គន្លឹះ​ទាំង ៩ ដើម្បី​ធ្វើ​ការ និង រក​ស៊ី​ឲ្យ​ជោគជ័យ ពី​អ្នក​ជំនាញ​ប្រឹក្សា​យោបល់​អាជីវកម្ម Brian Tracy

លោក Brian Tracy គឺ​ជា​អ្នក​និពន្ធ​សៀវភៅ អ្នក​និយាយ​សាធារណៈ និង ជា​អ្នក​ជំនាញ​ខាង​ប្រឹក្សា​យោបល់​អាជីវកម្ម និង ការ​លើក​ទឹក​ចិត្ត​ទៀត​ផង។ លោក​គឺ​ជា​ប្រធាន និង​ នាយក​ប្រតិបត្តិ ក្រុមហ៊ុន Brian Tracy International ដែល​ផ្តល់​ការ​ប្រឹក្សា​ផ្នែក​អាជីវកម្ម​ដល់​ក្រុមហ៊ុន​ច្រើន​ជាង ១ ០០០ និង​ធ្លាប់​ផ្តល់​ដំបូន្មាន​ដល់​មនុស្ស​ច្រើន​ជាង ៥ ០០០ ០០០ នាក់។

 

១) កុំ​និយាយ​ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ធ្វើ ៖ លោក Brian Tracy បាន​ពន្យល់​ពី​បុគ្គល​ជោគជ័យ​ និង មិន​ជោគជ័យ​ថា នៅ​ពេល​ពួក​គេ​ទទួល​បាន​ព័ត៌មាន​ដូចគ្នា ទិន្នន័យ​ដូចគ្នា ឬ គំនិត​ដូច​គ្នា ខណៈ​ពេល​ដែល​បុគ្គល​ជោគជ័យ បាន​ចាប់​ផ្ដើម​ធ្វើ ចាប់​ផ្ដើម​អនុវត្តន៍​ ហើយ​បុគ្គល​មិន​ទទួល​បាន​ជោគជ័យ​វិញ​គឺ​រង​ចាំ​នូវ​ថ្ងៃ​ណា​មួយ​ថា​ខ្លួន​នឹង​ធ្វើ។

 

២) ត្រូវ​ចេះ​រៀន​ពី​អ្នក​ជំនាញ ៖ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ ការ​រៀន​ពី​ខ្លួន​ឯង​នូវ​អ្វី​ដែល​អ្នក​ខ្លាំង និង អ្វី​ដែល​អ្នក​ខ្សោយ​គឺ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ អ្នក​ត្រូវ​តែ​ចេះ​រៀន​ពី​អ្នក​ជំនាញ​ដែល​ពួក​គេ​ជា​អ្នក ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​មុន​អ្នក​យូរ​មក​ហើយ ជា​ឧទាហរណ៍​នៅ​ពេល​ដែល​អ្នក​រៀន​ចម្អិន​មុខ​ម្ហូប​ដំបូង​អ្នក​មិន​អាច​ផ្សំ​គ្រឿង​បាន​ល្អ ឡើយ​ដរាប​ណា​គ្មាន​ការ​ឲ្យ​យោបល់​ពី​អ្នក​ជំនាញ​ខាង​ចម្អិន។

 

៣) ស្វែង​រក​គោល​បំណង​ជីវិត ៖ លោក Brian Tracy បាន​ផ្ដល់​ដំបូន្មាន​ថា​ដើម្បី​រក​ឲ្យ​ឃើញ​នូវ​គោល​បំណង​ជីវិត​អ្នក​ត្រូវ​តែ​ចេះ​រៀបរាប់​ចេញ​ខាង​ក្រៅ​នៅ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ហើយ​សួរ​ខ្លួន​ឯង​ថា​ប្រសិន​បើ​ខ្ញុំ​ធ្វើ​កិច្ច​ការ​មួយ​នេះ តើ​វា​ជះ​ឥទ្ធិពល​ប៉ុណ្ណា​សម្រាប់​ជីវិត​ខ្ញុំ​ទាំង​មូល​នៅ​ពេល​នេះ នឹង​នៅ​ពេល​អនាគត។

 

៤) ចេះ​គ្រប់​គ្រង​ពេល​វេលា​ខ្លួន​ឯង ៖ លោក Brian Tracy បាន​បក​ស្រាយ​ថា ពេល​វេលា គឺ​ជា​ជីវិត​របស់​មនុស្ស ប្រសិន​បើ​អ្នក​ចង់​ផ្លាស់​ប្តូរ​ជីវិត​ឲ្យ​មាន​គុណ​តម្លៃ អ្នក​ត្រូវ​ចេះ​រៀប​ចំ​ពេល​វេលា​ឲ្យ​ខ្លួន​ឯង​ ចំពោះ​អ្វី​ដែល​អ្នក​គួរ​ចំណាយ​ពេល​ធ្វើ និង អ្វី​ដែល​អ្នក​មិន​គួរ​ចំណាយ​ពេល​ធ្វើ។

