ថ្ងៃ​មង្គលការ​បងស្រី ប្អូនប្រុស​ចង.ក​សម្លាប់​ខ្លួន

ខេត្តកណ្តាល ៖ យុវជន​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​នៅ​ថ្ងៃ​មង្គលការ​បងស្រី ខណៈ​ភ្ញៀវ​កំពុង​ពិសារ​ភោជនាហារ និង​មាន​ប្រគំ​តូ​រ​តន្ត្រី​ច្រៀង​រាំ​យ៉ាង​សប្បាយ​រីករាយ ។ ហេតុ​ការណ៍​ប្អូនប្រុស​ចង​.​ក​សម្លាប់​ខ្លួន​ថ្ងៃ​ការ​បងស្រី​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៦ នៅ​ធ្នឹម​បង្គន់​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​គោ​ហ៊េ ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ម៉ុ​ន វណ្ណ​ណេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​កើតហេតុ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​១៣ ខែមីនា នៅផ្ទះ​ឈ្មោះ ឌុ​ច ចាន់​ថុ​ល ត្រូវជា​ម្តាយ​ជន​រង​គ្រោះ មាន​រៀបចំ​ពិធីការ​កូនស្រី ពេល​នោះ​មាន​តន្ត្រីសម័យ​លេង​កំដរ​ផង​ដែរ ។ នៅវេលា​ម៉ោងជាង​៥​ល្ងាច​មាន​ភ្ញៀវ​ជិត​ឆ្ងាយ​បាន​ហូប​ការ ហើយ​តន្ត្រី​ចាប់ផ្តើម​ប្រគំ នៅ​ពេល​នោះជន​រង​គ្រោះ​បាន​បម្រើភ្ញៀវ និង​ហៅភ្ញៀវ​ចូល​តុ​ធម្មតា ព្រម​ទាំង​បាន​ផឹកស្រា​រហូត​ស្រវឹងទៀតផង ។ លុះដល់​វេលា​ម៉ោង​១០​យប់ ក្រោយ​ពី​ជន​រង​គ្រោះ​បាន​ផឺ​ក​ស្រា​ស្រវឹង​ហើយ​នោះ​ក៏​ត្រូវ​បងថ្លៃ​ឈ្មោះ​ រិ​ន រិ​ទ្ធ ស្តីបន្ទោស​រឿង​ផឹកស្រា​ស្រវឹង មិន​ជួយ​មើល​ការ​ខុស​ត្រូវ​ក្នុង​ពិធី​មង្គលការ​ឱ្យ​បាន​ចប់​ចុង​ដើម ។ ពេល​នេះ​ជន​រង​គ្រោះ​បាន​ដើរ​ចេញពី​រោងការ​ទៅ​បាត់​មួយសន្ទុះ ។ ក្រោយមក​ក៏​មាន​អ្នក​ដើរទៅ​បត់ជើង​នៅ​ខាងក្រោយ​ផ្ទះ ស្រាប់តែ​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​បាន​ចង.ក​នឹង​ឈើ​ធ្នឹម​បង្គន់​ផ្នែក​ខាងក្រោយ ក៏​ស្រែក​ផ្អើល​ឆោឡោ​ឡើង​ក្នុង​ពេល​ដែល​ភ្ញៀវ​កំពុង​រាំ​លេង​សប្បាយ ។ ខណៈ​មាន​ការ​ភ្ញាក់​ផ្អើល​ ភ្លាមៗ​នោះ​​បងស្រី​ជន​រង​គ្រោះ​បាន​យក​កាំ​បិទ​ប៉័ង​តោ​កាត់​ខ្សែ​យ​ដាក់​ជន​រង​គ្រោះ​មក​ដី តែ​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោយ​ពី​នគរបាល និង​អាជ្ញាធរ​ពិនិត្យ​សព​ឃើញ​ថា​ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ចងក​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន ៕