វាយប្រហារ​ភេរវកម្ម​ថ្មី​នៅ​រដ្ឋធានី​តួ​ក​គី​ក្រុង​អង់កា​រ៉ា​ស្លាប់​34​នាក់

មនុស្ស​យ៉ាងតិច​៣៤​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​១២៥​នាក់​ទៀត​រង​របួស ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​មួយ​កាលពី​យប់​ថ្ងៃ​ទី​១៣ មីនា នា​កណ្តាល​ក្រុង​អង់កា​រ៉ា ដែល​ការ​វាយប្រហារ​នេះ​កើត​មាន​ជាង​៣​ស​ប្តា​ហ៍ បន្ទាប់​ពី​ការ​វាយប្រហារ​អត្តឃាត​លើក​មុន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៩​នាក់​រួច​ហើយ​ក្នុង​រដ្ឋធានី​តួ​ក​គី ។

វាយប្រហារ​ភេរវកម្ម​ថ្មី​នៅ​រដ្ឋធានី​តួ​ក​គី​ក្រុង​អង់កា​រ៉ា​ស្លាប់​34​នាក់

យោង​តាម​រដ្ឋាភិបាល​តួ​ក​គី​ថា រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​បាន​ផ្ទុះ​នា​វេលា​ម៉ោង​១៨​និង​៤៥​នាទី​ម៉ោង​ក្នុងស្រុក​ត្រង់​ចំណតរថយន្ត​បឺស​មាន​មនុស្ស​កុះករ​មួយ​នៃ​ទីលាន KIZILAY នៅ​ចំ​កណ្តាល​ក្រុង​អង់កា​រ៉ា ដោយ​ទីនោះ​មាន​ទីតាំង​ពាណិជ្ជកម្ម​ជា​ច្រើន ហើយ​មាន​ខ្សែ​រថយន្ត​បឺស និង​មេត្រូ​ច្រើន ។

អ្នកកាសែត AFP ម្នាក់​រៀបរាប់​ថា រថយន្ត​បឺស​ជា​ច្រើន​គ្រឿង ព្រមទាំង​រថយន្ត​ឯទៀត​ៗ​ត្រូវ​បំផ្លាញ​ទាំងស្រុង ដោយសារ​ការ​ផ្ទុះ​យ៉ាង​ខ្លាំង ។ នៅ​មុខ​សារព័ត៌មាន​រដ្ឋមន្ត្រី​សុខាភិបាល លោក MEHMET MIIEZZINOGLU បន្ទាប់​ពី​កិច្ចប្រជុំ​ខាង​សន្តិសុខ​មួយ​ធ្វើ​ឡើង​រួម​ជាមួយ​នាយក​រដ្ឋមន្ត្រី លោក AHMET DAVUTOGLU ថ្លែង​នៅ​មុខ​សារព័ត៌មាន​ថា មនុស្ស​៣០​នាក់​ស្លាប់​នៅ​នឹង​កន្លែង ហើយ​៤​នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ ។ ចំណែក​មនុស្ស​យ៉ាងតិច​១២៥​នាក់​រង​របួស ក្នុង​នោះ​១៩​នាក់​នា​យប់​ថ្ងៃ​ទី​១៣ មីនា ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ។

យោង​តាម​លោក MIIEZZINOGLU និង​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក EFKAN ALA ថា ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង​តាម​រយៈ​រថយន្ត​មួយ​គ្រឿង​ដែល​មាន​មនុស្ស​ជិះ​ក្នុង​នោះ​ម្នាក់ ឬ​២​នាក់ ហើយ​វាយប្រហារ​សំដៅលើ​ចំណតរថយន្ត​បឺស​នៅ​ទីលាន KIZILAY ។