 

៥) រៀប​ចំ​រចនា​សម្ព័ន្ធ​គោល​បំណង​របស់​ខ្លួន និង សួរ​សំនួរ​ខ្លួន​ឯង ៖ នៅ​ពេល​ដែល​អ្នក​បើក​អាជីវកម្ម​ហើយ​កំណត់​គោល​ដៅ​ឲ្យ​អាជីវកម្ម​ខ្លួន​រក​ចំណូល​បាន ១ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​តើ​អ្នក​ត្រូវ​មាន​យុទ្ធសាស្ត្រ​យ៉ាង​ដូច​ម្តេច? អ្នក​ត្រូវ​ចេះ​សួរ​មក​កាន់​ខ្លួន​ឯង​ ហើយ​រក​ចម្លើយ​ឲ្យ​ខ្លួន​ឯង​តើ​យុទ្ធសាស្ត្រ​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​អនុវត្តន៍ ដើម្បី​សម្រេច​បាន​គោល​ដៅ​ដែល​អ្នក​បាន​កំណត់​នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក Brian Tracy។

 

៦) គិត​បែប​វិជ្ជមាន ៖ អ្នក​នឹង​អាច​ក្លាយ​ជា​អ្វី​មួយ​ នៅ​ពេល​ដែល​គិត​ថា​ចង់​បាន​វា ដូច្នេះ​ការ​គិត​បែប​វិជ្ជមាន​គឺ​ជា​អ្វី​ដែល​ពួក​បុគ្គល​ជោគជ័យ តែង​ធ្វើ​ព្រោះ​វា​ផ្តល់​នូវ​ភាព​ទៅ​រួច​ជា​ច្រើន​ដែល​មនុស្ស​ដទៃ​យល់​ថា​ទៅ​មិន​រួច។

 

៧) មិន​ត្រូវ​បោះ​បង់​ចោល​គោលដៅ​របស់​ខ្លួន​ឡើយ ៖ លោក Brian Tracy ផ្តល់​ដំបូន្មាន​ថា​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម​ធ្វើ​អ្វី​មួយ​ដំបូង​ វា​នឹង​មិន​ទទួល​បាន​លទ្ធផល​ដូច​អ្នក​ចង់​បាន​ឡើយ ព្រោះ​ពេល​ខ្លះ​វា​ជោគជ័យ​នឹង​ពេល​ខ្លះ​វា​បរាជ័យ។ ប្រសិន​បើ​វា​មិន​ជោគជ័យ​នៅ​ដំណាក់​កាល​ដំបូង​អ្នក​ត្រូវ​រៀន​សូត្រ​ឡើង​វិញ​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ ហើយ​ចាប់​ផ្តើម​ជាមួយ​វិធី​សាស្ត្រ​ថ្មី​មួយ​ទៀត​ ព្រោះ​វា​នឹង​ផ្តល់​លទ្ធផល​ផ្សេង​មួយ​ទៀត​ឲ្យ​អ្នក គឺ​ប្រសើរ​ជាង​អ្នក​មិន​ទទួល​បាន​អ្វី​សោះ​នៅ​ពេល​អ្នក​បោះបង់​គោលដៅ​ខ្លួន​ឯង​ចោល។

 

៨) ត្រៀម​ខ្លួន​ទុក​ជា​មុន ៖ ត្រៀម​ខ្លួន​ទុក​ជា​មុន គឺ​ជា​ការ​ត្រៀម​ចិត្ត​មួយ​ដើម្បី​ទទួល​យក​នូវ​គ្រប់​លទ្ធផល​ទាំង​អស់​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ តើ​អ្វី គួរ​ជៀសវាង ពេល​បរាជ័យ ហើយ​អ្វី​គួរ​ធ្វើ​បន្ថែម​ពេល​ជោគជ័យ។

 

៩) បង្កើត​ទម្លាប់​ល្អ​ឲ្យ​ខ្លួន​ឯង ៖ ទស្សនវិទូ​ក្រិក​បុរាណ អារីស្តូត ពោល​ថា ៩៥% នៅ​គ្រប់​អ្វីៗ​ដែល​អ្នក​ធ្វើ​គឺ​ជា​លទ្ធផល​បាន​មក​ពី​ទម្លាប់​របស់​អ្នក។ អ្នក​ត្រូវ​ចាំ​ថា ទម្លាប់​ល្អ​គឺ​ពិបាក​បង្កើត តែ​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ ចំណែក​ទម្លាប់​អាក្រក់​ ងាយ​ស្រួល​បង្កើត​ តែ​ពិបាក​នឹង​រស់​នៅ​ជាមួយ។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: youtube.com, en.wikipedia.org