​ម្នាក់​ឈ្មោះ គង់ រ៉ៃយ៉ា ដែលរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបដិវត្តន៍​ពណ៌​ប្រឆាំងរដ្ឋាភិបាល។

នៅក្នុង​លិខិត​មួយ​ដែល​គោរពជូន​លោក ហ៊ុន សែននិង​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីយុត្តធម៌ និស្សិត​៦នាក់​ដែល​បានផ្តិត​ស្នាមមេដៃ​ បាន​លើក​ឡើង​ថា​ពួកគេ​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ខេមរៈហើយ​បានស្គាល់​និង​សិក្សា​​ជាមួយយុវជន​ គង់ វ៉ៃយ៉ា។

ក្រុមនិស្សិតស្នើ​នាយករដ្ឋមន្រ្តី​​ជួយ​យុវជន​ដែលរងការចោទប្រកាន់​ឲ្យ​មាន​បដិវត្តន៍ពណ៌យុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ​២០១៥

ពួក​គេសរសេរ​ថា​៖ “យុវជននេះ​មាន​អាកប្បកិរិយាល្អ មិន​ដែល​បង្ក​​ការ​រំខានឬ​ធ្វើ​សកម្មភាព​អ្វីមួយ​ដែល​ប៉ះពាល់​ដល់​សង្គម​ឡើយ។ យើង​ខ្ញុំ​ជឿថា​យុវជន​គង់ រ៉ៃយ៉ា ពិត​ជា​មិនមាន​បំណង​ធ្វើ​ឲ្យ​មាន​ចលាចល​នៅក្នុងសង្គម​ដូច​ការ​ចោទប្រកាន់នោះទេ គឺ​គ្រាន់​តែ​បញ្ចេញ​មតិ​ផ្ទា​ល់​ខ្លួន​ក្នុង​នាម​ជា​យុវជន​ម្នាក់​សិក្សា​នៅ​ថ្នាក់​ឆ្នាំ​មូលដ្ឋាន ដែលមានការយល់ដឹង​នូវអត្ថន័យ​នៃ​ពាក្យ​បដិវត្តន៍ពណ៌​នៅមាន​កម្រិតតែប៉ុណ្ណោះ”។​

និស្សិតទាំងនោះ​បន្ត​ថា​​យុវជន​គង់ រ៉ៃយ៉ា​ មិន​មាន​ខ្សែ​បណ្តាញ​និង​តួនាទី​សំខាន់​នៅ​ក្នុង​សង្គម មិន​​ធ្លាប់​បង្ក​ចលាចលណា​មួយ​ក្នុង​សង្គម​និង​ពុំ​មាន​លទ្ធ​ភាព​ក្នុង​ការ​ធ្វើ​ឲ្យមាន​ភាព​វឹកវរ​ដល់​សង្គម​នោះ​ឡើយ។​

កញ្ញា អៀន សុផន អាយុ​២៣ឆ្នាំ ​ជានិស្សិត​ឆ្នាំ​ទី​៣​នៅសាកលវិទ្យាល័យ​ខេមរៈ ផ្នែកទំនាក់ទំនង​អន្តរជាតិ ប្រាប់វីអូឌី(VOD)ថា​ក្រុមនិស្សិត​នឹង​យក​លិខិត​នោះ​ទៅ​ដាក់​នៅ​ក្រសួងយុត្តិធម៌ ទីស្តីការគណៈរដ្ឋមន្រ្តី ខុទ្ទ​កាល័យ​របស់នាយករដ្ឋមន្រ្តីនិង​ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទនេះ។ កញ្ញា​បន្ត​ថា​ក្រុមនិស្សិត​យល់ថា​យុវជន​គង់ រ៉ៃយ៉ា គ្រាន់តែបញ្ចេញម​តិ​និង​អារម្មណ៍​របស់​លោក​តែ​ប៉ុណ្ណោះ។ កញ្ញាមានប្រសាសន៍ថា៖ “ការចាប់ខ្លួន​គាត់​មិន​ទាន់ត្រឹមត្រូវទេ។ គាត់គ្រាន់តែ​បញ្ចេញមតិ​ដូច​ពលរដ្ឋ​ទូទៅតែ​ប៉ុណ្ណោះ​”។​