វាយប្រហារ​ភេរវកម្ម​ថ្មី​នៅ​រដ្ឋធានី​តួ​ក​គី​ក្រុង​អង់កា​រ៉ា​ស្លាប់​34​នាក់

ការ​វាយប្រហារ​នេះ​ក្នុង​ពេល​ភ្លាម​ៗ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ ក៏​ប៉ុន្តែ​ការ​វាយប្រហារ​បែប​នេះ​គឺ​ប្រហាក់ប្រហែល​គ្នា​នឹង​ការ​វាយប្រហារ​អត្តឃាត​មួយទៀត​តាម​រយៈ​ការ​បំផ្ទុះ​រថយន្ត​ដែរ នៅ​ទីក្រុង​អង់កា​រ៉ា កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីលាន KIZILAY សំដៅលើ​ក្បួន​រថយន្ត​ដឹក​បុគ្គលិក​យោធា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៩​នាក់ ។ ៣​ថ្ងៃក្រោយ​ការ​វាយប្រហារ​នេះ ក្រុម​ឧទ្ទាម​នៃ​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ ហើយ​ប្រកាស​ពី​ការ​វាយប្រហារ​ថ្មី​ៗ​ទៀត ពិសេស​ប្រឆាំង​បណ្តា​ទីតាំង​ទេសចរណ៍​តួ​ក​គី ។

ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន និង​នាយក​រដ្ឋមន្ត្រី​លោក AHMET DAVUTOGLU បាន​ចាត់​ទុក​ការ​វាយប្រហារ​នេះ​ថា ជា​ស្នាដៃ​របស់​ពួក​ឃើ​ត​ស៊ី​រី​នៃ​ក្រុម​កងឯកភាព​ការពារ​ប្រជាជន YPG ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​ពួក PKK ។ ចលនា​ទាំង​២​បាន​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ចោទប្រកាន់​ទាំងនេះ .

លោក​អ័​រ​ដូ​ហ្គា​ន អះអាង​ថា នេះ​ជា​ការ​វាយប្រហារ​ប្រឆាំង​ឯកភាព​របស់​ប្រទេស​យើង និង​ប្រជាជន​យើង ហើយ​លោក​ប្រកាស​ពី​ការ​តបត​វិញ ។ លោក​ថ្លែង​ថា រដ្ឋ​យើង​នឹង​ពុំ​បដិសេធ​ដាច់ខាត​ក្នុង​ការ​ប្រើ​សិទ្ធិ​ការពារ​ស្របច្បាប់​ប្រឆាំង​រាល់​ការ​គំរាមកំហែង​ភេរវកម្ម ។

ប្រធានាធិបតី​បារាំង​លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ សម្តែង​ពី​សាមគ្គីភាព​ចំពោះ​ប្រជាជន​តួ​ក​គី ហើយ​អះអាង​ប្រាប់​សម​ភាគី​តួ​ក​គី​ពី​ការ​ជួយ​គាំទ្រ​របស់​លោក ក្នុង​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម ។

រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី លោក JULIS BISHOP អះអាង​ថា ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ក្រុង​អង់កា​រ៉ា គេច​ផុត​បន្តិច​ពី​ការ​វាយប្រហារ​នេះ ។ លោក​ស្ថិត​ក្នុង​រថយន្ត​ពេល​រថយន្ត​ផ្ទុះ​នៅ​ចម្ងាយ​២០​ម៉ែត្រ​ពី​រថយន្ត​របស់​លោក ។

ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​តួ​ក​គី​កាលពី​ថ្ងៃ​ទី​១១ មីនា បាន​ចេញ​ការ​ប្រកាស​អាសន្ន​ប្រាប់​ជនជាតិ​របស់​ខ្លួន​ពី​លទ្ធភាព​នៃ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​នៅ​ក្រុង​អង់កា​រ៉ា សំដៅលើ​បណ្តា​អគារ​រដ្ឋាភិបាល​តួ​ក​គី និង​អគារ​នានា​ក្នុង​សង្កាត់​ដែល​កើត​មានការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ៕