គន្លឹះ​សាមញ្ញ​ទាំង ៧ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​ដើរ​ទៅ​មុខ ទៅ​កាន់​គោល​ដៅ​ដែល​អ្នក​ចង់​បាន

១) ពិចារណា​ថា​អ្នក​ជា​នរណា ៖ អ្នក​មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ដទៃ​បាន​ឡើយ ប៉ុន្តែ​អ្នក​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ខ្លួន​ឯង​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។ អ្វី​ដែល​ល្អ​បំផុត​ អ្នក​អាច​ធ្វើ​ ចេះ​ត្រូវ​ពិចារណា​តើ​អ្នក​ពូកែ​អ្វី​ខ្លាំង​ជាង​គេ​ក្នុង​ខ្លួន ហើយ​ត្រូវ​ចាប់​ផ្តើម​ធ្វើ​វា​ទាំង​ក្នុង​ជីវិត​ការងារ និង​ជីវិត​ឯកជន។

 

២) ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ពន្លឺ​ជះ​ទៅ​លើ​អ្នក​ដទៃ ៖ មិន​ថា​នៅ​ក្នុង​គ្រួសារ ឬ នៅ​ក្នុង​ក្រុម​ការងារ​ឡើយ​ អ្នក​មិន​ត្រូវ​ប្រើ​ពាក្យ​ថា​ខ្ញុំ​ឡើយ គួរ​តែ​ប្រើ​ពាក្យ​ថា​ យើង​ ជំនួស​វិញ​ ព្រោះ​ថា​នៅ​ពេល​ដែល​អ្នក​ប្រើ​ពាក្យ​ថា​ខ្ញុំ អ្នក​ហាក់​បី​ដូចជា​លេច​ធ្លោ​តែ​ម្នាក់​ឯង​ខ្លាំង​ពេក​ហើយ។ មេដឹកនាំ​ដែល​ឆ្នើម​ យល់​ច្បាស់​ពី​ឥទ្ធិពល​ខ្លួន​លើ​អ្នក​ដទៃ​ជា​ពិសេស​លើ​ក្រុម​ការងារ​ព្រោះ ការ​ធ្វើ​បែប​នេះ​គឺ​ការ​បង្ហាញ​ទំនួល​ខុស​ត្រូវ​ជា​រួម​ទាំង​អស់​គ្នា ដែល​វា​ជា​វិធី​សាស្ត្រ​មួយ​ក្នុង​ការ​លើក​ទឹក​ចិត្ត និង បង្កើត​សុភមង្គល។

 

៣) ពង្រឹង​បន្ថែម​លើ​ចំណុច​ខ្លាំង​របស់​អ្នក ៖ មនុស្ស​គ្រប់​រូប​មាន​ភាព​ខ្លាំង​នឹង​ភាព​ខ្សោយ ដើម្បី​ជំនួស​ឲ្យ​ភាព​ខ្សោយ​របស់​ខ្លួន​ រាល់​មេដឹកនាំ​ដែល​ឆ្នើម​តែង​រើស​មនុស្ស​ដែល​មាន​ភាព​ខ្លាំង​ត្រង់​ចំណុច​ខ្សោយ​របស់​ខ្លួន​ មក​បំពេញ​បន្ថែម​ដើម្បី​ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង។

 

៤) ផ្ដោត​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​អ្នក​អាច​គ្រប់​គ្រង ៖ មាន​រឿង​ច្រើន​ណាស់​ក្នុង​ជីវិត​ការងារ និង ជីវិត​ឯក​ជន ដែល​អ្នក​មាន​ឥទ្ធិពល​ទៅ​លើ​វា ហើយ​ក៏​មាន​រឿង​ច្រើន​ដែរ​ ដែល​អ្នក​មិន​អាច​ គ្រប់គ្រង​បាន។ ដើម្បី​កុំ​ឲ្យ​ខ្ជះខ្ជាយ​ពេល​ឥត​ប្រយោជន៍ រួម​ទាំង​ការ​ចំណាយ​ថាមពល​ក្នុង​ខ្លួន​ទៅ​គិត​រឿង​ដែល​អ្នក​មិន​អាច​គ្រប់​គ្រង​បាន អ្នក​គួរ​តែ​ចំណាយ​ពេល​ ទៅ​លើ​អ្វី​ដែល​អ្នក​អាច​គ្រប់​គ្រង​បាន​វិញ​ទើប​ប្រសើរ។

