ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

មនុស្ស​៨​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​៧​នាក់​ទៀត​រង​របួស​កាលពី​យប់​ថ្ងៃ​ទី​១៣ មីនា នៅ​ភាគ​កណ្តាល​ក្រុង​បាងកក ក្រោយ​ពី​ការ​ផ្ទុះ​ដោយ​ចៃដន្យ​នូវ​ប្រព័ន្ធ​ប្រឆាំង​អគ្គិភ័យ​នៃ​ទីស្នាក់ការ​ធនាគារ​មួយ ។

គ្រោះថ្នាក់​នេះ​កើត​មាននៅ​ជាន់​ក្រោម​ដី​នៃ​ធនាគារ SIAM (SCB) ជា​ធនាគារ​ធំ​បំផុត​មួយ​របស់​ប្រទេស​ពេល​កម្មករ​មួយ​ក្រុម​កំពុង​បំពេញការងារ​របស់​ពួក​គេ ។ ក្នុង​ចំណោម​មនុស្ស​ទាំង​៨​នាក់​ដែល​ស្លាប់ ៧​នាក់​ជា​កម្មករ​នៃ​សហគ្រាស​មួយ ហើយ​អ្នក​ស្លាប់​ម្នាក់​ទៀត​ជា​ភ្នាក់ងារ​សន្តិសុខ ។ ប៉ូលិស​ក្រុង​បាងកក​ដែល​ផ្តល់​តុល្យការ​នេះ​បញ្ជាក់​ថា នារី​ម្នាក់​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ ។ ការ​បំពេញការងារ​របស់​ក្រុម​កម្មករ​ញ៉ាំង​ឱ្យ​ផ្ទុះ​ឧស្ម័ន AEROSOLS PYROGEN ដែល​ពេល​បាញ់​ឧស្ម័ន​នេះ​កាត់​បន្ថយ​អុកស៊ីហ្សែន​ក្នុង​ខ្យល់ ។ បែប​នេះ​អាច​បណ្តាល​ឱ្យ​មនុស្ស​រង​របួស ឬ​ស្លាប់ ។

បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា ប្រតិកម្ម​គីមី​មួយ​កើត​មាន​ពេល​មាន​ផ្សែង​យ៉ាង​ក្រាស់​ដែល​ពិត​ណាស់​រារាំង​បណ្តាជន​រង​គ្រោះ ដែល​ស្ថិត​នៅ​ក្នុង​ជាន់​ក្រោម​ដី​មិន​អាច​រត់ឡើង​មក​លើ​វិញ​បាន ។ ម្យ៉ាងវិញទៀត អន្តរាគមន៍​របស់​ក្រុម​អ្នក​ពន្លត់ភ្លើង​មានការ​យឺតយ៉ាវ​ដោយសារ​ប្រព័ន្ធ​សន្តិសុខ​របស់​ធនាគារ ដែល​រារាំង​ពួក​អ្នក​ពន្លត់ភ្លើង​មិន​អាច​ចូល​ទៅ កាន់​ជាន់​ផ្សេង​ៗ ។ ប្រព័ន្ធ​បែប​នេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​បណ្តា​ទីតាំង​ដែល​ការ​ពន្លត់ភ្លើង​ជាមួយ​ទឹក​អាច​ធ្វើ​ឱ្យ​ខូចខាត​ដល់​ឯកសារ​នានា ឬ​កុំព្យូទ័រ ។

យោង​តាម​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សង្គ្រោះ​បន្ទាន់ ERAWAN ដែល​ទទួល​បន្ទុក​ជួយ​ជន​រង​គ្រោះ​ថា ក្នុង​ចំណោម​អ្នក​ស្លាប់ ៥​នាក់ ស្លាប់​នៅ​នឹង​កន្លែង ហើយ​៣​នាក់​ទៀត​ៗ​ស្លាប់​នៅ​មន្ទីរពេទ្យ ។ ធនាគារ​នេះ​ប្រកាស​ថា ផ្នែក​ឯទៀត​នៃ​អគារ​ពុំ​រង​ការ​ប៉ះពាល់​ឡើយ រួច​នៅ​តែ​បើកទ្វារ ៕