ព័ត៌មាន​ជាតិ &raquo បរិយាយថ្ងៃនេះ

ឈុត​​ឆាកនយោបាយ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​នឹង​រឹតតែ​ល្អ​មើល នៅ​ក្នុង​ដំណើរ​ផ្លូវ​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​​ឆ្នាំ​២០១៧ ​និង​២០១៨​ ។ខាង​​គណបក្សប្រឆាំង​ កំពុង​តែ​ចាំ​អ៊ុត​ថា ​តើ​ពួក​គេ​អាច​នឹង​​ឈ្នះ​ការ​បោះ​ឆ្នោត​​ឆ្នាំ​២០១៧ ​និង​២០១៨ ​ឬ​អត់ ខណ​:​ដែល​គណ​បក្ស​កាន់​អំណាច​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​កំពុង​តែ​ធ្វើ​អ្វី​គ្រប់យ៉ាង​ ដើម្បី​ផលប្រយោជន៍​ប្រជាជន​ ដើម្បី​ធានា​ថា ​ប្រជាជន​នឹង​បន្ត​គាំទ្រ​គណ​​​បក្សកាន់អំណាច​ទៀត​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​​នៅ​ឆ្នាំ​២០១៧​ និង​២០១៨​ ។

មេ​ដឹកនាំ​ និង​មន្ត្រី​គណបក្សប្រឆាំង​ កំពុង​តែ​មាន​អំនួត​ ដោយសារ​តែ​ការ​បោះ​ឆ្នោត​​កាលពី​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​​ជាតិ​ បាន​ទទួល​​ការ​គាំទ្រ​ច្រើន​​ហួស​ពី​ការ​រំពឹង​ទុក ​ដោយ​​​ទទួល​បាន​​៥០​អាសន​: ​នៅ​ក្នុង​រដ្ឋសភា​ ហើយ​ធ្វើ​ឱ្យ​​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​បង់​កៅអី​ រហូត​ដល់​២២​ ដោយ​ទទួល​បាន​៦៨​អាសន​: ​នៅ​ក្នុង​រដ្ឋសភា​ ដែល​មាន​១២៣​កៅអី​ ។ ដូច្នេះ​ មេដឹកនាំ​គណបក្សប្រឆាំង​ ក៏​មាន​សង្ឃឹមថា​ ពួក​គេ​អាច​នឹង​​ឈ្នះ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ក្នុង​ឆ្នាំ​២០១៨ ​។

គណ​បក្ស​ប្រជាជន​កម្ពុជា​វិញ ​ទទួលស្គាល់​ការ​ពិត​​មួយ ​អំពី​តម្រូវការ​ធ្វើ​កំណែទម្រង់​ ដើម្បី​បម្រើ​ផលប្រយោជន៍​​ដល់​ប្រជាជន​ឱ្យ​​បាន​ច្រើន ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ក្នុង​គោលបំណង​ពង្រឹង​ឡើង​​វិញ​ប្រជាប្រិយភាព​ ។ កំណែទម្រង់​ ដែល​បានឃើញ​លេច​ចេញ​លទ្ធ​​ផល​ ជាក់ស្តែង​ដូច​ជា​ការ​​ដំឡើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ, ការ​ដំឡើង​ប្រាក់ខែ​​អប​ប្បរិ​មា​របស់​កម្មករ​កាត់ដេរ, កំណែទម្រង់​​វិស័យ​អប់រំ​ និង​កិច្ចការ​កំណែទម្រង់​ជា​ច្រើន​​ទៀត ​។ កិច្ចការ​ទាំងអស់​នោះ​ គឺ​ដើម្បី​ឆ្លើយ​តប​​នឹង​ស្ថានភាព​នយោបាយ​​បច្ចុប្បន្ន​ និង​ដើម្បី​រក្សា​តួនាទី​ ជា​អ្នកដឹកនាំ​ប្រទេស​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​២០១៨​ ។

ប៉ុន្តែ​រឿង​ដ៏​សំខាន់​មួយ ​ដែល​គណបក្សកាន់អំណាច​ ត្រូវ​យកចិត្តទុកដាក់​នោះ ​គឺ​ត្រូវ​ធានា​ថា​​ មន្ត្រី​មូលដ្ឋាន​ថ្នាក់​​ក្រោម​​ ដែល​ធ្វើការ​ជាមួយ​​ប្រជាជន​ផ្ទាល់​ នឹង​មិន​បណ្តុះ​អារម្មណ៍​​ មិន​សប្បាយចិត្ត​​ចំពោះ​រដ្ឋាភិបាល​ និង​គណបក្សកាន់អំណាច​ឡើយ​ ។ ប្រជាជន​ជា​ច្រើន​ ​មានការ​ត្អូញត្អែរ​អំពី​សេវា​សាធារណ​: ​ដែល​ផ្តល់​ឱ្យ​​ដោយ​បុគ្គលិក​រដ្ឋ ​ឬ​អាជ្ញាធរ​មូល​ដ្ឋាន​ ។ កន្លង​មក ​ការ​មិន​សប្បាយចិត្ត​នោះ​បាន​​ក្លាយទៅជា​ការ​ដក​សេចក្តី​ទុកចិត្ត​ ដល់​គណបក្សកាន់អំណាច​ ។ ការ​អប់រំ​មន្ត្រី​ថ្នាក់​ក្រោម ​និង​មន្ត្រី​មូលដ្ឋាន​ឱ្យ​​យល់​ច្បាស់​​អំពី​តួ​នាទី​បម្រើប្រជាជន​ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ នឹង​ជួយ​ពង្រឹង​ទំនុកចិត្ត​របស់​ប្រជាជន ​ចំពោះ​រដ្ឋាភិបាល​ និង​គណ​បក្ស​កាន់​អំណាច​ ។

ការ​ផ្តល់​សេវា ​ដល់​ប្រជាជន​ជាមួយ​នឹង​​ស្នាមញញឹម​ នឹង​ទទួល​មក​វិញ​នូវ​ស្នាមញញឹម​ដែរ​ ។ ដូច្នេះ​កំណែទម្រង់​របៀប​របប​​ធ្វើការ​របស់​​ម​ន្ត្រី​ថ្នាក់​ក្រោម ​និង​ថ្នាក់​មូលដ្ឋាន ​នឹង​ស្តារ​ទំនុកចិត្ត​របស់​ប្រជាជន​ ចំពោះ​គណបក្សកាន់​អំណាច​ ។​ ជាល​ទ្ធ​ផល គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​អាច​រក្សា​តួនាទី​របស់​ខ្លួន​ ក្នុង​ការ​ដឹកនាំ​ប្រទេស​បន្ត​ទៀត​នៅ​ក្រោយ​ឆ្នាំ​២០១៨ ៕

                                                                                                  ដោយ រ័ត្ន ធីយ៉ា