 

៥) បង្កើត​ភាព​ស្ងប់ស្ងាត់​ឲ្យ​ខ្លួន​ឯង​ ៖ មាន​ពាក្យ​ស្លោក​មួយ​ពោល​ថា ចិត្ត​ស្ងប់​អាច​បង្កើត​អនុភាព​នៃ​គំនិត​ប្រាជ្ញា​ដ៏​អស្ចារ្យ។ ខណៈ​ដែល​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​ឯង​មាន​ភាព​ស្មុគស្មាញ វឹកវរ​ ហើយ​ពេល​ខ្លះ​មាន​ការ​ប្រែប្រួល​ខ្លាំង​ក៏​ដោយ អ្នក​ត្រូវ​ចេះ​បង្កើត​ចិត្ត​ស្ងប់​ឲ្យ​ខ្លួន​ឯង ព្រោះ​ចិត្ត​មនុស្ស​ដូច​ទឹក​ដែល​កំពុង​ញ័រ​រញ្ជួយ​អ្នក​មិន​អាច​ឆ្លុះ​មើល​មុខ​ខ្លួន​ឯង​ច្បាស់​ឡើយ ប៉ុន្តែ​ប្រសិន​បើ​អ្នក​អាច​ធ្វើ​ឲ្យ​ទឹក​នោះ​ស្ងប់​នឹង​អ្នក​អាច​ឆ្លុះ​មើល​មុខ​ខ្លួន​ឯង​បាន​យ៉ាង​ច្បាស់។

 

៦) កុំ​បិទ​ផ្លូវ​ក្រោយ​ខ្លួន​ឯង ៖ នៅ​ពេល​អ្នក​ធ្វើ​អ្វី​មួយ​ហើយ​អ្នក​មិន​គួរ​បិទ​ផ្លូវ​ក្រោយ​ខ្លួន​ឯង​នោះ​ឡើយ​ដូច​ពាក្យ​ខ្មែរ​ចូលចិត្ត​និយាយ​ថា ឆ្លង​ហើយ​រុះ​ស្ពាន​ចោល។ ជំនួស​មក​វិញ អ្នក​ត្រូវ​តែ​មាន​ចិត្ត​ទូលាយ​ ស្មោះ​ត្រង់​ ត្រូវ​បង្កើត​ទំនាក់​ទំនង​ ល្អ ជំនួស​ឲ្យ​ ក្នុង​ការ​ធ្វើ​ឲ្យ​នរណា​ម្នាក់​ គ្មាន​សុភមង្គល​ដោយ​សារ​តែ​អ្នក។

 

៧) ធ្វើ​ឲ្យ​គ្រួសារ​មាន​មោទនភាព​ចំពោះ​អ្នក ៖ តើ​សកម្មភាព​ដែល​អ្នក​កំពុង​ធ្វើ​សព្វ​ថ្ងៃ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាន​ភាព​ពេញ​ចិត្ត ឬ មាន​មោទនភាព​ចំពោះ​អ្នក​ដែរ​ឬ​ទេ? ប្រសិន​បើ​អត់​ទេ អ្នក​គួរ​តែ​ចេះ​ផ្លាស់​ប្តូរ​សកម្មភាព និង ទម្លាប់​របស់​ខ្លួន​ពេល​ឥឡូវ​នេះ​ទៅ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: http://inc-asean.com/