អ្នកលេង Facebook រិះគន់ថា ហង្សមាសកំពុងទាញ ប្រជាប្រិយភាព ពេជ្រ សោភា ឲ្យធ្លាក់

ភ្នំពេញៈ ខណៈដែលកម្មវិធី The Voice Cambodia វគ្គ ២ ទើបតែចាប់ផ្តើម ដំណើរការ បាន២សប្តាហ៍ ដោយមើលទៅកម្មវិធី កំពុងតែទទួល បានការគាំទ្រ និងចាប់អារម្មណ៍ យ៉ាងច្រើនកុះករ ពីសំណាក់មហាជននោះ ស្រាប់តែនៅមុននេះ ប៉ុន្មានម៉ោង ម្ចាស់ Page «Troll The Voice Cambodia» បានធ្វើការរិះគន់ ខាងទូរទស្សន៍ហង្សមាសថា មានភាពលំអៀង មិនយកកូនក្រុម របស់តារាចម្រៀង ពេជ្រ សោភា ដែលជើងខ្លាំង មកចាក់ផ្សាយទេ ដោយយកតែបេក្ខជន បានទទួលការចុច ប៉ូតុង១កៅអី មកផ្សាយជាប់ៗគ្នា បង្ហាញពីកំសោយ ក្នុងការជ្រើសរើសកូនក្រុម ក្នុងបំណងចង់ឲ្យនាង ធ្លាក់ប្រជាប្រិយភាព ។

តាមរយៈម្ចាស់ Page «Troll The Voice Cambodia» បានសរសេរសាររិះគន់ យ៉ាងខ្លាំងៗទៅ លើស្ថានីយ៍ទូរទស្សន៍ ហង្សមាស រួមនិងកម្មវិធី The Voice Cambodia ថា « Copy ពីគេ និយាយតាមត្រង់ ហង្សមាសពិតជាលំអៀងខ្លាំងណាស់ មិត្តភក្តិរបស់ខ្ញុំបានទៅមើល ការផ្សាយផ្ទាល់ ពួកគាត់និយាយថា កូនក្រុមបងភា បាន៤កៅអីម្នាក់ ៣ កៅអីម្នាក់ ចុះហេតុអីកម្មវិធី The Voice 2 សប្តាហ៍ហើយ មិនយកកូនក្រុមបងភា ដែលខ្លាំងមក ចាក់ផ្សាយផង យកបេក្ខជនបាន ១ កៅអីដល់ទៅ ៥ នាក់ជាប់ៗគ្នា ។ រីឯកូនក្រុម Coach ឱក សុគន្ធកញា, ណុប ប៉ាយារិទ្ធិ, ឆន សុវណ្ណរាជ បានមួយកៅអីក៏មាន ហេតុអីមិនយកមកចាក់ នៅសប្តាហ៏ទី២នេះ »។

ប្រភពដដែលបានសរសេរបន្តទៀតថា « ធម្មតាវគ្គ Blind Audition ល្បីតែវគ្គដំបូងៗទេ បើហង្សមាសមិនយក កូនក្រុមសោភា ខ្លាំងៗមកចាក់ផ្សាយ មានន័យថា ហង្សមាសកំពុង តែទាញ សោភា ឲ្យធ្លាក់ប្រជាប្រិយភាព ។ ហង្សមាសលំអៀង ពេកហើយ សំណាងហើយ ដែលទស្សនិកជនមិនជេរ ពេជ្រ សោភា ព្រោះកូនក្រុមសុទ្ធតែសម្លេងល្អ អ្នកមើលបែរជា សរសើរ នូវការផ្តល់ឱកាស និងទឹកចិត្តដ៏កម្ររបស់គាត់ ទៅលើកូនក្រុមទៅវិញ ។ ទស្សនិកជនយកទៅគិតទៅថា ហេតុអីសប្តាហ៍ល្បីដំបូងៗគេ យកកូនក្រុមសោភា ៥នាក់បានតែមួយ កៅអីជាប់ៗគ្នា គឺគេចង់ជាន់គាត់អោយលិច ស្រុករំដួលធ្វើបាប តែអ្នកទន់ខ្សោយ Share ពីភាពលំអៀងនេះ ឲ្យគ្រប់គ្នាបានដឹងផង»។

ពាក់ព័ន្ធទៅនិង ការរិះគន់នេះដែល គេហទំព័រ Looking TODAY មិនអាចសុំការបកស្រាយ ពីខាងស្ថានីយ ទូរទស្សន៍ហង្សមាស និងម្ចាស់សាម៉ីខ្លួន អ្នកនាង ពេជ្រ សោភា ដើម្បីសាកសួរ ជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី ១៤ខែមីនាឆ្នាំ២០១៥នេះ។ ប៉ុន្តែយើងនៅតែស្វាគមន៍ ការបកស្រាយ របស់នាង ក៏ដូចជាខាងស្ថានីយទូរទស្សន៍ នៅពេលក្រោយ ៕

អ្នកលេង Facebook រិះគន់ថា ហង្សមាសកំពុងទាញ ប្រជាប្រិយភាព ពេជ្រ សោភា ឲ្យធ្លាក់

អ្នកលេង Facebook រិះគន់ថា ហង្សមាសកំពុងទាញ ប្រជាប្រិយភាព ពេជ្រ សោភា ឲ្យធ្លាក់