ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបន្ទាយមានជ័យ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ នៅវេលាម៉ោងជាង៤រសៀលថ្ងៃទី១៤​ មីនានេះ នគរបាលក្រុងប៉ោយប៉ែត​បានចុះបង្រ្កាបទីតំាង​លេងល្បែងស៊ីសងបៀ ​អាប៉ោងដុះស្លែមួយកន្លែងជ្រកក្រោម​ភោជនីយដ្ឋានយីហោ​ "តំាង ប៊ុនហេង" ​ស្ថិតនៅខាងកើតផ្លូវជាតិលេខ៥​ ក្នុងភូមិបាលិលេយ្យ២ ​សង្កាត់-ក្រុងប៉ោយប៉ែត ។

សេចក្តីរាយការណ៍បានបន្តថា ​ក្នុងការចុះបង្រ្កាបដែលធ្វើឡើងតាមបទ​បញ្ជារបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យនាពេលនេះ ​សមត្ថកិច្ចបានឃាត់ខ្លួន​មនុស្សប្រមាណ១០នាក់ (ស្រី២នាក់​ក្នុងនោះម្នាក់ជាម្ចាស់ភោជនីយដ្ឋានខាងលើ )​ និងរឹបអូសវត្ថុតាងមានបៀ អាប៉ោង​ ម៉ូតូ៥គ្រឿង ​និងរថយន្តស៊េរីទំនើបៗ៤គ្រឿង ។

ប្រភពបានបញ្ជាក់បន្ថែមទៀតថា​ អ្នកញៀនល្បែងស៊ីសងហើយចូល​លេងនៅក្នុងភោជនីយដ្ឋានយីហោ ​"តំាង ប៊ុនហេង"នេះ ​ភាគច្រើនជាមន្រ្តីរាជការ​មានតួនាទីនិង​កងកម្លំាងសមត្ថកិច្ច ហើយថាទីតំាងបើកល្បែងនេះ​ បានបើកលេងបៀយូរឆ្នាំមកហើយ ​តែអាប៉ោងទើបនឹងផ្តើមលេង​ប្រមាណ២-៣សប្តាហ៍​កន្លងមកនេះ ។

សេចក្តីរាយការណ៍បន្តថា ​អ្នកញៀនល្បែងស៊ីសងប្រមាណ១០នាក់ ​ដែលសមត្ថកិច្ចឃាត់ខ្លួននោះ​ មួយចំនួនធំបានត្រូវសមត្ថកិច្ចបើកផ្លូវឲ្យរត់​តាមទ្វារក្រោយជាថ្នូរនឹងការទទួល​​លាភសក្ការៈពី​ក្រុមអ្នកលេង​នោះផងដែរ ។

ជាការកត់សម្គាល់ ​ល្បែងស៊ីសងនៅក្រុងប៉ោយប៉ែត​ បានត្រូវគេបើកលេងរីកដូចផ្សិតនិង​យ៉ាងអនាធិបតេយ្យ​ ជាពិសេសល្បែងភ្នាល់បាល់​តាមអនឡាញនិងកន្ទុយលេខ​ ប៉ុន្តែការបង្រ្កាបហាក់​មាន​ភាពយឺតយ៉ាវ ​ហើយការបង្រ្កាបនៅទីតំាងមួយ​ចំនួនធ្វើមិនដល់មួយសប្តាហ៍ផង ​ត្រូវគេបើកលេងឡើងវិញ​ដូចវែកចកយ៉ាងដូច្នោះដែរ ​ដោយសារតែមានការ​បើកភ្លើងខៀវពីសមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ឋ ។ ​ជុំវិញការលើកឡើងខាងលើ​ មិនទាន់ប្រតិកម្មតបភ្លាមៗ​នៅឡើយទេពី​សមត្ថកិច្ចពាក់ព័ន្ឋនៅក្រុងប៉ោយប៉ែត ៕