ម្ចាស់ផ្ទះ​មិននៅ ទុស្សេខ្សែភ្លើង​ឆាបឆេះ​គ្រឿង​ក្នុង​​ខ្ទេច​

ខេត្ត​បន្ទាយ​មានជ័យ ៖ ​ផ្ទះ​មួយ​ខ្នង ត្រូវអគ្គិ​​ភ័យ​ឆាបឆេះ​បន្ទាប់​​ពី​​ទុ​ស្សេ​​ចរន្ត​ភ្លើង ​បង្ក​​ឱ្យ​ភ្ញាក់ផ្អើល​​ទាំង​កណ្តាល​ថ្ងៃ​ ហើយ​​​ត្រូវ​អាជ្ញា​ធរ​មាន​​​សមត្ថកិច្ច​ រួម​ទាំង​ប្រជាពលរដ្ឋ​ នាំ​គ្នា​ជួយ​​ពន្លត់​ទាន់​ពេលវេលា​ ​​តែ​​សម្ភារៈខាងក្នុង​ត្រូវភ្លើងឆេះ​អស់ ​​។

ហេតុ​ការ​ណ៍​​នេះ​ ​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​០៤​រសៀល​ថ្ងៃ​ទី​១៤ មីនា ២០១៦ ស្ថិត​នៅ​ភូមិ​ចាន់គិរី​ សង្កាត់ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​​ប៉ែត ​។ ​​ម្ចាស់​​ផ្ទះ​ខាងលើ ​ឈ្មោះ​យ៉ា​ន់​ សិលា​ ភេទ​ស្រី ​អាយុ​៣៤ឆ្នាំ ​។

​​ស្ត្រី​​ម្ចាស់ផ្ទះ​មិន​​នៅផ្ទះ​ជា​ច្រើន​ថ្ងៃ​មកហើយ​​ គឺ​ចាក់សោ​ទ្វារផ្ទះ​ចោល​មិនដឹង​ទៅ​ណា​ ។ តែ​ប្រភព​ខ្លះ​​ថា​ គ្រួសារ​មួយ​នេះ មាន​ជម្លោះ​​ជាមួយ​​ប្តីក៏​ចាកចេញ​​​ពី​ផ្ទះបាត់​ ​។ នៅ​កន្លែង​កើតហេតុ ​គេ​ឃើញ​បុរស​ជា​អតីត​ម្ចាស់ផ្ទះ​នៅ​ទីនោះ​ដែរ ​ប៉ុន្តែ​មិន​និយាយ​អ្វី​​ច្រើន​ទេ​ដោយ​​​​គ្រាន់តែ​និយាយ​យ៉ាង​ខ្លី​ថា ​គាត់​បាន​លែងលះ​គ្នា​ហើយ​ មិន​ពាក់ព័ន្ធ​អ្វី​ទៀត​ទេ ​ហើយ​ថា​ផ្ទះ​កើតហេតុ​នេះ​ ជា​របស់​អតីត​​ប្រពន្ធ​គាត់​។

​ករណីនេះ ត្រូវ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​បាន​ទៅ​ដល់​​កន្លែង​កើត​ហេតុដែរ​ តែ​ភ្លើង​បាន​​រលត់​អស់​ទៅ​ហើយ​ ។ យ៉ាងណា​ក៏​​ដោយ​ ទំហំ​នៃ​ការ​ខូចខាត​នេះ​ ពុំ​មាន​អ្នក​​ណា​​អាច​ដឹង​បាន​ទេ ​ព្រោះ​ម្ចាស់ផ្ទះ​មិន​នៅ ។