ករណីនេះ តុលាការ​នឹង​ប្រកាសសាលក្រមនៅថ្ងៃអង្គារស្អែកនេះ។ នៅក្នុង​សវនាការកាលពីកន្លងទៅ យុវជន គង់ រ៉ៃយ៉ា បានអំពាវនាវ​ដល់តុលាការ​រាជធានីភ្នំពេញ ឲ្យ​បន្ថូរបន្ថយទោស ដោយ​អះអាង​ថា​ខ្លួន​មិន​មាន​បំណង​ធ្វើ​បដិវត្តន៍អ្វីនោះទេ។​

ចៅក្រមជំនុំជម្រះ​ លោក​ ហេង សុខណា ធ្លាប់​បានសាកសួរជនជាប់ចោទ គង់ រ៉ៃយ៉ា ទាក់​ទងនឹងសារដែល​គាត់បានបង្ហោះនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៧ និងទី១៤ ខែសីហា ឆ្នាំ២០១៥ ដែល​មានខ្លឹមសារដើមមួយចំនួនថា៖ “តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គម ខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ”។ ចៅក្រមសួរថាតើជនជាប់ចោទបានយល់ពីអត្ថ​ន័យពាក្យ“បដិវត្តន៍ពណ៌”ដែរឬយ៉ាងណា? និងសួរទៀតថាតើជនជាប់ចោទបានដឹងថាពាក្យពេចន៍មួយចំនួនទៀត ដែលគាត់បានសរសេរថា “ស្តេចទីងម៉ោង ស្តេចអាចម៌គោនិងបន្តោសគណបក្សយួនចូលដៃសម្លាប់ខ្មែរជាដើម” ជាការប្រមាថដល់ព្រះម​ហាក្សត្រ និងគណបក្សយោបាយដែរឬយ៉ាងណា។

ជាការឆ្លើយតប ជនជាប់ចោទ គង់ រ៉ៃយ៉ា ទទួលស្គាល់ថាពាក្យពេចន៍ទាំងនោះពិតជាមិនសមរម្យមែន ហើយយុវជនរូបនេះបានអះអាងថាខ្លួនក៏បានលុបសារទាំងនោះចេញពីទំព័រហ្វេសប៊ុកចេញវិញនៅ២ថ្ងៃបន្ទាប់ពីថ្ងៃដែលកាត់បានបង្ហោះ។ យុវជន គង់ រ៉ៃយ៉ា ក៏បញ្ជាក់ថាខ្លួនមិនបានយល់ច្បាស់ពីពាក្យបដិវត្តន៍ពណ៌នោះទេ។​

គង់ រ៉ៃយ៉ា អះអាងថាគ្រូរបស់​ខ្លួន​បាន​ពន្យល់​ថាបដិវត្តន៍ពណ៌ គឺជា​ការ​ប្រមូល​ផ្តុំ​កម្លាំង​ ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ដោយ​សន្តិវិធី ពោល​គឺ​មាន​ន័យ​ប្រ​ហាក់ប្រហែល​នឹង​ពាក្យ​ថា​បាតុកម្ម។

គួរបញ្ជាក់​ថា​យុវជន គង់ រ៉ៃ​យ៉ា ត្រូវចាប់ខ្លួនកាលពីថ្ងៃទី​២១ខែសីហា ឆ្នាំ​២០១៥ ពាក់ព័ន្ធការចោទ​ថា​ញុះញង់​ឲ្យ​មាន​បដិវត្តន៍ពណ៌តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​៕

ប្រភពៈ VOD