ក្មេង​ស្រី​ម្នាក់រ​អិ​លជើងធ្លាក់​ពី​លើ​ស្ពាន​លង់ទឹក​​​ស្លាប់​គួរ​ឱ្យ​សង្វេគ​

ខេត្តកណ្ដាល ​៖​ ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ​​បាន​រ​អិ​លជើង​ធ្លាក់​​ពី​លើ​ស្ពាន​​លង់ទឹក​ទន្លេ​ស្លាប់​ កាលពីវេលា​ម៉ោង​៩​​ព្រឹក​ថ្ងៃ​ទី​១៤ ​មីនា នៅ​ចំណុច​​ទន្លេបាសាក់ ស្ថិត​ក្នុងភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​ ​។

មន្ត្រី​នគរបាល​ស្រុក​ស្អាង ​បាន​​ឱ្យ​ដឹង​ថា ​ក្មេង​ស្រី​រង​គ្រោះ​ ឈ្មោះ ឃី អា​ទី​សះ ​អាយុ​៥​ឆ្នាំ​ ​ជា​​ខ្មែរ​អ៊ិ​ស្លា​ម រស់នៅ​ភូមិឃុំកើតហេតុ​ខាងលើ ​​មាន​ឪពុក​ឈ្មោះ​ សាន់ សា​ឃី​ អាយុ​៣៥​ឆ្នាំ​ ​ជា​អ្នក​​នេសាទ​ និង​ម្តាយ​ឈ្មោះ​ ហ្សេ​ន ​អ៊ីតាស់​ អាយុ​៣៨​ឆ្នាំ ​ជា​អ្នក​លក់​ត្រី ។​

​មន្ត្រី​នគរបាល​បាន​បន្ត​​ថា ​​មុន​​ពេល​កើតហេតុ​​​ក្មេង​ស្រី​​បាន​នាំ​គ្នា​៣​នាក់​បងប្អូន​ជីដូនមួយ​ ​​មាន​អាយុ​ប្រហាក់ប្រហែល​គ្នា​ទៅ​លេង​នៅ​មាត់កំពង់ ហើយ​បាន​ដើរ​ឆ្លងស្ពាន​​បម្រុង​ឡើង​ទៅ​លេង​លើ​ទូក ​ស្រាប់​តែ​​រអិល​ជើង​ធ្លាក់​ទឹកទន្លេ​ បាន​មួយសន្ទុះ​ក្រោយមក​ ទើប​បងប្អូន​នៅ​ជិតខាង​ដឹង​ក៏​​នាំ​គ្នា​ជួយ​​ស្រង់​ចេញពី​ទឹក​​​ជួយ​សង្គ្រោះ ​​ជា​អកុសល​ក្មេង​ស្រី​រង​គ្រោះ​បាន​​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពី​​សមត្ថកិច្ច​​​​ ​​ធ្វើការ​ពិនិត្យ​ និង​ធ្វើ​​កោសល្យ​វិច័យ​សព​រួច​ហើយ ​បាន​ឱ្យ​ដឹង​ថា ​ក្មេង​ស្រី​រងគ្រោះ​ពិត​ជា​បាន​លង់​ទឹក​ស្លាប់​ប្រាកដមែន រួច​ក៏​​​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​