​នារី​​ម្នាក់​ដួល​ម៉ូតូ​របួសធ្ងន់​ តែក្លាហាន​ដណ្តើម​​កាបូប​ពីដៃ​​​ចោរ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​បុគ្គលិក​ធនាគារ​ម្នាក់ បាន​រង​របួសធ្ងន់​ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ ក៏​ត្រូវ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ឆក់​កាបូប​និង​បាន​ប្រវាយប្រតប់​គ្នា​ដួល​ម៉ូតូ​ទៀត ហេតុការណ៍​នេះ​កើតឡើង កាលពី​ម៉ោង​០៦ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​​លើ​ស្ពាន​៥​​មក​រា ហៅ​ស្ពាន​តិច​ណូ​ផ្នែក​ខាងកើត ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ​ង៉ែត ស្រី​នាង អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​ធនាគារ ស្នាក់​នៅ​ភូមិ​ក្រាំង​លាវ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល របួស​​បោក​ក្បាល​បែក កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

បើ​តាម​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នាង​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស្គូ​ពី ពណ៌​.​ស ស៊េ​រ​រី​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FG-3242​ តែ​ម្នាក់ឯង ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​លើ​ស្ពាន​៥​មក​រា ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ពណ៌​ខ្មៅ មិន​ចាំ​ម៉ាក មក​អែប​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​នាង ។

នៅ​ក្នុង​សកម្មភាព​ឆក់ ពុំ​បាន​សម្រេច​នោះ​ទេ ព្រោះ​មានការ​ប្រទាញប្រទង់​គ្នា បណ្តាល​ឱ្យ​ដួល​ម៉ូតូ​នៅ​លើ​ស្ពាន​រង​របួស​តែ​ម្តង ។​ចំណែក​​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ។ បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ ត្រូវ​បាន​អ្នក​ស្គាល់គ្នា​ជិះ​ម៉ូតូ​ឆ្លងកាត់ ឃើញ​ក៏​​បាន​បញ្ជូន​ទៅ​សង្គ្រោះ ៕