ប្រយ័ត្ន​កូន​ខូច បើ​អ្នក​ខ្វះ​ការអប់រំ​កូន ឲ្យបាន​ល្អ​!

ប្រយ័ត្ន​កូន​ខូច បើ​អ្នក​ខ្វះ​ការអប់រំ​កូន ឲ្យបាន​ល្អ​!

​អញ្ចឹង តើ​ធ្វើ​ម៉េច​ទៅ ទើប​កូន​ក្លាយជា​មនុស្ស​ល្អ​? ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក នូវ​កំហុសឆ្គង​មួយចំនួន ដែល​អ្នក​អាច​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កូន​អ្នក​ខូច និយាយ​មិន​ស្តាប់ និង​ខ្វះ​ការអប់រំ​។ បើ​អ្នកដឹង​ហើយ អ្នក​អាច​ផ្លាស់ប្តូរ វិធី​ចិញ្ចឹម​កូន​បាន ចាប់ពី​ថ្ងៃនេះ​តទៅ ពីព្រោះ យើងខ្ញុំ​ជឿជាក់ថា វា​មិន​ទាន់​ហួសពេល​នោះទេ​។ ហើយ​បើ​ចង់ដឹង​ច្បាស់ អំពី​វិធី​ចិញ្ចឹម​កូន​ឲ្យបាន​ល្អ សូម​ចូល​ទៅ​កាន់​គេហទំព័រ www.health.com.kh រួច​ចុច​ត្រង់​មាតិកា “​សុខភាព​ទារក និង​កុមារ​”​។​

១. ទំនើ​ង ឬ​ធ្វើ​តាមចិត្ត​កូន​ពេក​
​ការបំពេញ​ចិត្ត​កូន គឺជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ ដើម្បី​ឲ្យ​កូន​សប្បាយចិត្ត និង​រីករាយ ប៉ុន្តែ អ្នក​ត្រូវ​ចងចាំ​ថា ការ​ទំនើង ឬ​ធ្វើ​តាមចិត្ត​កូន​ពេក អាច​នឹង​ធ្វើឲ្យ​គេ​ខូច​បាន នៅ​ថ្ងៃ​ខាងមុខ​។​

២. មិន​យកចិត្តទុកដាក់ លើ​ចំណុច​ល្អ​របស់​កូន​
​សព្វថ្ងៃនេះ ឪពុក​ម្តាយ​ភាគច្រើន រវល់​នឹង​ការងារ​ប្រចាំថ្ងៃ រហូត​ពេលខ្លះ ភ្លេច​ថា​ត្រូវ​អប់រំ​កូន​ឲ្យបាន​ល្អ​ទៀតផង​។ ឪពុក​ម្តាយ​មួយចំនួន មិន​ទាំង​ដឹង​ផង​ថា កូន​របស់​ខ្លួន មាន​ដុង​ខាង​តន្ត្រី ឬ​គណិតវិទ្យា​ពី​កំណើត​។ ទាំងនេះហើយ ជា​កំហុស​ឆ្គង​ដ៏​ធំ​បំផុត របស់​ឪពុក​ម្តាយ​ភាគច្រើន​។​

៣. ភ្លេចខ្លួន ក៏​សរសើរ​ចំណុច​អាក្រក់ ឬ​ទង្វើ​មិន​គប្បី​របស់​កូន​
“​ជេរ​វា​ទៅ​កូន​!”, “​ធាក់​វា​ទៅ​កូន​!” អ្នក​ប្រហែលជា​ធ្លាប់​និយាយ ពាក្យ​នេះ​ទៅកាន់​កូន ប៉ុន្តែ ពេល​អាន​អត្ថបទ​នេះហើយ យើង​សង្ឃឹមថា អ្នកនឹង​កែប្រែ ពីព្រោះ​ទម្លាប់​បែបនេះហើយ ដែល​ធ្វើ​ឲ្យ​កូន ក្លាយ​ជា​ក្មេង​មិនល្អ​។​

៤. មិនចេះ​បង្រៀន ឬ​អប់រំ​កូន​
​តើ​អ្នក​ចង់ឲ្យ​កូន ក្លាយ​ជា​ក្មេង​មានចំណេះដឹង មាន​សុជីវធម៌ ឬ​ក្លាយជា​ក្មេង​កោងកាច មិន​ចូល​សាលា​? ពិតណាស់ ការអប់រំ​កូន ក៏​ជា​ភារកិច្ច​របស់​ឪពុក​ម្តាយ​ដែរ មិនមែន​មាន​តែ​លុយ ហើយ​ដាក់​កូន​ចូលរៀន នៅ​សាលា​ថ្លៃ​នោះទេ​។ អាកប្បកិរិយា ឬ​ក​ពារ និង​ពាក្យ​សំដី​របស់​អ្នក ក៏​អាច​ធ្វើ​ឲ្យ​កូន​រៀន​តាម​ដែរ​។​

៥. មិន​ដាក់​កំហិត ឬ​ច្បាប់​ក្នុង​គ្រួសារ​
​គ្រួសារ​នីមួយៗ គួរតែ​ចែក​ឲ្យ​ច្បាស់ រវាង​ការពិន័យ និង​ការសរសើរ ហើយ​ត្រូវតែ​អនុវត្ត​វា​ឲ្យបាន​ល្អ​។ ឧទាហរណ៍ អ្នក​គួរតែ​លើកទឹកចិត្ត​កូន ដោយ​និយាយថា “​បើ​កូន​បាន​ពិន្ទុ ១០ ប៉ា​ម៉ាក់ នឹង​ទិញ​កាបូប​ថ្មី​ឲ្យ​កូន​”​។​

៦. ឲ្យ​កាដូ​ខុស​ពេល​
​ពេល​កូន​ខឹង ហើយ​និយាយ​ថា “​ម៉ាក់ ជា​មនុស្ស​អាក្រក់​បំផុត​” ដូច្នេះ វា​មិនមែន​ជា​ពេល​សាក​សម ដើម្បី​ទិញ​របស់ ឬ​កាដូ​អ្វី មក​លួង​គេ​នោះទេ​។ ប៉ុន្តែ អ្នក​ត្រូវ​អោប​កូន សួរនាំ​ហេតុ​ផង និង​ពន្យល់​អប់រំ​កូន​បន្ថែម​។​

៧. អ្នក​ធ្វើ​ខ្លួនឯង ជា​មនុស្ស​មិន​ល្អ​
​តើ​អ្នក​តែងតែ​ឈ្លោះ​គ្នា នៅ​ចំពោះមុខ​កូន​ដែរឬទេ​? តើ​អ្នក​តែងតែ​ជេរ​កូន ឬ​ប្រពន្ធ​ដែរឬទេ​? ទង្វើ​ទាំងនេះ​ហើយ ដែល​ធ្វើ​ឲ្យ​កូន រៀន​តាម​អ្នក​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។